លោក ប្រាយុទ្ធ ចាន់អូចា ប្រកាសចូលនិវត្តន៍ពីឆាកនយោបាយ
បាងកក៖ លោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសចូលនិវត្តន៍ពីឆាកនយោបាយហើយ ប៉ុន្តែរូបនេះនឹងនៅតែបន្តកាន់តំណែងជានាយករដ្ឋមន្រ្តីចាំផ្ទះរបស់ប្រទេសថៃ រហូតដល់រដ្ឋាភិបាលថ្មីបង្កើតឡើង។
នាយករដ្ឋមន្រ្តីចាំផ្ទះថៃ លោក ប្រាយុទ្ធ ចាន់អូចា នៅក្នុងសេចក្តីថ្លែងការណ៍មួយបង្ហោះនៅលើទំព័រហ្វេសបុកផ្លូវការរបស់គណបក្សលោក បានបញ្ជាក់ថា ចាប់ពីពេលនេះតទៅ ខ្ញុំចង់លាឈប់ពីឆាកនយោបាយ និងលាលែងពីសមាជិកនៃគណបក្ស United Thai Nation Party (UTN)។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន លោក ប្រាយុទ្ធ ក៏បានជំរុញឱ្យសមាជិកគណបក្ស UTN ទាំងអស់ ការពារស្ថាប័នជាតិ សាសនា និងរាជាធិបតេយ្យ ដែលយោងទៅលើសសរស្តម្ភទាំង ៣ ដែលមិនអាចកាត់ផ្តាច់បានពីមុនមកនៃសង្គមថៃ។ យ៉ាងណាមិញ លោក ប្រាយុទ្ធ នឹងនៅតែបន្តកាន់តំណែងជានាយករដ្ឋមន្រ្តីចាំផ្ទះរបស់ប្រទេសថៃ រហូតដល់រដ្ឋាភិបាលថ្មីបង្កើតឡើង។
ការសម្រេចចិត្តខាងលើនេះរបស់លោក ប្រាយុទ្ធ បានកើតមានឡើងស្របពេលដែលសភាថៃ នៅថ្ងៃព្រហស្បតិ៍ទី១៣ ខែកក្កដានេះ នឹងត្រូវរៀបចំការបោះឆ្នោតមួយ ដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
