ចិន រិះគន់ចំពោះអាមេរិកដែលបានបង្ខំខ្លួនឱ្យទទួលយកនូវសេចក្ដីសម្រេចពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង

ប៉េកាំង៖ កាលពីថ្ងៃទី១២ខែកក្កដា កន្លងទៅ ចិនបានចោទប្រកាន់អាមេរិកថាបានធ្វើបង្ខំខ្លួនឱ្យទទួលយកសេចក្ដីសម្រេចរបស់តុលាការអាជ្ញាកណ្ដាលកាលពីឆ្នាំ២០១៦ អំពីការទាមទារសមុទ្រចិនខាងត្បូងរបស់បណ្ដាប្រទេសស្ថិតនៅជុំវិញ​ ខណៈដែលទីក្រុងវ៉ាស៊ីនតោនបានជំរុញឱ្យទីក្រុងប៉េកាំងបញ្ឈប់នូវអ្វីដែលខ្លួនហៅថា «ការយាយីជាប្រចាំទៅកាន់នាវានៅបណ្ដាប្រទេសផ្សេងៗនៅក្នុងតំបន់»។

គួរដឹងដែរថា សេចក្តីសម្រេចដែលត្រូវបានចេញដោយតុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍នៅទីក្រុង​ ឡាអេ កាលពី៥ឆ្នាំមុនបានសន្និដ្ឋានថា ការទាមទាររបស់រដ្ឋាភិបាលក្រុងប៉េកាំងនៅតំបន់សមុទ្រចិនខាងត្បូង ជាការអះអាងដែលគ្មានមូលដ្ឋានសោះឡើយ។

ស្ថានទូតចិនប្រចាំនៅប្រទេសហ្វ៊ីលីពីនបានលើកឡើងថា «អាមេរិកបានព្យាយាមចងសម្ព័ន្ធមិត្តនៅក្នុងតំបន់ ដើម្បីជជែកអំពីបញ្ហានេះជារៀងរាល់ឆ្នាំ ជាពិសេសនៅក្នុងខួបផ្ដល់មជ្ឈត្តវិនិច្ឆ័យខុសច្បាប់ក្នុងគោលបំណងញុះញង់ឱ្យមានការប្រឆាំងជាមួយចិន ដើម្បីដាក់សម្ពាធ និងបង្ខំចិនឱ្យទទួលយកនូវមជ្ឈត្តវិនិច្ឆ័យមួយនោះ»។ ជាមួយគ្នានោះដែរ ស្ថានទូតចិនប្រចាំនៅប្រទេសហ្វ៊ីលីពីនបានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោន ជាមេខ្លោងនៅពីក្រោយការសម្រេចរបស់តុលាការអាជ្ញាកណ្ដាល។

រាល់សកម្មភាពរបស់ចិននៅសមុទ្រចិនខាងត្បូង គឺជាប្រធានបទនៃការតវ៉ាផ្នែកការទូតរាប់រយដងមកហើយ ដែលត្រូវបានប្តឹងដោយប្រទេសហ្វ៊ីលីពីន។ ចិនក៏បានអះអាងផងដែរថា ខ្លួនមិនទទួលយកនូវការទាមទារ ឬ សកម្មភាពណាមួយដោយផ្អែកលើការសម្រេចនៅក្នុងមជ្ឈត្តវិនិច្ឆ័យនោះឡើយ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វេនពីន (Wang Wenbin) បានប្រាប់ទៅកាន់សន្និសីទសារព័ត៌មានថា​ «ការសម្រេចរបស់តុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍មួយនេះ បានបំពានគោលការណ៍នៃការព្រមព្រៀងពីភាគីរដ្ឋពាក់ព័ន្ធ ហើយតុលាការនេះបានអនុវត្តហួសពីដែនសិទ្ធិអំណាចរបស់ខ្លួនក្នុងការកាត់ក្ដីលើសំណុំរឿងមួយនេះ»។

កាលពីថ្ងៃទីអង្គារ អ្នកនាំពាក្យក្រសួងការបរទេសរបស់សហរដ្ឋអាមេរិក លោក ម៉ាត់ធីវ មីលល័រ (Matthew Mille) បានអំពាវនាវឱ្យប្រទេសចិនផ្ទៀងផ្ទាត់ការទាមទារដែនសមុទ្ររបស់ខ្លួន ជាមួយនឹងច្បាប់អន្តរជាតិ ដោយសង្កត់ធ្ងន់ថា សេចក្តីសម្រេចនេះ គឺជាសេចក្តីសម្រេចចុងក្រោយ និងស្របច្បាប់សម្រាប់ទាំងភាគីហ្វីលីពីន និងចិន។

លោកបានបន្ថែមថា «ទីក្រុងប៉េកាំងគួរតែបញ្ឈប់ការរំខានដល់សិទ្ធិអធិបតេយ្យភាពរបស់របស់ប្រទេសក្នុងតំបន់ បើកចំហឱ្យពួកគេអាចនេសាទ អភិរក្ស និងគ្រប់គ្រងធនធានធម្មជាតិទៅតាមដែនអធិបតេយ្យភាពរៀងៗខ្លួន។ ចិនត្រូវបញ្ឈប់ការជ្រៀតជ្រែកគោលការណ៍សេរីភាពនៃការធ្វើនាវាចរណ៍និងការហោះហើររបស់រដ្ឋស្របច្បាប់នៅក្នុងតំបន់»។

ក្រសួងការបរទេសហ្វីលីពីនបានប្រារព្ធខួបនៃថ្ងៃដែលតុលាការអាជ្ញាកណ្តាលបានចេញ មជ្ឈត្តវិនិច្ឆ័យ ដោយបានបើកដំណើរការគេហទំព័រមួយដែលផ្តល់ព័ត៌មានអំពីជ័យជំនះផ្លូវច្បាប់របស់ខ្លួនប្រឆាំងនឹងទីក្រុងប៉េកាំង។ មជ្ឈត្តវិនិច្ឆ័យនេះទទួលបានការគាំទ្រពីបណ្តាប្រទេសនានា រួមមានចក្រភពអង់គ្លេស ជប៉ុន និងអូស្ត្រាលីផងដែរ។

អនុរដ្ឋលេខាធិកាក្រសួងការបរទេសហ្វីលីពីន លោកស្រី ធើរេសា ឡាហ្សារ៉ូ (Theresa Lazaro) បានថ្លែងប្រាប់នៅក្នុងវេទិកាសមុទ្រចិនខាងត្បូងថា«យើងសូមបដិសេធចំពោះការប៉ុនប៉ងដោយចេតនាក្នុងការបង្អាក់ដំណើរនៃការអនុវត្តសេចក្ដីសម្រេចតាមផ្លូវច្បាប់អន្តរជាតិមួយនេះ»។​ លោកស្រីបានបន្ថែមទៀតថា «ដូចដែលបានដឹងហើយថា មជ្ឈត្តវិនិច្ឆ័យនេះមិនបើកផ្លូវឱ្យមានការប្ដឹងផ្ដល់បន្តទៀតនោះទេ ហើយវាគឺហួសពីការសម្រុះសម្រួលទៅទៀត»។

គួរឱ្យដឹងដែរថា ជារៀងរាល់ឆ្នាំ សមុទ្រចិនខាងត្បូងជាផ្លូវទឹកដែលបណ្ដាប្រទេសជាច្រើនបានធ្វើដំណើរ ក៏ដូចជាដឹកទំនិញឆ្លងកាត់។ បើគិតតម្លៃទំនិញទាំងអស់នោះជាទឹកប្រាក់នោះ​មានចំនួនរហូតដល់ទៅ ៣ ទ្រីលានដុល្លារអាមេរិកឯណោះ៕

ប្រែសម្រួលដោយ៖ ធា សុណា

ប្រភពព័ត៌មាន៖ Reuters​ China blasts US for forcing it to accept South China Sea ruling

ads banner