លោក ស៊ី ជីនពីង និយាយថា រុស្ស៊ី និងចិនគួរតែដឹកនាំកំណែទម្រង់អភិបាលកិច្ចពិភពលោក
ប៉េកាំង៖ កាលពីថ្ងៃចន្ទ ទី១០ ខែកក្កដា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានលើកឡើងថា ប្រទេសចិន និងរុស្ស៊ីចាំបាច់ត្រូវដឹកនាំពិភពលោកក្នុងទិសដៅដែលត្រឹមត្រូវមួយ ដើម្បីធ្វើកំណែទម្រង់អភិបាលកិច្ចសកល។ លោក ស៊ី ក៏បានសាទរចំពោះភាពជាដៃគូរបស់ប្រទេសទាំងពីរនៅក្នុងកិច្ចប្រជុំជាមួយអ្នកនយោបាយកំពូលៗរបស់រុស្ស៊ីនៅទីក្រុងប៉េកាំង នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន។
ជាការកត់សម្គាល់ ទីក្រុងប៉េកាំង និងទីក្រុងម៉ូស្គូបានបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងទំនាក់ទំនងការទូតក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាមួយនឹងការផ្លាស់ប្តូរកាន់តែជិតស្និទ្ធ ពោលគឺចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីទៅលើទឹកដីអ៊ុយក្រែនកាលពីដើមឆ្នាំ២០២២។
ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា កាលពីថ្ងៃចន្ទ លោក ស៊ី បានជួបជាមួយលោកស្រី វ៉ាឡេទីណា ម៉ាតវីយ៉េនកូ (Valentina Matviyenko) ប្រធានក្រុមប្រឹក្សាសហព័ន្ធ និងជាប្រធានសភាជាន់ខ្ពស់របស់រុស្ស៊ី នៅឯសាលប្រជុំរបស់ប្រជាជន (Great Hall of the People)។ ក្នុងឱកាសនោះផងដែរ លោក ស៊ី បានមានប្រសាសន៍ថា ៖ «ការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាជម្រើសយុទ្ធសាស្ត្រ ដែលធ្វើឡើងដោយប្រទេសទាំងពីរ ផ្អែកលើផលប្រយោជន៍ជាមូលដ្ឋាន និងដើម្បីប្រជាជនរៀងៗខ្លួន»។
យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ៖ «ភាគីទាំងពីរត្រូវពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងយន្តការពហុភាគីដូចជា អង្គការសហប្រតិបត្តិការសៀងហៃ និងបណ្តាប្រទេស BRICS ធ្វើយ៉ាងណាដឹកនាំកំណែទម្រង់អភិបាលកិច្ចសកលឱ្យបានត្រឹមត្រូវ និងការពារផលប្រយោជន៍រួមរបស់ប្រទេសទីផ្សារដែលកំពុងរីកចម្រើន និងប្រទេសកំពុងអភិវឌ្ឍន៍»។
គួរដឹងដែរថា កាលពីថ្ងៃចន្ទ បណ្ដាមេដឹកនាំលោកខាងលិចបានជួបប្រជុំគ្នានៅក្នុងរដ្ឋធានីរបស់ប្រទេសលីទុយអានី នៅមុនពេលដែលកិច្ចប្រជុំកំពូលរបស់អង្គការណាតូប្រព្រឹត្តទៅ ដោយពួកគេបានរំពឹងថានឹងអាចបង្ហាញពីការរួបរួម និងស្រុះស្រួលគ្នាស្តីពីសមាជិកភាពនាពេលអនាគតរបស់អ៊ុយក្រែននៅក្នុងសម្ព័ន្ធមិត្តយោធាណាតូ។ ការរំពឹងទុកនេះ បានធ្វើឱ្យរុស្ស៊ីចេញប្រតិកម្ម និងខឹងសម្បារកាន់តែខ្លាំង។
ដោយឡែក ទីក្រុងប៉េកាំងបានឱ្យដឹងថា ខ្លួនជាភាគីអព្យាក្រឹតក្នុងសង្រ្គាម ប៉ុន្តែការបដិសេធក្នុងការថ្កោលទោសការឈ្លានពាននេះ បាននាំឱ្យសម្ព័ន្ធមិត្តជាច្រើនរបស់ទីក្រុងគៀវ (Kyiv) ចោទប្រកាន់ថា ខ្លួនពេញចិត្តនឹងទង្វើរបស់រុស្ស៊ី។ កាលពីថ្ងៃចន្ទ លោកស្រី ម៉ាតវីយ៉េនកូ បាននិយាយថា «ភាពជាដៃគូយុទ្ធសាស្ត្ររវាងទីក្រុងប៉េកាំង និងទីក្រុងម៉ូស្គូ បានឈានដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ហើយនឹងបន្តអភិវឌ្ឍជាបន្តបន្ទាប់ទៀត» នេះបើយោងតាមការរាយការណ៍របស់ទូរទស្សន៍ CCTV ។
លោកស្រីបានបន្ថែមថា ៖ «ជាក់ស្ដែង ដំណើរទស្សនកិច្ចកាលពីខែមីនារបស់លោក ស៊ី ទៅកាន់ទីក្រុងម៉ូស្គូ ដោយលោកបានជួបសមភាគីលោក វ្ល៉ាឌីមៀ ពូទីន និងបានជំរុញកាន់តែខ្លាំង ឆ្ពោះទៅរកការអភិវឌ្ឍទំនាក់ទំនងរុស្ស៊ី និងចិនកាន់តែប្រសើរ»។
លោក ស៊ី បាននិយាយថា ៖ «ប្រទេសចិនមានឆន្ទៈក្នុងការបន្តធ្វើការជាមួយប្រទេសរុស្ស៊ី ដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយ ផ្ដល់ជំនួយឱ្យគ្នាទៅវិញទៅមក សមាហរណកម្មស៊ីជម្រៅ ការបង្កើតថ្មី និងកិច្ចសហប្រតិបត្តិការរួមបញ្ចូលក្នុងយុគសម័យថ្មី»៕
ប្រែសម្រួលៈធា សុណា
ប្រភព៖ Channel NewsAsia Xi says Russia and China should ‘lead global governance reform’