រមណីយដ្ឋានទឹកធ្លាក់ស្រែអំពិល កាន់តែកែប្រែមុខមាត់ថ្មីក្រោមការកសាងពីក្រ សួងបរិស្ថាន ដែលយកថវិកាពីការលក់កាបូន
កំពង់ឆ្នាំង៖ អាគារ និង ហេដ្ឋារចនាសម្ព័ន្ធ ជាច្រើនត្រូវបានកសាងស្ទើតែរួចរាល់ជាស្ថាពរហើយនៅក្នុងតំបន់ទឹកធ្លាក់ស្រែអំពិល ធ្វើឱ្យតំបន់ទឹកធ្លាក់ធម្មជាតិមួយនេះបានកែប្រែមុខមាត់ថ្មី និងមានលក្ខណៈបច្ចេកទេស ត្រឹមត្រូវតាមស្តង់ដា តំបន់ធម្មជាតិដ៏ស្រាប់បំព្រងមួយនេះ ស្ថិតនៅក្នុងភូមិក្តុល ឃុំសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
លោក ម៉ឹង វិសាលសុខ មេឃុំក្តុលសែនជ័យ បានបញ្ជាក់នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០២៣នេះថា រាល់ហេដ្ឋារចនាសម្ព័ន្ធ ដែលកំពុងកសាងបានប្រមាណ ៩០% នាពេលបច្ចុប្បន្ន គឺជាការជួយឧបត្ថម្ភរបស់ក្រសួងបរិស្ថាន ហើយកាលពីថ្ងៃទី៩ ខែកក្កដា កន្លងទៅនេះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានអញ្ជើញមកពិនិត្យការកសាង សមិទ្ធផលនានា ក្នុងតំបន់ទឹកធ្លាក់ស្រែអំពិលនេះ ។ការរៀបចំកែប្រែ និងកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីនេះ គឺដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន។
ស្របតាមគោលនយោបាយរាជរដ្ឋាភិបាលការអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់ទឹកដី ដែលជាគោលដៅទេសចរល្អឯកប្រកបដោយការទទួលខុសត្រូវមាននិរន្តរភាព ដោយការសាងសង់តូបលក់ម្ហូបអាហារ ខ្យុះសម្រាប់អង្គុយលំហែរកំសាន្ត កសាងបន្ទប់ទឹក ចំណតម៉ូតូ ចំណតរថយន្ត កន្លែងបោះតង់ កែលម្អ និងរៀបចំសួនច្បារផ្លូវថ្មើជើង ដោយមានជណ្ដើរឡើងចុះ ឲ្យមានសោភ័ណភាពសំដៅទាក់ទាញភ្ញៀវទេសចរណ៍ឲ្យមកទស្សនាកំសាន្តកាន់តែច្រើនឡើងថែមទៀត។
សមិទ្ធិផលទាំងនេះក៏ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍ក៏ដូចជាការកាត់បន្ថយការពឹងអាស្រ័យផលនិងអនុផលព្រៃឈើ និង ការបរបាញ់សត្វព្រៃជាដើម ។
ក្នុងផេកផ្លូវការរបស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ក៍បានបញ្ជាក់ដែរថា ក្រសួងបរិស្ថានបានរៀបចំហេដ្ឋារចនាសម្ព័ន្ធជូនសហគមន៍ គឺដើម្បីឲ្យបងប្អូនប្រកបមុខរបរដោយនិរន្តរភាពនិងការទទួលខុសត្រូវ នេះគឺជាការកែប្រែជីវភាពជាក់ស្ដែងរបស់ប្រជាសហគមន៍នៅនឹងកន្លែង ។
ក្រសួងបរិស្ថានបានគូសបញ្ជាក់ជូនថា ថវិកាក្នុងការកែប្រែហេដ្ឋារចនាសម្ព័ន្ធនៅក្នុងរមណីយដ្ឋានទឹកធ្លាក់ស្រែអំពិលគឺបានមកពីការលក់កាបូនផងដែរ ។
សង្ឃឹមថា ក្រោយពីការកសាងនិងកែប្រែហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ទឹកធ្លាក់ស្រែអំពិល រួចរាល់ជាស្ថាពរហើយ តំបន់ទឹកធ្លាក់ធម្មជាតិមួយនេះនឹងកែប្រែមុខមាត់ថ្មីស្រស់បំព្រង ប្រកបដោយគុណភាព សោភណ្ឌភាព បរិស្ថានតាមស្តង់ដា និងមានភ្ញៀវទៅទស្សនាកាន់តែច្រើនឡើងជាមិនខាន៕
សុខ គឹមសៀន







