ស្លាប់ ២នាក់ និងរបួស ១០នាក់ ក្នុងហេតុការណ៍បាក់ស្ពានអាកាសនៅទីក្រុងបាងកក

បាងកក៖ មនុស្ស ២នាក់បានស្លាប់ និងប្រហែល ១០នាក់ទៀតរងរបួស នៅពេលដែលស្ពានអាកាសមួយកន្លែង ដែលកំពុងស្ថិតក្រោមការសាងសង់បានបាក់រលំនៅលើផ្លូវ Luang Phaeng ក្នុងសង្កាត់ Lat Krabang ទីក្រុងបាងកក កាលពីល្ងាចថ្ងៃចន្ទសប្តាហ៍នេះ។

ស្ពានអាកាសមួយកន្លែងដែលកំពុងស្ថិតក្រោមការសាងសង់ក្នុងទីក្រុងបាងកក បានបាក់រលំនៅម៉ោងប្រហែល៦ល្ងាចថ្ងៃចន្ទដើមសប្តាហ៍នេះ។ កំណាត់ផ្លូវប្រវែង ៥០០ម៉ែត្រនេះ ជាផ្នែកមួយនៃគម្រោងសាងសង់ផ្លូវហាយវេប្រវែង ២.២គីឡូម៉ែត្រក្នុងទីក្រុងបាងកក ដែលមានគោលបំណងសម្រួលចរាចរណ៍ ដែលមានការកកស្ទះយ៉ាងខ្លាំងនៅក្នុងទីក្រុង។

អភិបាលក្រុងបាងកក លោក Chadchart sittipunt បានប្រាប់អ្នកយកព័ត៌មានកាលពីល្ងាចថ្ងៃចន្ទ នៅឯកន្លែងកើតហេតុថា យើងនៅពុំទាន់ដឹងថា មូលហេតុអ្វីដែលនាំឱ្យកើតមានឧបទ្ទវហេតុនេះទេ។ យើងមិនទាន់មានព័ត៌មានណាមួយ អំពីអ្នកបាត់ខ្លួននៅឡើយទេ ខណៈដែលក្រុមអ្នកជួយសង្គ្រោះនឹងរង់ចាំវិស្វករវិភាគការបាក់រលំ មុនពេលចាប់ផ្តើមប្រតិបត្តិការ ប៉ុន្តែលោកថា យើងផ្តល់អាទិភាពដល់សុវត្ថិភាពជនរងគ្រោះជាមុន យើងនឹងចាប់ផ្តើមស្វែងរកពួកគេដោយប្រុងប្រយ័ត្ន។

សូមបញ្ជាក់ថា ប្រទេសថៃធ្លាប់មានកំណត់ត្រាសុវត្ថិភាពសំណង់មិនល្អ ដោយគ្រោះថ្នាក់តែងតែកើតមានជាញឹកញាប់។ តួយ៉ាង ក្នុងឆ្នាំ២០១៦ មនុស្សយ៉ាងតិច ១៣នាក់បានស្លាប់ បន្ទាប់ពីអគារមួយកន្លែងបានបាក់រលំ កំលុងពេលសាងសង់។ ឧបទ្ទវហេតុនេះ បាននាំឱ្យមានការតវ៉ាជាថ្មីពីក្រុមកម្មករ ដែលបានព្រមានជាយូរមកហើយ អំពីស្តង់ដារសុវត្ថិភាពធូររលុង និងប្រាក់ឈ្នួលទាបនៅការដ្ឋានសំណង់ថៃ៕ ប្រភព៖ AFP និងបាងកកប៉ុស្តិ៍ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner