សាខាកាកបាទក្រហមកម្ពុជាតាមខេត្ត បានធ្វើយុទ្ធនាការផ្សព្វផ្សាយជំងឺគ្រុនឈាមទៅប្រជាពលរដ្ឋនៅតាមមូលដ្ឋាន
ភ្នំពេញ៖ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ និងខេត្តកណ្ដាល បានធ្វើយុទ្ធនាការផ្សព្វផ្សាយជំងឺគ្រុនឈាមទៅប្រជាពលរដ្ឋនៅតាមមូលដ្ឋានដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ ដើម្បីធ្វើឱ្យប្រជាពលរដ្ឋបានយល់ដឹង និងចេះអនាម័យនៅជុំវិញបរិវេណផ្ទះសំបែងរបស់ខ្លួន។
កាកបាទក្រហមកម្ពុជាបានឱ្យដឹងកាលពីថ្ងៃទី១១ ខែកក្កដាថា សាខាកាកបាទកម្ពុជាខេត្តព្រះសីហនុ ដោយមានលោក គាំ សុខុម នាយកសាខាកាបាទក្រហមខេត្ត និងមន្រ្តីសាខា បានដឹកនាំអ្នកស្មគ្រ័ចិត្ត អាជ្ញាធរដែនដី សហការជាមួយមន្ទីរសុខាភិបាលខេត្ត បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយជំងឺគ្រុនឈាម និងជំងឺគ្រុនឈិកនៅក្នុងក្រុងព្រះសីហនុ។
ក្នុងយុទ្ធនាការនេះ មានគោលបំណងដើម្បីការពារបង្ការជំងឺគ្រុនឈាម និងជំងឺគ្រុនឈិក ដែលអាចឆ្លងតាមរយៈមូសខ្លាញីខាំ ខណៈក្នុងយុទ្ធនាការបានប្រើប្រាស់នូវផ្ទាំងរូបភាព (Poster) បិទ បដាចង និងប្រើឧគ្ឃោសនាសព្ទ ក្នុងការផ្សព្វផ្សាយទៅតាមក្រុមនីមួយៗគ្រប់ភូមិ ដើម្បីឱ្យប្រជាពលរដ្ឋចូលរួមកំចាត់ដង្កូវទឹក មូសខ្លា នៅក្នុងបរិវេណផ្ទះសំបែងជាដើម។

កាកបាទក្រហមកម្ពុជា បានបញ្ជាក់ថា ៖ «បច្ចុប្បន្ន ករណីជំងឺគ្រុនឈាម និងជំងឺគ្រុនឈិក ចម្លងប្រជាពលរដ្ឋមិនថាក្មេង ឬចាស់នោះទេ ត្រូវរូសរាន់ស្វែងរកសេវាថែទាំសុខភាព ដែលនៅជិតអ្នកបំផុត ក្នុងករណីក្រុមគ្រួសារណាម្នាក់របស់ពួកគាត់មានសញ្ញា ក្ដៅខ្លួន និងសញ្ញាបន្ទាប់បន្សំផ្សេងទៀតដូចជា មុខក្រហម ឈឺក្បាល ឈឺក្រោមក្រឡង់ភ្នែក ឈឺសាច់ដុំ ឬសន្លាក់ ឈឺខ្លួន ស្នាមកន្ទួលក្រហមជាដើម»។
ប្រភពដដេលបញ្ជាក់ថា ៖ «គ្រប់ករណីសង្ស័យជំងឺគ្រុនឈាម និងជំងឺគ្រុនឈិក មិនត្រូវសាកល្បងព្យាបាលដោយខ្លួនឯង ឬការប្រើប្រាស់ថ្នាំប្រភេទអាស្ពីរីន ឬអ៊ីប៉ុយព្រូហ្វែន ជាដាច់ខាត និងមិនត្រូវស្វែងរកសេវាថែទាំសុខភាពណា ដែលមិនមានជំនាញវិជ្ជាជីវៈ ធ្វើការពិនិត្យព្យាបាលជំងឺគ្រុនឈាម និងជំងឺគ្រុនឈិកឡើយ»។
ដោយឡែកលោក ទៀង សុគន្ធ នាយកសាខាកាកបាទក្រហម ខេត្តកណ្ដាល បានប្រាប់ឱ្យដឹងថា បន្ទាប់ពីទទួលបានលិខិតណែនាំពីកាកបាទក្រហមកម្ពុជារួចមក សាខាខេត្តកណ្ដាលក៏បានចុះផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានពីការបង្ការ និងការការពារខ្លួនពីជំងឺគ្រុនឈាម។
លោកបានបន្តថា សាខាកាកបាទក្រហមខេត្ត ក៏បានសហការជាមួយមន្ទីរសុខាភិបាលខេត្តផងដែរ ដោយជួយចុះដាក់ថ្នាំអាប៊ែតនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ហើយនិងចុះជួយអប់រំប្រជាពលរដ្ឋឱ្យមានការរៀបចំសម្ភារៈក្នុងផ្ទះឱ្យមានសណ្ដាប់ធ្នាប់ អនាម័យ ដើម្បីធ្វើយ៉ាងណាលុបបំបាត់សត្វមូលដែលជាប្រភពចម្លងជំងឺគ្រុនឈាម។

លោកក៏បានលើកឡើងដែរថា ករណីជំងឺគ្រុនឈាមនៅទូទាំងខេត្តកណ្ដាល ក្នុងរយៈពេល ៦ខែឆ្នាំ២០២៣នេះ មន្ត្រីសុខាភិបាល បានរកឃើញមានរកណីជម្ងឺគ្រុនឈាមសរុបចំនួន ៧៤៥ ករណី ក្នុងនោះករណីស្លាប់ចំនួន ២នាក់ដែលសុទ្ធតែជាកុមារ។
លោក ទៀង សុគន្ធ បានបន្ថែមថា ទាំងអាជ្ញាធរខេត្ត និងមន្ត្រីក្រសួងសុខាភិបាល កំពុងខិតខំធ្វើកិច្ចការងារនេះដោយយកចិត្តទុកដាក់ ក្នុងនោះបានចុះបាញ់ថ្នាំសម្រាប់កន្លែងដែលប្រឈមហានិភ័យ និងចុះដាក់ថ្នាំអាប៊ែត ដើម្បីការពារប្រជាពលរដ្ឋកុំឱ្យឈឺ កុំឱ្យឆ្លង ពិសេសកាត់បន្ថយអត្រាស្លាប់របស់កុមារផងដែរ។
យោងតាមរបាយការណ៍របស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមនៃក្រសួងសុខាភិបាល គិតត្រឹមរយៈពេល ៦ខែ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣ កម្ពុជាមានអ្នកឆ្លងជំងឺគ្រុនឈាមចំនួន ៤ ៦៦៨ ករណី និងមានអ្នកស្លាប់ដោយសារជំងឺនេះចំនួន ១០ ករណីដែលចំនួននេះមានការកើនឡើងជិត ២ដង បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានឹងឆ្នាំមុន៕

ដោយ៖ជា សុខនី