ទេសាភិបាលរងធនាគារជាតិ៖ការស្នើសុំរបស់កម្ពុជាក្នុងការចូលជាសមាជិករបស់ប្រព័ន្ធទូទាត់CIPS នៃធនាគារកណ្តាលចិន ត្រូវការពេលវេលា
ភ្នំពេញ៖ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លោកជំទាវ ជា សិរី បានប្រាប់ឱ្យដឹងថា ចំពោះការចូលជាសមាជិករបស់កម្ពុជាទៅក្នុងប្រព័ន្ធទូទាត់ CIPS របស់ធនាគារកណ្តាល នៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវការចំណាយពេលវេលាយូរបន្ថែមទៀត ដោយសារតែខាងធនាគារកណ្តាលចិននេះ មានលក្ខខណ្ឌតម្រូវច្រើនសម្រាប់ការចូលជាសមាជិក។
លោកជំទាវបានប្រាប់បែបនេះក្នុងពេលផ្តល់សម្ភាសន៍ដល់អ្នកសារព័ត៌មាន បន្ទាប់ពីកម្មវិធីចុះអនុស្សរណៈយោគយល់គ្នា (MoU)ស្តីពីកិច្ចសហប្រតិបត្តិការទូទាត់សងប្រាក់ឆ្លងដែនតាមQR-Codeរវាងធនាគារជាតិនៃកម្ពុជានិងក្រុមហ៊ុនUnionPay International កាលពីល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។
លោកជំទាវបានបញ្ជាក់ថា ៖ «ខ្ញុំបានទៅប្រទេសចិន ហើយក៏បានពិភាក្សាជាមួយទេសាភិបាលរងធនាគារកណ្តាលចិន ហើយក្រុមការងារយើងក៏បានពិភាក្សាថ្នាក់បច្ចេកទេសដែរ គឺទាមទារពេលវេលាយូរ ដោយសារតែលក្ខខណ្ឌរបស់គេមានច្រើនជាងអ្វីដែលយើងរំពឹងទុក។ដូច្នេះយើងត្រូវធ្វើការជាមួយគេបន្តទៀត ដើម្បីធ្វើយ៉ាងណាឱ្យយើងអាចបំពេញលក្ខខណ្ឌការងារនេះបាន និងអាចក្លាយទៅជាសមាជិក»។
លោកជំទាវបានបញ្ជាក់ទៀតថា ក្រុមការងារធនាគារជាតិ កំពុងរិះរកវិធី ដើម្បីអាចចូលរួមក្នុងប្រព័ន្ធទូទាត់នៃធនាគារកណ្តាលរបស់ចិននេះ ប៉ុន្តែក្នុងអំឡុងពេល នៃការជជែកពិភាក្សាជាមួយធនាគារកណ្តាលរបស់ចិន ធនាគារជាតិនៃកម្ពុជា ក៏មានគម្រោងតភ្ជាប់ដោយប្រយោលជាមួយធនាគារធំណាមួយនៅប្រទេសចិនសិនទម្រាំបានឡើងទៅផ្ទាល់ជាមួយធនាគារកណ្តាលចិន។
បើតាមលោកជំទាវ ជា សិរី ការចូលជាសមាជិក CIPS នឹងផ្តល់អត្ថប្រយោជន៍ ជាច្រើនដល់កម្ពុជាដូចជា ផ្តល់ជាជម្រើសបន្ថែមក្នុងការទូទាត់ទៅកាន់ពិភពលោក និងតំបន់, សម្រួល និងជំរុញពាណិជ្ជកម្មការវិនិយោគ និងទេសចរណ៍ ជាពិសេសពាណិជ្ជកម្មទ្វេភាគីជាមួយប្រទេសចិន និងប្រទេសទទួលការទូទាត់ជាប្រាក់យ៉ន់និងសម្រួលការវិនិយោគទុនបម្រុងអន្តរជាតិ របស់កម្ពុជាជាប្រាក់យ៉ន់។
ទាក់ទងនឹងការចូលជាសមាជិករបស់ប្រព័ន្ធទូទាត់នៃធនាគារកណ្តាលចិន CIPS នេះ លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងឱ្យដឹងដែរថា កម្ពុជា គួរតែចូលជាសមាជិករបស់ប្រព័ន្ធទូទាត់អន្តរជាតិនានាឱ្យបានច្រើនកាន់តែល្អ។
លោកបានបន្តថា ៖ «ចូលជាសមាជិករបស់ប្រព័ន្ធទូទាត់អន្តរជាតិនេះមានប្រយោជន៍ ដោយអាចចៀសវាងការបិទនូវលំហូរសាច់ជាលុយដុល្លារ ដោយយើងដឹងហើយថាបច្ចុប្បន្ននេះការទូទាត់លុយដុល្លារ ប្រើប្រាស់តាមBank of America គឺប្រព័ន្ធទូទាត់អាមេរិក។ ដូចនេះសហរដ្ឋអាមេរិក អាចនឹងធ្វើការបិទនូវលំហូរសាច់ប្រាក់អន្តរជាតិដែលធ្វើឱ្យប្រទេសផ្សេងជួបវិបត្តិ។ ចំណុចនេះគេហៅថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក»។
លោក គី សេរីវឌ្ឍន៍ បានបន្ថែមទៀតថា ការចូលជាមួយប្រព័ន្ធទូទាត់របស់ចិន ក៏ជាជម្រើសល្អមួយដែរ សម្រាប់លំហូរសេដ្ឋកិច្ចនៅពេលមានវិបត្តិផ្សេងៗកើតមានឡើង ជាពិសេសដោយសារទំនាក់ទំនងសេដ្ឋកិច្ចកម្ពុជា និងចិន កាន់តែធំ និងរឹងមាំ ខណៈដែលចិនជាប្រទេសនាំចេញបំផុតលើសកលលោក។
លោកថា ៖ «ដូចនេះ ការចូលជាសមាជិករបស់ប្រព័ន្ធទូទាត់នៃធនាគារកណ្តាលចិន CIPS នឹងជួយសម្រួលដល់ពាណិជ្ជកម្មមកកម្ពុជាកាន់តែច្រើន ហើយអាចធ្វើការទូទាត់ប្រាក់យ៉ន់ លើការទូទាត់អន្តរជាតិផងដែរ»។
សូមជម្រាបថា ប្រព័ន្ធទូទាត់ CIPS គឺជាប្រព័ន្ធទូទាត់ថ្នាក់អន្តរជាតិ ដូចទៅនឹងប្រព័ន្ធ SWIFT ដែរ ដែលលផ្តល់នូវសេវាផាត់ទាត់ និងទូទាត់សម្រាប់សមាជិក ដើម្បីទូទាត់ឆ្លងព្រំដែនជាប្រាក់យ៉ន់ចិន។ ការទូទាត់ឆ្លងដែន គឺជាសេវាដែលអនុញ្ញាតឱ្យអតិថិជនដែលប្រើប្រាស់សេវាក្នុងប្រទេសមួយ អាចផ្ទេរតាមរយៈប្រព័ន្ធអេឡិចនូវសាច់ប្រាក់ពីគណនីរបស់ខ្លួនទៅកាន់អ្នកលក់ដែលប្រើប្រាស់សេវាហិរញ្ញវត្ថុនៅប្រទេសផ្សេងទៀតបាន។
CIPS ត្រូវបានបង្កើតឡើងដោយធនាគារកណ្តាលចិននៅឆ្នាំ ២០១៥ ហើយសមាជិកដំបូងរបស់ CIPS មានសមាជិកផ្ទាល់ ២៧ និងសមាជិកប្រយោល ៤០០ គ្រឹះស្ថានហិរញ្ញវត្ថុ។
បច្ចុប្បន្ន CIPS មានសមាជិកផ្ទាល់ចំនួន ៧៦ និងសមាជិក ១ ២៦៥ គ្រឹះស្ថាន ដែលក្នុងនោះមកពីតំបន់អាស៊ីចំនួន ៩៦៥, ទ្វីបអឺរ៉ុប ១៨៥, ទ្វីបអាហ្វ្រិក ៤៦, អាមេរិកខាងជើង ២៩, ទ្វីបអូសេអានី ២៣ និងអាមេរកខាងត្បូង ១៧ ដែលមកពីប្រទេសចំនួន ១០៦ ប្រទេស៕
ដោយ៖វណ្ណ សុជាតា

