ក្រសួងផែនការ៖ រាជរដ្ឋាភិបាលកម្ពុជាមានការយកចិត្តទុកដាក់ខ្ពស់ពីសិទ្ធិស្រ្តី និងក្មេងស្រី​ក្នុងការជ្រើសរើសគូស្រករ និងការមានគភ៌

អត្ថបទដោយ៖
CPA

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងផែនការឯកឧត្តម ឆាយ ថន បានលើកឡើងថា រដ្ឋាភិបាលកម្ពុជា មានការយកចិត្តទុកដាក់ខ្ព​ស់​ពីសិទ្ធិស្រ្តីនិងក្មេងស្រីក្នុងការជ្រើសរើសគូស្រករនិងការមានគភ៌ ជាពិសេសនោះបានបង្កលក្ខណៈអ​នុគ្រោះដល់ស្រី្តគ្រប់រូប ដើម្បីផ្តល់ឱកាសនិងបើកលទ្ធភាពកាន់តែទូលាយសម្រាប់ការចូលរួមការងារសង្គម នយោបាយ និងបន្តដោះស្រាយបញ្ហាប្រឈមរបស់ស្រ្តីជាច្រើនទៀត។

ឯកឧត្តម ឆាយ ថន ដែល​ជាប្រធានគណៈកម្មាធិការពិសេសតាមដានការអនុវត្តកម្មវិធីសកម្មភាពនៃសន្និ​សីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍ផងដែរ​ បានលើកឡើងបែបនេះ ​ក្នុង​ពិធីបើកវេទិកាទិវាប្រជាជនពិភពលោកលើកទី ៣៤ ក្រោមប្រធានបទ «ការបញ្ចេញអានុភាពនៃសមភាពយេនឌ័រ ៖ ការជ្រោងឡើងនូវសំឡេងស្រ្តីនិងក្មេងស្រី ដើម្បីបង្ហាញពីលទ្ធភាពគ្មានដែនកំណត់នៃពិភពលោកយើង» កាលពីថ្ងៃ ១១ ខែកក្កដា ឆ្នាំ២០២៣។

កម្មវិធីនេះ​ក៏មានការចូល​រួមពីស្ថាប័នពាក់ព័ន្ធ និងដៃគូអន្តរជាតិរួមមាន តំណាងមកពីក្រសួមហាផ្ទៃ ក្រ​សួ​ងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា និងតំណាង មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA)  ព្រមទាំងយុវនិស្សិតមកពីសកលវិទ្យាល័យនានាផងដែរ។​​

ឯកឧត្តមមានប្រសាសន៍ថា ៖ «រាជរដ្ឋាភិបាលកម្ពុជា មានការយកចិត្តទុកដាក់ខ្ពស់​ពីសិទ្ធិស្រ្តី និងក្មេងស្រីក្នុងកា​រជ្រើសរើសគូស្រករ និងការមានកូន។ ​រាជរដ្ឋាភិបាលក៏​បង្កលក្ខណៈកាន់តែអនុ​គ្រោះ​ដល់ស្រី្តគ្រប់រូប ដើ​ម្បីផ្តល់ឱកាស និងបើកលទ្ធភាពកាន់តែទូលាយសម្រាប់ការចូលរួមការងារសង្គម និងការចូលរួមក្នុងឆា​កនយោបាយ និងបន្តដោះស្រាយបញ្ហាជាច្រើនទៀតដែលស្រី្តកំពុងប្រឈម ដូចជា បញ្ហាសុខភាព ការអប់រំ និងការរំលោភបំពាន ជាដើម»។

ឯកឧត្តម ឆាយ ថន បានបន្តថា ​​ រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ដល់បញ្ហាស្រី្តគ្រប់វ័យ គ្រប់កាលៈទេសៈ ហើយជានិច្ចកាលតែងតែចាត់ទុកការដោះស្រាយបញ្ហាជូនស្រី្ត ជាបញ្ហាអាទិភាពខ្ពស់បំផុត។ 

​នាឱកាសនោះដែរ លោកស្រី សាន់ដ្រា បើនក្លោ (Sandra Bernklau) តំណាងប្រចាំប្រទេស មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA)  បានលើកឡើងដែរ​ថា សម្រាប់ទិវាប្រជាជនពិភពលោកនេះ លោកស្រី​ទទួលស្គាល់វឌ្ឍនភាពគោលនយោបាយនានាស្តីពីប្រជាជនដែលមានស្រាប់នៅកម្ពុជា មានដូចជា គោលនយោបាយជាតិប្រជាជន២០១៦-២០៣០ ដែលបានចាត់ទុកស្ត្រីនិងគ្រួសារនៅចំកណ្ដាលនៃការធ្វើសេចក្តីសម្រេចចិត្ត។

​គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ បានប្រកាសទទួលស្គាល់ និងគាំទ្រចំពោះសិទ្ធិរបស់គូស្វាមីភរិយានិងបុគ្គលទាំងអស់ឱ្យមានសិទ្ធិជាមូលដ្ឋានក្នុងការសម្រេចចិត្តដោ​យសេរី និងដោយទទួលខុសត្រូវលើចំនួនកូននិងការពន្យារកំណើត ហើយបង្កលទ្ធភាពឱ្យស្រ្តីនិងក្មេងស្រ្តីទទួលបាននូវព័ត៌មាន ការអប់រំ សេវា និងមធ្យោបាយដើម្បីធ្វើការសម្រេចចិត្តនេះ។

លោកស្រី សាន់ដ្រា បាន​ថ្លែងថា ៖ «ស្ត្រី និងក្មេងស្ត្រីមានសិទ្ធិសម្រេចចិត្តពីពេលវេលានិងចំនួនកូនដែលខ្លួនច​ង់បាន។ ពេលណាដែលស្រ្តី និងក្មេងស្រី អាចសម្រេចចិត្តលើបញ្ហាទាំងអស់នេះបាន ដោយឯករាជ្យ ពួកគេអាចរៀបចំជីវិត និងសម្រេចបាននូវសក្តានុពលរបស់ខ្លួនពេញលេញ»។ ​

លោកស្រីបញ្ជាក់ថា ៖ «ពេលណាដែលស្រ្តីអាចទទួលបានសេវាផែនការគ្រួសារ ពួកគេទំនងជានឹងមានផ្ទៃពោះប្រកបដោយសុខភាពល្អ ហើយផ្ដល់កំណើតកូនដែលមានសុខភាពល្អដែរ។ ពួកគេក៏ទំនង នឹងអាចបន្តការសិក្សាបានយូរ ទទួលបានការងារល្អ ដែលផ្តល់ប្រយោជន៍ដល់គ្រួសារ និងសង្គមជាតិទាំងមូល»។

លោកស្រីបន្តថា គ្រប់គ្នាត្រូវរួមគ្នាធានាថាស្ត្រីនិងគ្រួសារបានទទួលព័ត៌មាន និងធនធានដែលត្រូវការសម្រា​ប់ធ្វើសេចក្តីសម្រេចត្រឹមត្រូវអំពីសុខភាពបន្តពូជនិងសិទ្ធិរបស់ខ្លួន និងត្រូវរួមគ្នាប្រឈមតទល់នឹងទម្លា​ប់ដ៏គ្រោះថ្នាក់និងបទដ្ឋានសង្គមនានា ដែលរារាំងស្តីពីការអនុវត្តសិទ្ធិបន្តពូជរបស់ពួកគេ។ ​

ដោយឡែក ឯកឧត្តម ប៉ូច ប៊ុណ្ណាក់ រដ្ឋលេខាធិការក្រសួងផែនការ ក៏បាន​លើកឡើងដែរ​ថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ជាខ្លាំងទៅការរស់នៅ និងសុខុមាលភាពប្រជាជន ជាពិសេសនោះស្រ្តី​ និងកុមារ។

លោកបន្តថា កាលជំនាន់ ប៉ុលពត មានមរណភាពច្រើននៅក្នុងសម័យនោះ ក្រោយពីនោះមកជីវភាពប្រ​ជាពលរដ្ឋកាន់តែល្អប្រសើរបន្តិចម្តងៗ ធ្វើឱ្យមនុស្សមានអាយុវែង ហើយការស្លាប់មានការថយចុះ។ ​

ឯកឧត្តមថា ៖ «ក្រសួងសុខាភិបាលមានការរីកចម្រើន ហើយដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ធ្វើម៉េចឱ្យទារកដែលកើតឡើងមានជីវិតរស់ ហើយការប្រឹងប្រែងនេះ ចាប់ផ្តើមកើតឡើងនៅឆ្នាំ ១៩៩០ ជាងមក រហូតដល់ឆ្នាំ ២០២៣ ដែលអាយុសង្ឃឹមរស់របស់ប្រជាពលរដ្ឋលើអាយុ ៧៥ ឆ្នាំ»។

សូមរម្លឹកដែរថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងផែនការ ដោយសហការជាមួយនឹងមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន និងស្ថាប័នពាក់ព័ន្ធ បានប្រារព្ធទិវាប្រជាជនពិភពលោកជារៀងរាល់ឆ្នាំ។ ពិធីនេះធ្វើឡើង ក្នុងគោលបំណង ដើម្បីរំឮក និងជំរុញបន្ថែមដល់ថ្នាក់-ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ​និងអ្នក​ពាក់ព័ន្ធទាំងអស់ ​ឱ្យបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នាផ្តោតការយកចិត្តទុកដាក់ និងស្វែងរកដំ​ណោះស្រាយសមស្រប ពីបញ្ហាប្រជាជននានា ដែលកើតមានឡើង និងដែលកំពុងជះឥទ្ធិពលដល់ការអភិ​វឌ្ឍសង្គម-សេដ្ឋកិច្ច៕

ដោយ៖សុខ រក្សា

ads banner