ហាមឃាត់អតីតប្រធានាធិបតីប្រេស៊ីល មិនឱ្យកាន់តំណែងសាធារណៈ ៨ឆ្នាំ
ប្រេស៊ីលា៖ អតីតប្រធានាធិបតីប្រទេសប្រេស៊ីល លោក Bolsonaro ត្រូវបានហាមឃាត់ មិនឱ្យកាន់តំណែងសាធារណៈ រហូតដល់ឆ្នាំ ២០៣០។
ចៅក្រមបានចោទប្រកាន់អតីតមេដឹកនាំរូបនេះថា បានផ្សព្វផ្សាយព័ត៌មានភូតកុហក អំពីការប្រជែងតំណែងប្រធានាធិបតី កាលពីឆ្នាំមុន។
អតីតប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro ត្រូវបានហាមឃាត់មិនឱ្យស្វែងរកមុខតំណែងសាធារណៈ រយៈពេលប្រាំបីឆ្នាំ បន្ទាប់ពីតុលាការសហព័ន្ធបាននិយាយថា លោកបានធ្វើការអះអាងដោយគ្មានមូលដ្ឋាន អំពីប្រព័ន្ធបោះឆ្នោតរបស់ប្រទេស និងបានបំពានអំណាចនៃប្រធានាធិបតី។
នៅក្នុងសេចក្តីសម្រេចមួយ កាលពីថ្ងៃសុក្រ សប្តាហ៍នេះ តុលាការបោះឆ្នោតជាន់ខ្ពស់របស់ប្រទេសប្រេស៊ីលបានរកឃើញថា លោក Bolsonaro បានបំពានច្បាប់បោះឆ្នោត នៅក្នុងការនាំមុខរហូតដល់ការប្រណាំងខែតុលា ឆ្នាំ ២០២២ ខណៈដែលពេលនោះ លោកនៅតែជាប្រធានាធិបតី។ ចៅក្រមបានលើកឡើងពីករណីមួយ កាលពីឆ្នាំមុន ដែលលោកបានកោះហៅអ្នកការទូតបរទេសមកព្រមានពួកគេអំពីភាពងាយរងគ្រោះ ដែលត្រូវបានចោទប្រកាន់នៅក្នុងប្រព័ន្ធបោះឆ្នោតអេឡិចត្រូនិករបស់ប្រទេស ដោយចៅក្រនហៅការអះអាងរបស់លោកលោក Bolsonaro ថា “កុហក និងព័ត៌មានមិនពិត”។
ចៅក្រមម្នាក់ ក្នុងចំណោមចៅក្រមទាំងប្រាំរូបដែលប្រឆាំងនឹងលោកអតីតប្រធានាធិបតី គឺលោក Benedito Goncalves បានថ្កោលទោសលោក Bolsonaro សម្រាប់ “ការភូតកុហកដ៏គួរឱ្យភ័យខ្លាច” និង “ការបោកបញ្ឆោត” ដែលលោកបាននិយាយថា មានគោលបំណង “ធ្វើឱ្យមានស្ថានភាពនៃការភ័យខ្លាចជាសមូហភាព” ក្នុងចំណោមអ្នកបោះឆ្នោត។
មេធាវីរបស់លោក Bolsonaro បានទទួលស្គាល់ថា លោកអតីតប្រធានាធិបតី នៅពេលនោះ “និយាយចំៗពេក” ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយអ្នកការទូត ប៉ុន្តែបាននិយាយថា លោកគ្រាន់តែធ្វើការដើម្បី “កែលម្អ” ប្រព័ន្ធបោះឆ្នោតរបស់ប្រទេស។ ក្រោយមក លោកបានតវ៉ានឹងសាលក្រម ដោយប្រាប់អ្នកសារព័ត៌មានថា លោក Bolsonaro ត្រូវបាន “ចាក់នៅខាងក្រោយ”៕ ប្រភពពី RT ប្រែសម្រួល៖ សារ៉ាត