ចិនព្រមានពីវិបត្តិមនុស្សធម៌ ក្រោយអ៊ុយក្រែនយល់ព្រមទទួលយកជំនួយគ្រាប់បែកចង្កោមពីសហរដ្ឋអាមេរិក
ប៉េកាំង៖ ប្រទេសចិននៅថ្ងៃចន្ទនេះព្រមានថា ការផ្តល់ជំនួយគ្រាប់បែកចង្កោមដោយខ្វះការទទួលខុសត្រូវ អាចនាំឱ្យមានវិបត្តិមនុស្សធម៌ ក្រោយអាមេរិកបានយល់ព្រមលើការដឹកជញ្ជូនអាវុធប្រភេទនេះទៅឱ្យអ៊ុយក្រែន។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ ណីង ថ្លែងថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការផ្តល់ជំនួយគ្រាប់បែកចង្កោមទៅឱ្យអ៊ុយក្រែន បានទាក់ទាញការយកចិត្តទុកដាក់យ៉ាងទូលំទូលាយពីសហគមន៍អន្តរជាតិ ដោយប្រទេសជាច្រើនបានសម្តែងការប្រឆាំង។ ប៉ុន្តែប្រទេសចិនមិនថ្កោលទោសចំពោះការសម្រេចចិត្តបែបនេះទេ ជំនួសមកវិញដោយការកត់សម្គាល់ថា ការផ្ទេរគ្រាប់បែកចង្កោមដោយខ្វះការទទួលខុសត្រូវ អាចនាំឱ្យមានវិបត្តិមនុស្សធម៌។
លោកស្រីបានគូសបញ្ជាក់យ៉ាងដូច្នេះថា យើងគួរតែគ្រប់គ្រងដោយយុត្តិធម៌នូវក្តីកង្វល់ផ្នែកមនុស្សធម៌ និងតម្រូវការយោធា ព្រមទាំងសន្តិសុខស្របច្បាប់ ហើយរក្សាអាកប្បកិរិយាប្រុងប្រយ័ត្ន និងអត់ធ្មត់ចំពោះការផ្ទេរគ្រាប់បែកចង្កោម។
ក្រុមការងារផ្នែកមនុស្សធម៌បានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការផ្គត់ផ្គង់គ្រាប់បែកចង្កោមទៅឱ្យអ៊ុយក្រែន ពីព្រោះអាវុធប្រភេទនេះអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតជនស៊ីវិលជាច្រើនឆ្នាំទៅមុខទៀត។
ទាំងចិន និងសហរដ្ឋអាមេរិក មិនមែនជាប្រទេសហត្ថលេខីនៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម ដែលត្រូវបានហាមឃាត់ប្រើប្រាស់នោះទេ។ រីឯរុស្ស៊ីក៏មិនបានចុះហត្ថលេខាលើសន្ធិសញ្ញានេះដែរ ហើយការប្រើគ្រាប់បែកចង្កោមរបស់ខ្លួននៅអ៊ុយក្រែន ក៏បានទាក់ទាញការរិះគន់យ៉ាងខ្លាំងពីអន្តរជាតិផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា


