ប្រធានសភាពាណិជ្ជកម្មកម្ពុជា ស្នើអូស្រ្តាលីឱ្យបង្កើតការិយាល័យពាណិជ្ជកម្មអូស្ត្រាលី នៅកម្ពុជា​

ភ្នំពេញ៖ ប្រធានសភាពាណិជ្ជកម្មកម្ពុជា(CCC)បានស្នើអូស្រ្តាលីឱ្យបង្កើតការិយាល័យពាណិជ្ជកម្មអូស្ត្រាលី (AusTrade)នៅកម្ពុជា​ ខណៈកម្ពុជាបានបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មនៅអូស្រ្តាលី ចំនួនពីរ រួចមកហើយ ។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងបែបនេះ​នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣​ ក្នុងកម្មវិធីជួបជុំសំណេះសំណាលរវាងវិស័យឯកជនកម្ពុជានិងបេសកជនពិសេសរបស់អូស្ត្រាលីសម្រាប់តំបន់អាស៊ីអាគ្នេយ៍ គឺ លោក នីកូឡាស មូ (Nicolas Moore) ដែលបានប្រព្រឹត្តទៅនៅនិវេសនដ្ឋានឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ដោ​យចូលរួមពីមន្ត្រីជាន់ខ្ពស់អូស្ត្រាលី សមាជិកសភាពាណិជ្ជកម្មកម្ពុជា តំណាងសភាពាណិជ្ជកម្មអន្តរជាតិ សមាគមពា​ណិជ្ជកម្ម និងក្រុមហ៊ុនកម្ពុជាផងដែរ។

យោងតាមសេចក្តីប្រកាសព័ត៌មាន​របស់​សភាពាណិជ្ជកម្មកម្ពុជា (CCC ) ស្តីពីការជំនួបនេះអ្នកឧកញ៉ា គិត ម៉េង បានលើកឡើង​ថា ៖ «ដោយសារតែពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងអូស្ត្រាលី បន្តកើនឡើងជានិច្ច និងទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-អូស្ត្រា​លី ណូវែលសេឡង់ និងកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់។ ដូចនេះយើងស្នើឱ្យរដ្ឋាភិបាលអូស្ត្រា​លីបង្កើតការិយាល័យពាណិជ្ជកម្មអូស្ត្រាលី (AusTrade) នៅកម្ពុជា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស្អិតរមួត»។

អ្នកឧកញ៉ាបានបន្តថា បច្ចុប្បន្នមាន ក្រុមហ៊ុនអូស្ត្រាលីជាច្រើនកំពុងប្រកបអាជីវកម្មនៅកម្ពុជា ហើយសភាពាណិជ្ជគាំទ្រដល់ពាណិជ្ជកម្ម​ និងវិនិយោគរវាងប្រទេសទាំងពីរ ទៅលើគ្រប់វិស័យ ជាពិសេស កសិកម្ម សុខាភិបាល ធនធាន និងវិស័យអប់រំ។ ក្នុងន័យនេះ សភាពាណិជ្ជកម្មកម្ពុជា នឹងរៀបចំទស្សនកិច្ចធុរកិច្ចទៅកាន់អូស្ត្រាលី និងស្វាគមន៍គណៈប្រតិភូធុរកិច្ចអូស្ត្រា​លី បំពេញទស្សកិច្ចនៅកម្ពុជា។

អ្នកឧកញ៉ាបានបន្តថា ការដាក់ចេញនូវយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ឆ្នាំ២០៤០ របស់រដ្ឋាភិបាលអូស្ត្រាលី ក្នុងការដៅយកកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគដែលកំពុងស្ទុះឡើង ហើយអាស៊ាន គឺជាកន្លែងសម្រាប់ធ្វើធុរកិច្ចនាពេលអនាគត ដោយមានកំណើនសេដ្ឋកិច្ចលឿនជាងគេក្នុងពិភពលោកជាមួយនឹងប្រជាជនសរុបជាង ៦៦០ លាននាក់ និងផលទុនជាតិសរុប ៣,៦៦ ទ្រីលានដុល្លារ។ ជាពិសេសជាងនេះទៀតកម្ពុជា គឺស្ថិតនៅចំកណ្តាលនៃតំបន់នេះ។

អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ យល់ឃើញថា មិនយូរមិនឆាប់ អូស្រ្តាលីនឹងបង្កើតឱ្យ​មា​នការិយាល័យពាណិជ្ជកម្មអូស្ត្រាលី (AusTrade) នៅកម្ពុជា ជាក់ជាមិនខាន ដោយសារតែទំនាក់ទំនងការទូត និងពាណិជ្ជកម្មដ៏ល្អិតរមួតប្រទេសទាំងពីរ ដែលមានជាយូរមកហើយ។

លោកបាន​ប្រាប់​ថា កត្តាដែលអាចនឹងជំរុញឱ្យអូស្រ្តាលី នឹងបើកការិយាល័យតំណាងពាណិជ្ជកម្មនៅកម្ពុជានោះ គឺដោយសារតែកម្ពុជាយើងមានតំណាងការិយាល័យសភាពាណិជ្ជកម្មនៅអូស្រ្តាលីស្រាប់ ហើយកិច្ចសហការផ្នែកពាណិជ្ជកម្មរវាងប្រទេសទាំងពីរក៏មានជាយូរមកហើយដែរ ហើយប្រទេសយើងទាំងពីរ ក៏មានសម្ព័ន្ធមិត្តជិតស្និទ្ធជាមួយប្រទេសអាមេរិក និងអឺរ៉ុបខាងលិចផងដែរ។ ដូច្នេះ លោកយល់ថា មិនមានឧបសគ្គណា ដែលរាំរាំងអូស្រ្តាលីមិនឱ្យបើកការិយាល័យពា​ណិជ្ជកម្មរបស់ខ្លួននៅប្រទេសយើងនោះទេ។

បើតាមសភាពាណិជ្ជកម្មកម្ពុជា សព្វថ្ងៃនេះ ប្រទេសអូស្រ្តាលីមានការិយាល័យតំណាងពាណិជ្ជកម្មនៅទីក្រុងហាណូយ​ប្រទេសវៀតណាម ទើបសភាពាណិជ្ជកម្មចង់ឱ្យអូស្រ្តាលីបើកមួយទៀតនៅកម្ពុជា។

យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា នៅឆមាសទី១ ឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអូស្រ្តាលីសម្រេចបានក្នុងទំហំទឹកប្រាក់ ជាង២៥៨លានដុល្លារ។ ក្នុងនោះការនាំចេញទៅអូស្រ្តាលីស​ម្រេ​ចបានក្នុងទឹកប្រាក់ជាង១៨០លានដុល្លារ​ ថយចុះ០,៤ភាគរយ ខណៈដែលនាំចូលពីអូស្រ្តាលីមកវិញមានទឹកប្រាក់ជាង៧៧លានដុល្លារ កើនឡើង០,៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២៕

ដោយ៖វណ្ណ សុជាតា

ads banner