​ចិន​​ថ្កោល​ទោស​​ចំពោះ​​ការ​​រិះ​គន់​​ណាតូ ​ហើយ​​​ព្រមាន​​ថា​​ខ្លួន​​នឹង​​ការពារ​​សិទ្ធិ​​របស់​​ប្រទេស​​​

ប៉េកាំង៖​ ក្រុង​ប៉េកាំង​​ថ្កោល​ទោស​​ការ​ចោទ​ប្រកាន់​របស់​អង្គការ​ណាតូ​ដែល​ថា​ ចិនធ្វើ​ការ​​​​​ប្រកួត​ប្រជែងជាមួយ​ខ្លួន​ផ្នែក​​​​ផល​ប្រយោជន៍​និង​​​​សន្តិសុខ​​ ហើយ​​បាន​​ប្រឆាំង​នឹង​ការ​ប៉ុន​ប៉ង​ណា​មួយ​របស់​ប្លុក​​សម្ព័ន្ធ​​មិត្ត​​យោធា​មួយ​នេះ​ ​ដើម្បី​​ពង្រីក​ខ្លួន​ចូល​ទៅ​ក្នុង​​តំបន់​​អាស៊ី​​ប៉ាស៊ីហ្វិក​​។​ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងា​រ​សារព័ត៌មាននៅ​ថ្ងៃ​ពុធ​ ទី​១២​ ខែ​កក្កដា​​​។ ​

ការ​ថ្កោល​ទោស​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​អង្គការ​ណាតូ​ ដែល​កំពុង​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​​នៅ​ប្រទេស​លីទុយអានី​ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​អង្គារ​​ ដោយ​ប្រើ​សម្ដី​ថា​ ​​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​ (PRC) ​បាន​ប្រកួត​ប្រជែង​លើ​ផ្នែក​ផល​ប្រយោជន៍ ​សន្តិសុខ​ និង​តម្លៃ​របស់​ខ្លួន​ដោយ​ប្រើ «​​​​មហិច្ឆតា ​និង​គោល​នយោបាយ​បង្ខិត​បង្ខំ​»​ របស់​ខ្លួន​។

បេសកកម្មការ​ទូត​ចិន​​ប្រចាំ​​អឺរ៉ុប​បាន​និយាយ​​ក្នុង​សេចក្តី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ​ខ្លឹមសារ​ដែល​ទាក់​ទង​នឹង​ប្រទេស​ចិន​​ ដែល​មាន​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ណាតូ​ បាន​មិន​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ពិត​ជា​មូលដ្ឋាន​ បង្ខូច​គោល​ជំហរ​ និង​គោល​នយោបាយ​របស់​ចិន​ ហើយ​ធ្វើ​ឱ្យ​ខូច​កិត្តិយស​ប្រទេស​ចិន​ដោយ​ចេត​នា​។​ ចិន​បន្ត​ថា​៖ «​​​​​យើង​​ប្រឆាំង​​យ៉ាង​​ម៉ឺង​ម៉ាត់​​ និង​​បដិសេធ​​ចំពោះ​​រឿង​​នេះ​»​​។

មិន​ត្រឹម​តែ​ប៉ុណ្ណេះ​ខណៈ​កិច្ច​ប្រជុំ​កំពូល​ណាតូ​នា​ពេល​នេះ​ មាន​ការ​ចូល​រួម​ពី​ជប៉ុន​ និង​កូរ៉េខាង​ត្បូង​ ដែ​ល​​ព្រួយ​បារម្ភ​ពី​ឥទ្ធិពល​របស់​ចិន​ និង​​កូរ៉េខាង​ជើង​ បេសកកម្ម​ការ​ទូត​​ចិន​បាន​​លើក​ឡើង​​ថា​ ​ចិន​ប្រឆាំង​ដា​ច់​ខាត​ចំពោះចលនា​ពង្រីក​ខ្លួន​របស់​ណាតូ​ ឆ្ពោះ​ទៅ​ភាគ​ខាង​កើត​​ ពោល​គឺ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​  ​ហើយ​ព្រមាន​ថា​សកម្មភាព​ណា​មួយ​ដែល​គំរាម​កំហែង​ដល់​សិទ្ធិ​របស់​ទីក្រុង​ប៉េកាំង​ នឹង​ទទួល​ការ​​ឆ្លើយ​តប​យ៉ាង​ម៉ឺង​ម៉ាត់​។​

