ក្មេងជំទង់ដែលត្រូវបានជួយសង្គ្រោះចេញពីរូងភ្នំថៃ ប្រារព្ធខួប ៥ឆ្នាំ

បាងកក៖ ក្រុមកីឡាករបាល់ទាត់វ័យក្មេងថៃ ដែលត្រូវបានជួយសង្គ្រោះចេញពីរូងភ្នំថាមលួង ភាគខាងជើងប្រទេសថៃ បានប្រមូលផ្តុំគ្នាដើម្បីប្រារព្ធខួប ៥ឆ្នាំនៃប្រតិបត្តិការដ៏គួរឱ្យភ្ញាក់ផ្អើល ប្រឆាំងនឹងអ្វីដែលមិនអាចទៅរួច។

ក្រុមកីឡាករបាល់ទាត់វ័យក្មេង ដែលត្រូវបានគេស្គាល់ថា ជាក្រុម “ជ្រូកព្រៃ” បានចូលទៅក្នុងរូងភ្នំថាមលួង ខេត្តឈៀងរ៉ៃ ភាគខាងជើងប្រទេសថៃ ក្នុងខែមិថុនា ឆ្នាំ២០១៨ ហើយបានបង្ហាញខ្លួនក្នុងពេល ១៨ថ្ងៃក្រោយមក ដោយទទួលបានការសាទរជាសកល បន្ទាប់ពីប្រតិបត្តិការអន្តរជាតិដ៏ក្លាហាន ដែលបានជួយសង្គ្រោះពួកគេចេញពីទឹកជំនន់ក្នុងរូងភ្នំ។ សូមរម្លឹកថា កាលពីឆ្នាំ ២០១៨ ក្មេងប្រុស ១២នាក់កាលនោះ ពួកគេមានអាយុត្រឹមចន្លោះ ១១ទៅ ១៦ឆ្នាំ ព្រមទាំងគ្រូបង្វឹកម្នាក់អាយុ ២៥ឆ្នាំ បាននាំគ្នាទៅលេងរូងភ្នំមួយ ដែលមានឈ្មោះថា ថាមលួង ក្នុងស្រុកម៉ែសៃ។

ពួកគេបានដើរលេងលុកលុយក្នុងរូងភ្នំ ចម្ងាយ ៧គីឡូម៉ែត្រ ដោយពួកគេមិនបានដឹងអំពីការធ្លាក់ភ្លៀងខ្លាំង ដែលបណ្តាលឱ្យទឹកលិចក្នុងរូងភ្នំឡើយ។ នៅពេលនោះ ពួកគេមានបំណងចាកចេញ ក៏ប៉ុន្តែត្រូវបានទឹកចាប់ផ្តើមលិចចូលពេញរូងភ្នំ និងបានលិចច្រកផ្លូវចេញរបស់ពួកគេ។ ដំណឹងនៃការបាត់ខ្លួន និងជាប់ក្នុងរូងភ្នំរបស់ពួកគេ ត្រូវបានផ្សព្វផ្សាយទូទាំងប្រទេសថៃ ដើម្បីបើកប្រតិបត្តិការជួយសង្គ្រោះ រហូតបេសសកម្មជួយសង្គ្រោះមួយនេះ បានល្បីរន្ទឺទូទាំងពិភពលោក និងទទួលបានជំនួយសង្គ្រោះពីអន្តរជាតិ។

ប្រតិបត្តិការជួយសង្គ្រោះជីវិតពួកគេ មានមនុស្សចូលរួមជាង ១០,០០០នាក់ ពីសមត្ថកិច្ច និងអ្នកជំនាញថៃ រួមជាមួយជនបរទេស ក្នុងការជួយសង្គ្រោះក្រុមក្មេងប្រុសទាំងអស់នោះ រយៈពេល ១៧ថ្ងៃនៃការរុករក និងរំដោះចេញបានសម្រេចពីរូងភ្នំ។ រឿងរ៉ាវនៃការជួយសង្គ្រោះមួយនេះ បានក្លាយជាហេតុការណ៍ដ៏ល្បីខ្លាំងបំផុតនៅលើពិភពលោក៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner