រដ្ឋវឺម៉ុង និងរដ្ឋភាគឦសានរបស់សហរដ្ឋអាមេរិកផ្សេងទៀតរងគ្រោះដោយទឹកសារទឹកជំនន់ធ្ងន់ធ្ងរ

អាមេរិក៖ អភិបាលរដ្ឋវឺម៉ុង (Vermont)បាននិយាយកាលពីថ្ងៃអង្គារថា ទឹកភ្លៀងកម្រិតពីរខែដែលធ្លាក់ក្នុងរយៈពេលត្រឹមតែពីរថ្ងៃនៅដើមសប្ដាហ៍នេះ បានធ្វើឱ្យរដ្ឋនេះរងគ្រោះដោយសារតែទឹកជំនន់ធ្ងន់ធ្ងរ។ នេះបើតាមការស្រង់សម្ដីរបស់បណ្ដាញព័ត៌មាន BBC។

លោកអភិបាលរដ្ឋ ភីល ស្កុត(Phil Scott) បានប្រាប់អ្នកយកព័ត៌មានថា៖ «ការបំផ្លិចបំផ្លាញ និងទឹកជំនន់ដែលយើងកំពុងជួបប្រទះនៅទូទាំងរដ្ឋវឺម៉ុង គឺជាប្រវត្តិសាស្ត្រ និងដ៏មហន្តរាយ»។ លោកបានបន្ថែមថា កម្រិតទឹកជំនន់នៅតំបន់ខ្លះនៃរដ្ឋ បានកើនលើសពីអ្វីដែលធ្លាប់ជួបប្រទះក្នុងអំឡុងព្យុះត្រូពិក Irene ក្នុងឆ្នាំ ២០១១ ដែលបានសម្លាប់មនុស្សប្រាំមួយនាក់ក្នុងរដ្ឋវឺម៉ុង នាពេលនោះ។

ការលើកឡើងបែបនេះ បានធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃចន្ទ បានប្រកាសដាក់រដ្ឋវឺម៉ុង ស្ថិតនៅក្នុងស្ថានភាពគអាសន្ន ខណៈភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់ ដែលធ្វើឱ្យប្រជាជនមួយចំនួនត្រូវជាប់ក្នុងផ្ទះ ហើយរងការចាំជួយសង្រ្គោះ។

ចាប់តាំងពីថ្ងៃអាទិត្យមកក្រុមអ្នកជួយសង្រ្គោះជាង ១០០ នាក់ ត្រូវបានដាក់ពង្រាយសម្រាប់ក្រុមសង្គ្រោះតាមទូកបន្ទាន់នៅទូទាំងរដ្ឋវឺម៉ុង ដែលទឹកជន់លិចលើផ្លូវជាង ១០០ ហើយមិនអាចធ្វើដំណើរបាន។ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ភ្លៀងធ្លាក់ខ្លាំងប៉ុន្មានថ្ងៃកន្លងទៅ បានធ្វើឱ្យទំនប់ទឹកនៅភាគខាងលើនៃទីក្រុង Montpelier ដែលជាទីរួមក្រុងនៃរដ្ឋវឺម៉ុង ឡើងដល់កម្រិតអតិបរមាកាលពីថ្ងៃអង្គារ ខណៈទឹកជំនន់មហន្តរាយតាមបណ្ដាកូនក្រុងជាច្រើនក្នុងរដ្ឋបន្តជនលិច។

យោងតាមសេវាអាកាសធាតុជាតិអាមេរិក (NWS) ភ្លៀងធ្លាក់ខ្លាំងជោគជាំង ដែលលើសពី ២០ សង់ទីម៉ែត្រ នៅតំបន់មួយចំនួនក្នុងរដ្ឋវឺម៉ុង កើតឡើងបន្ទាប់ពីទឹកជំនន់ភ្លាមៗនៅក្នុងរដ្ឋញូវយ៉ក បានសម្លាប់ស្ត្រីម្នាក់កាលពីថ្ងៃអាទិត្យកន្លងទៅ។

គួរគូសបញ្ជាក់ថា ក្រៅពីរដ្ឋវឺម៉ុង ភ្លៀងធ្លាក់ខ្លាំងជោកជាំបានវាយប្រហារនៅរដ្ឋភាគឦសានភាគច្រើនរបស់សហរដ្ឋអាមេរិកផ្សេងទៀត រួមមានទាំងរដ្ឋញូវយ៉ក ញូវជឺស៊ី ខុនណេកទីខាត់ ផេនសេលវ៉ានី និងម៉ាសាជូសេត ដែលបង្កជាទឹកជំនន់ភ្លាម បាក់ស្ពាន លិចផ្លូវមិនអាចធ្វើដំណើរបានជាដើម។

NWS បានព្យាករណ៍កាលពីថ្ងៃអង្គារថា ភ្លៀងធ្លាក់នឹងបន្តដល់ថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រក្នុងរដ្ឋវឺម៉ុង ប៉ុន្តែមិនស្ថិតក្នុងកម្រិតខ្លាំងធ្ងន់ធ្ងរនោះទេ។ ជាមួយគ្នានោះ ការព្រមានស្ដីពីទឹកជំនន់នៅតំបន់មួយចំនួននៃរដ្ឋញូវយ៉ក ម៉ាសាជូសេត មេន ញូវហាំសៀរ និងខុនណេកទីខាត់ នៅតែបន្តមាន។

បាតុភូតធាតុអាកាសហួសហេតុបែបនេះ កើតឡើងចំពេញដែលរដ្ឋមួយចំនួនរបស់អាមេរិកនៅភាគខាងត្បូង និងខាងលិច ប្រឈមមុននឹងការឡើងកម្ដៅថ្ងៃធ្ងន់ធ្ងរ។ អ្នកវិទ្យាសាស្ត្រអាកាសធាតុបាននិយាយថា ការកើនឡើងប្រេកង់ និងអាំងតង់ស៊ីតេនៃធាតុអាកាសហួសហែតនៅទូទាំងសហរដ្ឋអាមេរិក គឺជាសញ្ញានៃការប្រែប្រួលអាកាសធាតុសកល ដែលជំរុញដោយសកម្មភាពមនុស្ស៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner