ទីបំផុតតួកគីបើកឱកាសឱ្យស៊ុយអែតចូលអង្គការណាតូ
វីលនីញូស៖ តួកគី នៅថ្ងៃចន្ទនេះ បានបើកភ្លើងបៃតងអនុញ្ញាតឱ្យស៊ុយអែតចូលរួមជាមួយអង្គការណាតូ ដើម្បីបង្ហាញពីការរួបរួមរបស់សម្ព័ន្ធមិត្តនៅក្នុងកិច្ចប្រជុំកំពូលមួយ ដែលផ្តោតលើការគាំទ្រអ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។

ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្កាន់ បានអនុញ្ញាតឱ្យស៊ុយអែតចូលជាសមាជិកអង្គការណាតូហើយ ហើយយល់ព្រមបញ្ជូនពាក្យសុំចូលជាសមាជិកអង្គការណាតូរបស់ស៊ុយអែត ទៅកាន់សភាជាតិតួកគីដើម្បីផ្ដល់សច្ចាប័ន។ ក្រៅតែពីតួកគី ប្រទេសហុងគ្រីក៏បានជំទាស់នឹងសមាជិកភាពរបស់ស៊ុយអែតផងដែរ តែរដ្ឋាភិបាលហុងគ្រីធ្លាប់បាននិយាយថា ខ្លួននឹងគោរពតាមការសម្រេចចិត្តរបស់លោក អឺដូហ្កាន់។

ជាមួយគ្នានេះ អគ្គលេខាធិការអង្គការណាតូ លោក ជែន ស្ដូលធិនបឺគ បានគូសបញ្ជាក់យ៉ាងដូច្នេះថា ការចូលជាសមាជិករបស់ស៊ុយអែតក្នុងអង្គការណាតូ គឺជាជំហានជាប្រវត្តិសាស្ត្រមួយ ដែលផ្តល់ផលប្រយោជន៍ដល់សន្តិសុខរបស់សម្ព័ន្ធមិត្តណាតូទាំងអស់ ក្នុងពេលវេលាដ៏សំខាន់នេះ។ វាធ្វើឱ្យយើងទាំងអស់គ្នាកាន់តែរឹងមាំ និងមានសុវត្ថិភាពជាងមុន។ រីឯនាយករដ្ឋមន្ត្រីស៊ុយអែត លោក អ៊ូល គ្រីស្ទឺសុន បាននិយាយថា រូបលោកពិតជាសប្បាយរីករាយណាស់ ហើយសាទរថ្ងៃជោគជ័យសម្រាប់ស៊ុយអែត។

ចំណែករដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ លោកស្រី អ៊ែនណាឡេណា ប៊ែរបក តាមរយៈបណ្តាញសង្គម ក៏បានស្វាគមន៍ ហើយហៅការសម្រេចចិត្តរបស់តួកគីថា ជាដំណឹងល្អ។
ដោយឡែក ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលកំពុងមានវត្តមាននៅក្នុងទីក្រុងវីលនីញូស សម្រាប់កិច្ចប្រជុំកំពូលអង្គការណាតូដែរនោះ បាននិយាយថា ខ្ញុំទន្ទឹងរង់ចាំស្វាគមន៍លោកនាយករដ្ឋមន្ត្រី គ្រីស្ទឺសុន និងស៊ុយអែត ក្លាយជាសម្ព័ន្ធមិត្តរបស់អង្គការណាតូទី ៣២ របស់ពួកយើង៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា