ក្រសួងសាធារណការកំពុងពិនិត្យមើលលទ្ធភាពលើការប្រើប្រាស់ប្រព័ន្ធចាប់ទីតាំងសម្រាប់គ្រប់គ្រងចរាចរណ៍នៅកម្ពុជា
ភ្នំពេញ៖ ក្រសួងសាធារណការនិងដឹកជញ្ជូនកំពុងពិនិត្យមើលលទ្ធភាពលើកកិច្ចសហការជាមួយក្រុមហ៊ុនចិន ក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាចាប់ទីតាំង Satellite Beidou សម្រាប់គ្រប់គ្រងចរាចរណ៍។
យោងតាមក្រសួងសាធារណការនិងដឹកជញ្ជូនបានឱ្យដឹងកាលពីថ្ងៃទី១០ខែកក្កដាថា មន្រ្តីជាន់ខ្ពស់នៃក្រសួងនេះបានពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុនសាជីវកម្ម China Great Wall Industry Corporation (CGWIC) ពីការសហប្រតិបត្តិការប្រព័ន្ធបច្ចេកវិទ្យាចាប់ទីតាំង Satellite Beiduoនេះ កាលពីសប្តាហ៍មុន។ក្នុងកិច្ចពិភាក្សានេះ ក្រុមហ៊ុនសាជីវកម្ម CGWIC បានធ្វើបទបង្ហាញ និងស្នើសុំពិភាក្សាពិនិត្យលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យានេះ ដើម្បីចូលរួមចំណែកក្នុងការស្វែងរកដំណោះស្រាយលើការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិត និងការបើកបរហួសល្បឿនកំណត់ដោយច្បាប់។
ប្រភពដដែលបន្តថា ៖ «តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់នៃប្រព័ន្ធ Satellite BeiDou នឹងផ្តល់ដង្ហើមជីវិតថ្មីទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា សមស្របជាមួយនឹងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិនផងដែរ»។
ដោយឡែក លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី១១ ខែកក្កដាថា ការប្រើប្រាស់ប្រព័ន្ធ Satellite Beidou របស់ក្រុមហ៊ុនចិន ដែលចង់ឱ្យកម្ពុជាធ្វើការពិនិត្យមើលលទ្ធភាពក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានេះ សម្រាប់លោកមិនទាន់សិក្សាស្រាវជ្រាវច្បាស់ពីប្រព័ន្ធនេះនូវឡើយទេ។
លោកបានបន្តថា ប៉ុន្តែជារួមស្ថិតក្នុងដំណាក់កាលដែលកម្ពុជា រួមទាំងបណ្ដាប្រទេសផ្សេងៗទៀត កំពុងដើរតាម និងមានភាពរីកចម្រើនផ្នែកប្រព័ន្ធបច្ចេកវិទ្យា និងមានការរីកចម្រើនផ្នែកនេះផងដែរ កម្ពុជាគួរតែមានលទ្ធភាព និងពិនិត្យមើលថា អាចប្រើប្រាស់មធ្យោបាយ ឬក៏ប្រើប្រាស់វិធីសាស្ត្រប្រព័ន្ធបច្ចេកវិទ្យាទំនើប ដើម្បីជម្រុញស្ដីពីការគ្រប់គ្រងចរាចរណ៍ ក៏ដូចជាការកាត់បន្ថយភាពកក់ស្ទុះចរាចរណ៍ ជាពិសេសគឺការកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលកំពុងកើតឡើងសព្វថ្ងៃនេះតែម្ដង។
លោក គឹម បញ្ញា បានបញ្ជាក់ថា ៖ «ទោះបីជាខ្ញុំមិនទាន់ស្វែងយល់អំពីប្រព័ន្ធបច្ចេកវិទ្យានេះ ប៉ុន្តែខ្ញុំគាំទ្រជាគោលការណ៍ ហើយខ្ញុំក៏សង្ឃឹមថាយើងក៏នឹងសិក្សាឱ្យបានល្អិតល្អន់មុនពេលដែលយើងយកមកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជារបស់យើង ពីព្រោះមិនមែនប្រព័ន្ធបច្ចេកវិទ្យារបស់ប្រទេសនានា សុទ្ធតែអាចយកមកអនុវត្តនៅកម្ពុជាយើងនោះទេ»៕
ដោយ៖ជា សុខនី

