ក្រសួងផែនការបានរៀបចំពិធី ទិវាប្រជាជនពិភពលោកលើកទី៣៤ ក្រោមប្រធានបទ “ការបញ្ចេញអានុភាពនៃសមភាពយេនឌ័រ”
(ភ្នំពេញ)៖ ក្រសួងផែនការបានរៀបចំពិធី ទិវាប្រជាជនពិភពលោកលើកទី៣៤ ក្រោមប្រធានបទ “ការបញ្ចេញអានុភាពនៃសមភាពយេនឌ័រ” ដែលបានប្រារព្ធធ្វើទ្បើងនៅ CKCC នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលមានការអញ្ជើញចូលរួមជាអធិបតី ពីឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការនកាលពីថ្ងៃទី ១១ កក្កដា ឆ្នាំ២០២៣។

ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានរំលឹកពីប្រវត្តិសង្ខេប នៃការប្រារព្ធទិវាប្រជាជនពិភពលោក ថា ក្រុមប្រឹក្សាភិបាលនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានបង្កើត និងប្រារព្ធទិវាប្រជាជនពិភពលោកលើកដំបូងនៅឆ្នាំ១៩៨៩ ក្នុងគោលបំណងដើម្បីផ្ដល់នូវការស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីបញ្ហាប្រជាជននៅក្នុងពិភពលោក ដោយកំណត់យក ថ្ងៃទី១១ ខែកក្កដា ជារៀងរាល់ឆ្នាំ ។ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងផែនការ សហការជាមួយ មូលនិធិ សហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) និងស្ថាប័នពាក់ព័ន្ធ ប្រារព្ធទិវាប្រជាជនពិភពលោកនេះជារៀងរាល់ឆ្នាំ ផងដែរ ។

សូមបញ្ជាក់ថា កម្មវិធីនេះធ្វើទ្បើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីកង្វល់ទាក់ទងនឹងកំណើនប្រជាជន និងបញ្ហាប្រជាជន និងអភិវឌ្ឍន៍ និងចាត់ទុក “ប្រជាជនជាមធ្យោបាយនៃការអភិវឌ្ឍផង និងជាគោលដៅចុងក្រោយនៃការអភិវឌ្ឍផង”។ ដើម្បីរំលេចពីតម្រូវការក្នុងការជំរុញសមភាពយេនឌ័រ ដើម្បីជួយសម្រេចក្តីសុបិនរបស់មនុស្សទាំង ៨ប៊ីលាននាក់ តាមរយៈការស្តាប់សំឡេងរបស់ស្រ្តី និងក្មេងស្រី និងអ្នកខ្វះខាតដទៃទៀត និងដោយការ ណែនាំច្បាប់និងគោលនយោបាយដែលអាចឱ្យពួកគេអនុវត្តសិទ្ធិ និងជម្រើសរបស់ពួកគេ ៕



ដោយ-រ៉ាវុធ