រដ្ឋមន្រ្តីក្រសួងការងារ៖ រដ្ឋាភិបាលនិងក្រសួងការងារតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បានលើកឡើងថា ក្រសួងតែងតែបានយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ ដែលកន្លងមកក្រសួងក៏បានខិតខំប្រឹងប្រែងអនុវត្តនូវផែនការមេស្តីពីសុវត្ថិភាព និងសុខភាព ការងារចំនួន២លើករួចមកហើយផងដែរ។
នេះជាការថ្លែងរបស់រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឯកឧត្តម អ៊ិត សំហេង នាព្រឹកថ្ងៃទី១១ ខែកក្កដា ក្នុងពិធីផ្សព្វផ្សាយផែនការមេលើកទី៣ស្តីពីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៣-២០២៧ នារាជធានីភ្នំពេញ ដោយមានការចូលរួមពីសហជីព អង្គការដៃគូ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
ស្ថានភាព ទីផ្សារការងារនៅកម្ពុជាមានភាព រឹងមាំ ដោយរក្សាបាននូវអត្រាមានការងារធ្វើខ្ពស់ប្រមាណ ៩៩,៣ភាគរយនៃកម្លាំងពលកម្មសរុបចំនួនប្រមាណ ១០,៨លាននាក់។បច្ចុប្បន្ន សហគ្រាស គ្រឹះស្ថាន សេដ្ឋកិច្ចក្នុងប្រព័ន្ធដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានចំនួន ១៧ ២៥៦ សហគ្រាស ដែលមានកម្មករ និយោជិត ចំនួន ១,៥លាននាក់។
ឯកឧត្តម អ៊ិត សំហេង បានថ្លែងថា ៖ «ផ្អែកលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួង បាន យកចិត្តទុកដាក់ខ្ពស់ណាស់ចំពោះបញ្ហាសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ ដូចដែលក្រសួង បាននិងកំពុងអនុវត្ត នៅក្នុងអាទិភាពទី១ នៃផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: គឺការអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ដែលក្នុងនោះ កម្មវិធីទី២ គឺពង្រឹងលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ»។
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានខិតខំប្រឹងប្រែងអនុវត្តនូវផែនការមេស្តីពី សុវត្ថិភាព និងសុខភាព ការងារចំនួន២លើករួចមកហើយ ដែលលើកទី១ ឆ្នាំ២០០៩-២០១៣ និងលើកទី២ ឆ្នាំ២០១៨-២០២២ ដើម្បីធានាឲ្យកាន់តែបាននូវស្ថិរភាពសន្តិសុខសង្គម និរន្តរភាពការងារ ប្រាក់ចំណូល និងភាពកក់ក្តៅក្នុងចិត្ត របស់កម្មករនិយោជិត។ នេះបើតាមការបញ្ជាក់បន្ថែមពីលោករដ្ឋមន្រ្តី។
តាមរយៈនៃការអនុវត្តប្រកបដោយជោគជ័យនូវផែនការមេទាំងពីរលើកនេះផែនការមេលើកទី៣ស្តីពីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៣-២០២៧ ត្រូវបានរៀបចំឡើងជាផែន ទីបង្ហាញផ្លូវ ដើ ម្បីអនុវត្តការងារបន្តដោយមានការចូលរួមពិគ្រោះ យោបល់ត្រីភាគីនិងភាគីពាក់ព័ន្ធដទៃទៀតរួមទាំងមន្ត្រីនៃនាយកដ្ឋានពេទ្យការងារ (DOSH) និងអង្គការអន្តរជាតិ ខាងការងារ(ILO)។
នាឱកាសនោះដែរលោក ទេព សុភ័ណ្ឌ នាយកគ្រប់គ្រងទូទៅនៃ CAMFEBA បានលើកឡើងដែរថា ការធានាបាននូវសុខមាលភាព សុវត្ថិភាពជូនចំពោះកម្មករនិយោជិត ជារឿងចាំបាច់ដែលត្រូវយកចិត្តទុកដាក់ដ៏សំខាន់មួយពីភាគីនិយោជក។
លោកបានបន្ដថា ផែនការមេលើកទី៣ស្តីពីសុវត្ថិភាពនិងសុខភាពការងារ២០២៣-២០២៧ ដែលដាក់ឱ្យប្រើប្រាស់នៅពេលនេះនឹងក្លាយជាយន្តការត្រួសត្រាយគោលនយោបាយជាអាទិភាព និងវិធានការចាំបាច់នានានៅក្នុងការបន្តការលើកកម្ពស់សុខភាព និងសុវត្ថិភាពដល់កម្មករនិយោជិក។
លោក ទេព សុភ័ណ្ឌ បានថ្លែងថា ៖ «យើងឃើញថាបច្ចុប្បន្ននេះ កម្ពុជាមិនទទួលបានហានិភ័យ និងផលប៉ះពាល់ខ្លាំងពេកទេទៅលើស្ថានភាពនៃសុខភាពពីការការរាលដាលមេរោគកូវីដ១៩។ ដូចនេះយើងស្នើសុំក្រសួងការងារអាចបើកដំណើរការសារឡើងវិញនូវសេវាពិនិត្យសុខភាពនៅនឹងពេទ្យការងារ»។
ជាការឆ្លើយតបនឹងការស្នើឡើងពីលោក ទេព សុភ័ណ្ឌទាក់ទងនឹងការបើកឡើងវិញនូវសេវាពិនិត្យសុខភាពនៅនឹងពេទ្យការងារនេះដែដែរ ឯកឧត្តម អ៊ិត សំហេង បានយល់ព្រមចំពោះសំណើនេះ និងសំណើមួយចំនួនទៀតផងដែរ។
ចំណែក លោក ទុន សុភ័ណ មន្រ្តីសម្របសម្រួលថ្នាក់ជាតិនៃអង្គការអន្តរជាតិខាងការងារ (ILO-Cambodia)បានប្រាប់ឱ្យដឹងផងដែរថាILO គាំទ្រឱ្យមានវិធានការផ្នែកស្តង់ដារសុខភាព សុវត្ថិភាពនេះនៅគ្រប់កន្លែងធ្វើការ ហើយកម្ពុជាក៏បានធ្វើការងារនេះយូរមកហើយដែរ ហើយក៏មានការវិវឌ្ឍន៍ផ្លាស់ប្តូរច្រើនផងដែរ។
លោកមានប្រសាសន៍ថា ៖ «យើងឃើញថាមានការផ្លាស់ប្តូរច្រើន ដោយក្នុងនោះយើងឃើញកម្មករនិយោជិកមានការយល់ដឹងច្រើនពីហានិភ័យនៅកន្លែងធ្វើការ ហើយនឹងការរៀបចំធ្វើយ៉ាងណាឱ្យកន្លែងធ្វើការមានភាពស្អាតបាត សុវត្ថិភាព និងមានសុខភាពល្អ ដែលទាំងនេះជាការផ្លាស់ប្តូរមួយដ៏ធំផងដែរ»។
សូមបញ្ជាក់ដែរថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានខិតខំប្រឹងប្រែងអនុវត្តនូវផែនការមេស្តីពី សុវត្ថិភាព និងសុខភាព ការងារចំនួន២លើករួច មកហើយ ដែលលើកទី១ ឆ្នាំ២០០៩-២០១៣ និងលើកទី២ ឆ្នាំ២០១៨-២០២២ ដើម្បីធានាឲ្យកាន់តែបាននូវស្ថិរភាព សន្តិសុខសង្គម និរន្តរភាព ការងារ ប្រាក់ចំណូល និងភាពកក់ក្តៅក្នុងចិត្ត របស់កម្មករនិយោជិត៕
ដោយ៖នាង សុគន្ធា
