លោក សាយ សំអាល់ អំពាវនាវការពង្រឹងផ្នែកសេវាកម្មអនាម័យក្នុងខេត្តព្រះសីហនុ (Video Inside)

ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រះសីហនុ លោក សាយ សំអាល់ បានអំពាវនាវការពង្រឹងផ្នែកសេវាកម្ម អនាម័យក្នុងខេត្តព្រះសីហនុ ដើម្បីការទាក់ទាញភ្ញៀវទេសចរន៍ជាតិ និងអន្តរជាតិ។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយគណៈកម្មាធិការបក្សឃុំចំនួន៧ គឺឃុំទឹកល្អក់ ឃុំទឹកថ្លា ឃុំសាមគ្គី ឃុំវាលរេញ ឃុំតានៃ ឃុំសំរុង និងឃុំជើងគោ នៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣, លោក សាយ សំអាល់ បានថ្លែងថា «ខឿនសេដ្ឋកិច្ចនៅក្នុងខេត្តព្រះសីហនុ គឺសមុទ្រ, ដូច្នេះសូមនាំគ្នាពង្រឹងខាងផ្នែកសេវាកម្ម អនាម័យ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិឱ្យមកកម្សាន្តបានកាន់តែច្រើន សាកសមជាខេត្តប៉ូលសេដ្ឋកិច្ចទី២របស់កម្ពុជា»។

ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រះសីហនុបានថ្លែងបន្តថា សមុទ្រកម្ពុជាបានផ្តល់ផលប្រយោជន៍ជាច្រើនពីធនធានធម្មជាតិ ដែលក្នុងនោះ រួមមានការផ្តល់ផលឱ្យវិស័យកសិកម្ម, ទេសចរណ៍, ឧស្សាហ៍កម្ម និងសេដ្ឋកិច្ចជាដើម។

លោកបានថ្លែង បញ្ជាក់ទៀតថា «ហេដ្ឋារចនាសម្ព័ន្ធនានា រោងចក្រសហគ្រាស កំពង់ផែ កាស៊ីណូជាដើម នៅក្នុងខេត្តព្រះសីហនុ សុទ្ធសឹងតែបង្កើតការងារឲ្យប្រជាពលរដ្ឋ និងជាសរសៃឈាមសេដ្ឋកិច្ច នៅក្នុងខេត្តព្រះសីហនុ»។

លោក សាយ សំអាល់ បានថ្លែងបង្ហាញថាខេត្តព្រះសីហនុក៏ដូចជាបណ្តាខេត្តទូទាំងប្រទេស បានទទួលសុខសន្តិភាព និងការអភិវឌ្ឍន៍ដូចបច្ចុប្បន្ន គឺដោយសារគណបក្សប្រជាជនកម្ពុជា ដែលបានគ្រប់គ្រងប្រទេសក្រោមការដឹកនាំដ៏ត្រឹមត្រូវភ្លឺស្វាងជាមួយនឹងចក្ខុវិស័យខ្ពង់ខ្ពស់បំផុត របស់សម្តេចតេជោ ហ៊ុន សែន។

លោកបានអំពាវនាវដល់ពលរដ្ឋក្នុងខេត្តត្រូវនាំគ្នាចេញទៅបោះ ឆ្នោតឱ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨។

ads banner