កម្ពុជា-អូស្ត្រាលី ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសៀវភៅស្តីពី «ការវិនិយោគនៅកម្ពុជា»
ភ្នំពេញ៖ សៀវភៅស្តីពីការវិនិយោគនៅកម្ពុជាកម្រាស់ជិត១០០ទំព័រដែលជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងរដ្ឋាភិបាលអូស្ត្រាលី ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជាបានលើកឡើងនាថ្ងៃទី១១ ខែកក្កដាថា កាលពីថ្ងៃទី១០ ខែកក្កដា លោក នីកូឡាស ម៉ូរ៉េ(Nicholas Moore) ប្រេសិតពិសេសរបស់អូស្ត្រាលីប្រចាំតំបន់អាស៊ីអាគ្នេយ៍ ជាមួយនឹងឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមគ្នាប្រកាសដាក់ឪ្យប្រើប្រាស់សៀវភៅស្តីពីការវិនិយោគនៅកម្ពុជា។

ស្ថានទូតអូស្ត្រាលីបានបន្តថា សៀវភៅណែនាំនេះ គឺជាសមិទ្ធផលនៃកិច្ចសហការយ៉ាងជិតស្និទ្ធរវាងប្រទេសអូស្ត្រាលី និងកម្ពុជា ក្នុងគោលបំណងជំរុញការវិនិយោគក្នុងប្រទេសកម្ពុជា ដោយពន្យល់ពីច្បាប់ និងដំណើរការសំខាន់ៗនៃការវិនិយោគ។
ប្រភពដដែលបញ្ជាក់ថា ៖ «សៀវភៅនេះដកស្រង់ខ្លឹមសារចេញពីបទពិសោធន៍ និងមេរៀនដែលវិនិយោគិនដែលបានឆ្លងកាត់ការវិនិយោគកន្លងមក ព្រមទាំងការចែករំលែកចំណេះដឹងពីតំណាងរដ្ឋាភិបាល ក៏ដូចជាវិស័យឯកជននៅកម្ពុជា។ សៀវភៅនេះផងដែរគឺជាការណែនាំជាក់ស្តែងសម្រាប់អ្នកវិនិយោគអូស្ត្រាលី និងបរទេសផ្សេងៗ ដែលកំពុងស្វែងរកឱកាសនៅក្នុងទីផ្សារកម្ពុជា ដោយផ្តោតជាពិសេសលើច្បាប់ស្តីពីការវិនិយោគ (LOI) ឆ្នាំ ២០២១»។

បើតាមការលើកឡើងពីស្ថានទូតអូស្រ្តាលី លោក Moore កំពុងបំពេញទស្សនកិច្ចនៅទីក្រុងភ្នំពេញ ក្នុងសប្តាហ៍នេះ ដែលជាផ្នែកមួយនៃការពិគ្រោះយោបល់ថ្នាក់តំបន់របស់លោក ដើម្បីអភិវឌ្ឍយុទ្ធសាស្ត្រសេដ្ឋកិច្ចតំបន់អាស៊ីអាគ្នេយ៍របស់រដ្ឋាភិបាលអូស្ត្រាលីដល់ឆ្នាំ ២០៤០។
តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ឯកឧត្តម សុខ ចិន្តាសោភា បានថ្លែងនាពិធីនោះដែរថា សៀវភៅស្តីពីការវិនិយោគនៅកម្ពុជា ជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាង ក.អ.ក. និងរដ្ឋាភិបាលអូស្ត្រាលី តាមរយៈគំនិតផ្តួចផ្តើមស្តីពីការវិនិយោគបរទេស និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តក្នុងតំបន់មេគង្គ។

ឯកឧត្តមបានថ្លែងនូវការកោតសរសើរចំពោះក្រុមការងាររៀបចំសៀវភៅស្តីពីការវិនិយោគនៅកម្ពុជាដែលបានរួមគ្នាចងក្រង និងធ្វើបច្ចុប្បន្នភាពព័ត៌មានគន្លឹះនានាសម្រាប់ជាពុទ្ធិដល់វិនិយោគិនដើម្បីសិក្សាស្វែងយល់ពីវឌ្ឍនភាពនៃបរិស្ថានវិនិយោគ ក៏ដូចជាកាលានុវត្តភាពវិនិយោគនៅកម្ពុជា។
ទន្ទឹមនឹងនោះដែរឯកឧត្តម សុខ ចិន្តាសោភា ក៏បានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលអូស្ត្រាលីដែលជានិច្ចកាលតែងតែចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេសលើគ្រប់វិស័យផងដែរ។
ទាក់ទងនឹងការដាក់ឱ្យប្រើប្រាស់សៀវភៅនេះដែរលោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី ១១ ខែកក្កដា ថា សៀវភៅនេះ មានសារៈសំខាន់ ខ្លាំងណាស់ ព្រោះវាបានបង្ហាញផ្លូវដល់អ្នកវិនិយោគនៅកម្ពុជា និងបរទេសឱ្យយល់ពីច្បាប់ និងការអនុវត្តច្បាប់ ក្នុងការធ្វើធុរកិច្ចនៅក្នុងប្រទេសកម្ពុជាឱ្យមានប្រសិទ្ធិភាព ។
លោកបានបញ្ជាក់ថា ៖ «សៀវភៅនេះ ជាមគ្គុទេ្ទសក៍សម្រាប់ណែនាំ និងបង្ហាញផ្លូវ ដល់អ្នកវិនិយោគស្វែងរកផ្លូវ កាន់តែប្រសើរថែមទៀត និងលើកទឹកចិត្តឱ្យពួកគាត់ មកវិនិយោគនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើន»៕ ដោយ៖ គឹម យុត្ថារ៉ូ