បេសកកម្ម​ដដែល​បន្ត​ថា​៖ «​​​ទង្វើ​ណា​មួយ​ដែល​ប៉ះ​ពាល់​ដល់​សិទ្ធិ ​និង​ផល​ប្រយោជន៍​ស្រប​ច្បាប់​របស់​ប្រទេស​ចិន​ នឹង​ត្រូវ​​ឆ្លើយ​តប​យ៉ាង​ម៉ឺង​ម៉ាត់​»​។​

គួរ​បញ្ជាក់​ថា​ ក្នុង​សេចក្ដី​ថ្លែងការណ៍រួម​​កាល​ពី​ថ្ងៃ​អង្គារ​ មេដឹក​នាំ​ប្រទេស​សមាជិក​ណាតូ​ ​បាន​និយាយ​​​ថា​៖ «​​​PRC ​ប្រើ​ប្រាស់​ឧបករណ៍​នយោបាយ ​សេដ្ឋកិច្ច​ និង​យោធា​គ្រប់​ជ្រុង​ជ្រោយ​ ដើម្បី​បង្កើន​ការ​បោះ​ជំហាន​ជា​សាកល ​និង​​អំណាច​​ខណៈ​មិន​បង្ហាញ​ឱ្យ​ចំ​ៗ​​​អំពី​យុទ្ធសាស្ត្រ ​ចេតនា​ និង​ការ​​បង្កើន​យោធារ​បស់​​ខ្លួន​​»​។ ប្លុក​បន្ត​ថា​ សកម្មភាព​របស់​ចិន​ ក៏​ដូជ​ជា​​វោហាសាស្ត្រ ​និង​ព័ត៌មាន​មិន​ពិត​របស់​ប្រទេស​នេះ​ ​បាន​ដាក់​គោលដៅ​លើ​សម្ព័ន្ធ​មិត្ត​ និង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សន្តិសុខ​សម្ព័ន្ធ​ភាព​របស់​អង្គការ​​។

​ដោយឡែកអគ្គលេខាធិការ​អង្គការ​ណាតូ​ លោក​ ជេនស៍​ ស្តូលធេនប៊ឺគ​ បានគូស​បញ្ជាក់​​ប្រាប់​​អ្នក​យក​ព័ត៌មាន​នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​ថា​ ​​ចិន​មិន​មែន​ជា​ «​សត្រូវ​»​ របស់​អង្គការ​ណាតូ​​នោះ​ទេ​ ប៉ុន្តែ​ប្រទេស​នេះ​បាននិង​កំពុង​​បង្កើន​​​បញ្ហា​លើ​សណ្តាប់​ធ្នាប់​អន្តរជាតិ​ ដោយ​ផ្អែក​លើ​ «​អាកប្បកិរិយា​បង្ខិត​បង្ខំ​» របស់​ខ្លួន​។

លោក​​ថ្លែង​យ៉ាង​ដូច្នេះ​​ថា​​៖ «​​ចិន​កំពុង​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង​ឡើង​ លើ​សណ្តាប់​ធ្នាប់​អន្តរជាតិ​ដែល​ផ្អែក​លើ​ច្បាប់​ ដោយ​បដិសេធ​មិន​ថ្កោល​ទោស​សង្គ្រាម​របស់​រុស្ស៊ី​ប្រឆាំង​នឹង​អ៊ុយក្រែន ​គំរាម​កំហែង​តៃវ៉ាន់​ និង​អនុវត្ត​ការ​បង្កើន​​យោធា​​ជា​ដើម​»​៕

ប្រែសម្រួល៖ហួន ឌីណា

ប្រភព​៖ China lashes back at NATO criticism, warns it will protect its rights

ads banner