ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ គ្រប់គ្រងសំណល់អនាម័យ បរិស្ថានបានយ៉ាងល្អ នៅក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១២ កក្កដា ឆ្នាំ២០២៣នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥០ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានកោតសរសើរ អាជ្ញាធររាជធានីភ្នំពេញ លើការងារគ្រប់គ្រងសំណល់អនាម័យ បរិស្ថានបានយ៉ាងល្អ នៅក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ ដោយការប្រមូលសំរាមជាមធ្យម មួយថ្ងៃស្មើ ៣.៥៥៦តោន ហើយអ្វីដែលពិសេសថែមទៀតនោះ គឺការទប់ស្កាត់ការចរាចរចែកចាយ និងសេពគ្រឿងញៀនក្នុងទីលានចាក់សំរាមបាន ១០០% ។

ឯកឧត្តម ម៉ប់ សារិន បន្តថា រដ្ឋបាលរាជធានីភ្នំពេញ ក្រៅពីអនុវត្តការងារខាងលើបានល្អហើយ សម្រាប់ឆមាសទី១ ឆ្នាំ២០២៣នេះដែរ បានធ្វើឱ្យបទល្មើសព្រហ្មទណ្ឌមានការថយចុះ ០៩លើក ។ សមត្ថកិច្ច បង្ក្រាបបាន ២២០ករណី ឃាត់ខ្លួនបាន ៣៥៦នាក់ ដែលធ្វើឱ្យសន្តិសុខ សណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ រក្សាបានសុវត្ថិភាពល្អ ធានាបាននូវកិច្ចដំណើរការនៃព្រឹត្តិការណ៍ធំក្នុងរាជធានីភ្នំពេញបានល្អ ប្រសើរ។

ឯកឧត្តម ម៉ប់ សារិន ក៏បានមានប្រសាសន៍កោតសរសើរផងដែរ ចំពោះរដ្ឋបាលរាជធានីភ្នំពេញ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ការពារសន្តិសុខ សណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ជូនដល់គ្រប់គណបក្សនយោបាយក្នុងពេលបើក និងដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ ២០២៣បានល្អប្រសើរប្រព្រឹត្តក្នុងបរិយាកាសស្ងប់ស្ងាត់ មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មាន អំពើហឹង្សា និងគ្មានការគំរាមគំហែង ។

ឯកឧត្តម កើត ឆែ អភិបាលរង និងជាតំណាង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្តេជ្ញាបន្តខិតខំអនុវត្តការងារ ឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីបំពេញចំណុចខ្វះខាតកន្លងមកផងដែរ ៕

ដោយ ៖ ថេត វិចិត្រ + ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner