អ្នកនាំពាក្យ៖ ការចុះសិក្សាឈ្វេងយល់ពីការធ្វើកំណាយស្រាវជ្រាវបុរាណ ជាការបណ្តុះគំនិតអ្នកបន្តវេនលើជំនាញបុរាណវិទ្យា

អត្ថបទដោយ៖
CPA

សៀមរាប៖ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថាការចុះសិក្សាឈ្វេងយល់ពីការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យារបស់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ គឺជាយុទ្ធសាស្រ្តក្នុងការបណ្តុះនូវគំនិតអ្នកបន្តវេនលើជំនាញបុរាណវិទ្យា។

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានប្រាប់ឱ្យដឹងដូចនេះកាលពីថ្ងៃទី១១ ខែកក្កដា បន្ទាប់ពីសិស្សានុសិស្សប្រមាណ១៥០នាក់មកពីវិទ្យាល័យចំនួនបី បានចុះសិក្សាឈ្វេងយល់ពីការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា នៅបរិវេណវត្តកោះកែវជុលាមុនីព្រះធម្មចេតិយ (ហៅវត្តចេតិយ) ស្ថិតក្នុងសង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប ដែលជាតំបន់បេតិភណ្ឌកាលពីថ្ងៃទី១០ ខែកក្កដា។

សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូទាំងនោះមកពី វិទ្យាល័យអង្គរ វិទ្យាល័យ១០មករា និងវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង។

លោក ឡុង កុសល បានថ្លែងថា នេះគឺជាយុទ្ធសាស្រ្តរបស់អាជ្ញាធរជាតិអប្សរា ដើម្បីបណ្តុះផ្នត់គំនិតអ្នកបន្តវេនលើជំនាញបុរាណវិទ្យា ជាពិសេសយើងចង់ឱ្យយុវជនបានយល់កាន់តែច្បាស់ថែមទៀតពីប្រភព ឬសគល់នៃវប្បធម៌របស់ខ្លួន ហើយឱ្យពួកគេអាចផ្ចង់ទិសដៅរបស់ខ្លួនសម្រាប់ការងារនាពេលអនាគត។

តាមរយៈអាជ្ញាធរជាតិអប្សរា ថ្ងៃទី១១ ខែកក្កដា លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល ផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា បានលើកឡើងថា អាជ្ញាធរជាតិអប្សរា ជាមួយដៃគូរអន្តរជាតិ មន្ទីរអប់រំ យុវជន និងកីឡា បានបង្កើតឱ្យមានកម្មវិធីអប់រំបេតិកភណ្ឌនេះដល់សិស្សានុសិស្សនៅតាមសាលាបឋមសិក្សា និងវិទ្យាល័យមួយចំនួន ដែលមានទីតាំងក្នុងតំបន់បេតិកភណ្ឌ ចាប់តាំងពីអំឡុងឆ្នាំ២០០៧មក។

លោកបានឱ្យដឹងដែរថា បន្ទាប់ពីការសិក្សានៅក្នុងថ្នាក់រៀនពីមូលដ្ឋានគ្រឹះទូទៅ សិស្សត្រូវចុះមកធ្វើទស្សនកិច្ចសិក្សានៅតាមទីតាំងផ្ទាល់ ដើម្បីស្វែងយល់បន្ថែមពីសំណង់សាសនា បេតិកភណ្ឌ និងការងារស្រាវជ្រាវនានា ដើម្បីទទួលចំណេះដឹងទូទៅ សម្រាប់ចូលរួមបន្តថែរក្សាតំបន់បេតិកភណ្ឌជាតិរបស់ខ្លួន។

លោក អ៊ឹម សុខរិទ្ធី បញ្ជាក់ថា ៖ «ការចុះមកធ្វើទស្សនកិច្ចសិក្សារបស់ប្អូនៗ ក្មួយៗសិស្សានុសិស្សនេះ ពិតជាមានសារសំខាន់ខ្លាំងណាស់ ព្រោះយើងចង់ឱ្យពួកគេស្វែងយល់ពីវិស័យវិទ្យាសាស្រ្តផ្សេងៗ ប្រើប្រាស់ក្នុងការស្រាវជ្រាវបុរាណវិទ្យា និងការងារអភិរក្សបេតិភណ្ឌទៅថ្ងៃខាងមុខកាន់តែមានភាពល្អប្រសើរ»។

ដោយឡែកនៅថ្ងៃទី១១ ខែកក្កដាដដែល អាជ្ញាធរជាតិអប្សរា, សាកលវិទ្យាល័យហាវ៉ៃ រួមនិងសាកលវិទ្យាល័យកាលីហ្វ័រញ៉ានៃសហរដ្ឋអាមេរិក បានសហការធ្វើកំណាយបុរាណវិទ្យាស្រាវជ្រាវរួមគ្នាមួយនៅទីទួលវិហារបុរាណស្ថិតនៅទិសនិរតីមិនឆ្ងាយប៉ុន្មានពីប្រាង្គប្រាសាទអង្គរវត្ត។

ការស្រាវជ្រាវនេះ ធ្វើឡើងដើម្បីសិក្សាអំពីទួលមនុស្សរស់នៅក្នុងទីក្រុងអង្គរផង ព្រមទាំងចង់ដឹងថា តើមានការផ្លាស់ប្ដូរអ្វីខ្លះនៅក្នុងសហគមន៍ទីក្រុងនៅពេលមានការផ្លាស់ប្ដូរសាសនា និងការប្តូរទីក្រុងពីតំបន់អង្គរទៅភាគខាងត្បូងផង។

លោក ហេង ពិភាល់ បុរាណវិទូនៃសាកលវិទ្យាល័យហាវ៉ៃ និងជាប្រធានគម្រោងស្រាវជ្រាវ បានឱ្យដឹងថា ការធ្វើកំណាយស្រាវជ្រាវពេលនេះ គឺធ្វើឡើងនៅលើរចនាសម្ពន្ធនៃខឿនព្រះវិហារបុរាណ។

លោកបានបញ្ជាក់ថា ៖ «រចនាបថសន្លឹកសីមាអាចឱ្យយើងកំណត់អាយុកាលទួលវិហារនេះទៅអំឡុងសតវត្សរ៍ទី១៤ ដល់ទី១៦ ដូច្នេះ ព្រះវិហារពុទ្ធសាសនាថេរវាទបុរាណនេះ គេកសាងនៅក្នុងបរិវេណប្រាសាទដែលឧទ្ទិសទៅដល់អាទិទេពធំនៃព្រហ្មញ្ញសានា គឺព្រះវិស្ណុ ឬព្រះនារាយណ៍»៕ ដោយ៖ បូរ ពេជ្រហ្សាលីន

ads banner