ក្នុងឆមាសទី១ ឆ្នាំ២០២៣ ហ្វេសប៊ុកសម្ដេចក្រឡាហោម ស ខេង ទទួលបានមតិនិងសំណូមពរមហាជនជិត ៤០០ គណនី
ភ្នំពេញ៖ ចាប់ពីខែមករារហូតដល់ខែមិថុនាឆ្នាំ២០២៣ក្រុមការងារហ្វេសប៊ុករបស់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃសម្ដេចក្រឡាហោម ស ខេង បានទទួលសំណូមពរ មតិ និងសំណួររបស់ប្រជាពលរដ្ឋ ស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃចំនួន ៣៩៧ គណនី ។ក្នុងនោះបានដោះស្រាយនិងឆ្លើយតបចំនួន ១៣២ គណនី និងកំពុងដោះស្រាយចំនួន ១៨១គណនី ពាក់ព័ន្ធការដោះស្រាយក្រៅប្រព័ន្ធតុលាការ។
នេះបើយោងរបាយការណ៍បូកសរុបស្តីពីការទទួលមតិ-យោបល់ ឬសំណូមរបស់មហាជនដែលផ្ញើសារតាមហ្វេសប៊ុកសម្ដេចក្រឡាហោម ស ខេង និងដំណោះស្រាយប្រចាំឆមាសទី ១ ឆ្នាំ ២០២៣។
ក្នុងរបាយការណ៍ចុះថ្ងៃទី៧ ខែកក្កដា និងត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃទី១១ ខែកក្កដា បានឱ្យដឹងថា ក្នុងចំណោម ៣៩៧ គណនីទាំងនោះ អង្គភាពទទួលដំណោះស្រាយរួមមាន៖ អគ្គស្នងការនគរបាលជាតិ ១៥៧ គណនី, អគ្គនាយកដ្ឋានរដ្ឋបាល (បានបញ្ជូនទៅរាជធានី-ខេត្ត ដើម្បីជាសមត្ថកិច្ច) ចំនួន ៨៨ គណនី, អគ្គាធិការដ្ឋាន ៣៦ គណនី, អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ២៣ គណនី, អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ៩ គណនី និងមតិយោបល់គោរពជូនជ្រាបមាន ៨៤ គណនី។
ជាមួយនឹងលទ្ធផលនេះសម្ដេចក្រឡាហោម ស ខេង បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ «វឌ្ឍនភាពជាបន្តបន្ទាប់នៃការងារនេះ អាចសម្រេចបានក៏ដោយសារមានកិច្ចខិតខំប្រឹងប្រែង និងការសហការគ្នាដ៏ល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារគេហទំព័រហ្វេសប៊ុក»។
សម្ដេចក្រឡាហោមក៏បានកោតសរសើរមន្ត្រីសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដែលបានខិតខំដោះស្រាយបញ្ហា សំណូមពរនិងសំណួរនានារបស់ប្រជាពលរដ្ឋ តាមកាតព្វកិច្ចរបស់ខ្លួនដែលជាអ្នកបម្រើប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការ បក្ខពួក និងផលប្រយោជន៍ជាដើម។
សម្ដេចក្រឡាហោមបានបន្ថែមដោយបានជំរុញឱ្យថ្នាក់ដឹកនាំ និងមន្ត្រីក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃទាំងអស់បន្តខិតខំពន្លឿនការដោះស្រាយករណីនៅសេសសល់ និងត្រូវប្រាកដថាដំណោះស្រាយនោះមានភាពគ្រប់ជ្រុងជ្រោយ ចំបញ្ហា និងចប់ចុងចប់ដើម ដោយមិនគ្រាន់តែធ្វើជាលិខិតស្នាមបញ្ជាតាមបែបបទរដ្ឋបាល។
សម្ដេចក្រឡាហោម ស ខេង បានបន្តថា ៖ «ខ្ញុំសូមថ្លែងអំណរគុណបងប្អូនជនរួមជាតិដែលបានលើកជាមតិយោបល់ និងសំណូមពរនានាមកកាន់រូបខ្ញុំ តាមរយៈទំព័រហ្វេសប៊ុក ដើម្បីយើងរួមគ្នាដោះស្រាយបញ្ហានានាក្រៅប្រព័ន្ធតុលាការ ជួយសម្រួលជីវភាពរស់នៅរបស់បងប្អូន និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិយើង»។
ជាថ្មីម្តងទៀតសម្ដេចក្រឡាហោមបានសុំការយល់យោគអធ្យាស្រ័យពីបងប្អូនជនរួមជាតិ ចំពោះករណីមួយចំនួនទៀតដែលក្រុមការងារ និងភាគីពាក់ព័ន្ធនៅមិនទាន់បានដោះស្រាយចប់សព្វគ្រប់ អាស្រ័យលើករណីខ្លះទាមទារពេលវេលា និងអនុវត្តទៅតាមនីតិវិធី។
ជុំវិញការដោះស្រាយក្រៅប្រព័ន្ធតុលាការនះ លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូយល់ថា ការបង្កើតឱ្យមានការទទួលបណ្តឹង ឬសំណូមពរពលរដ្ឋ ដោយផ្ទាល់តាមហ្វេសប៊ុករបស់សម្ដេចក្រឡាហោម ស ខេង បែបនេះ ជាវិធីជួយសម្រួលដល់ពលរដ្ឋ ដោយមិនចាំបាច់ចំណាយពេលធ្វើដំណើរនិងថវិកាច្រើនមកដាក់បណ្ដឹង។ ក្នុងនោះ ពលរដ្ឋអាចលើកពីបញ្ហាអសកម្ម និងការព្រងើយកន្តើយពីមន្ត្រីមូលដ្ឋានជម្រាបជូនដល់ថ្នាក់ដឹកនាំ។
យោងតាមរបាយការណ៍បូកសរុបស្តីពីការទទួលមតិ-យោបល់ ឬសំណូមរបស់មហាជន បានបញ្ជាក់ដែរថា គិតពីខែកក្កដា ឆ្នាំ២០២០ ដល់ខែមិថុនា ឆ្នាំ២០២៣ ក្រុមការងារ ទទួលមតិយោបល់ សំណើ សំណូមពរ និងបញ្ហានានាចំនួន ៣ ៧៧៧ គណនី ក្នុងនោះបានដោះស្រាយឆ្លើយតប ២ ២៦៦ គណនី កំពុងពិនិត្យដោះស្រាយ ៤៥៥ គណនី៕ ដោយ៖ សុខ រក្សា