ឥណ្ឌា​៖ ក្រុង​ញូវដែលី​ជម្លៀស​មនុស្ស​រាប់ពាន់​​នាក់​ ដោយ​សារ​ហានិភ័យ​នៃ​ទឹក​ជំនន់​បន្ទាប់​ពី​​ភ្លៀង​ធ្លាក់​ខ្លាំង​ជោក​ជាំ​

ញូវដែលីៈ អាជ្ញា​ធរ​ក្រុង​ញូវដែលី​នៅ​ថ្ងៃ​ព្រហស្បតិ៍​ បាន​បន្ត​ការ​​ជម្លៀស​មនុស្ស​​រាប់​ពាន់​នាក់ចេញ​ពី​តំបន់​រង​គ្រោះ​ដោយ​សារ​ទឹក​ជំនន់​​ បន្ទាប់​ពី​​ផ្ទៃ​​ទឹក​ទន្លេ Yamuna ដែល​ហូរ​កាត់​​រដ្ឋ​ធានី​របស់​ឥណ្ឌា​មួយ​នេះ​ បាន​វាត​ទី​​ឡើង​ដល់​កម្រិត​​គ្រោះ​ថ្នាក់​ ​​ដែល​បង្ក​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​ជោក​ជាំ​។  

អភិបាល​ក្រុង​ញូវដែលី​ លោក​ Arvind Kejriwal បាន​ឱ្យ​ដឹង​ថា​ ផ្ទៃ​ទឹក​ទន្លេ​​ Yamuna ​បាន​កើន​​ឡើង​លើស​ពី​ «​កម្រិត​​គ្រោះ​ថ្នាក់​»​ កាល​ពី​ថ្ងៃ​ពុធ​ ហើយ​បាន​ជន់​លិច​លង់​តំបន់​ជាប់​​ទន្លេ​​មួយ​ចំនួន​នៅ​ក្នុង​រដ្ឋធានី។ លោក​បន្ថែម​ថា​ ​​​កម្រិត​​ទឹក​បាន​ហក់​ឡើង​ខ្ពស់​ ​​ដែល​មិន​ធ្លាប់​មាន​ក្នុង​រយៈ​ពេល​ ៤៥ ឆ្នាំ​មក​នេះ​។  ​

តាម​ការ​ផ្សាយ​បន្ត​ផ្ទាល់​របស់​កាសែត​ Times of India ​​ផ្ទៃ​​​ទឹក​ទន្លេ​ Yamuna បានវាត​ទី​​កើន​ដល់​​​២០៨,៤៦ ម៉ែត្រ​ នៅ​ម៉ោង​៧​ព្រឹក​ថ្ងៃ​​នេះ ​បន្ទាប់​ពី​ឡើង​ដល់​ចំណុច​​​កំណត់​ត្រាប្រវត្តិសាស្រ្ត​​កាល​ពី​រសៀល​ម៉ោង​១​ថ្ងៃ​ពុធ​ ក្នុងកម្រិត​ ២០៧,៤៩ ម៉ែត្រ​។

​គណៈកម្មការ​កណ្ដាល​ស្ដី​ពី​ធន​ធាន​ទឹក​របស់​ឥណ្ឌា​ បាន​ហៅ​ស្ថានភាព​នៅ​ទន្លេ​ ​ Yamuna នា​ពេល​នេះ​ ថា​ធ្ងន់​ធ្ងរ​ខ្លាំង​ ដោយ​កម្ពស់​ទឹក​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ កើន​​​​​លើស​ពី​​សញ្ញា​​គ្រោះ​ថ្នាក់​រហូត​ដល់​ ៣ ម៉ែត្រ​។

ក្នុង​ស្ថានការណ៍​បែប​នេះ​ លោកអភិបាលក្រុង​​​ Kejriwal កាល​ពី​ថ្ងៃ​ពុធ​ បាន​ប្រកាស​ឱ្យ​ប្រជាជន​ធ្វើ​ការ​ជម្លៀស​ចេញ​ពី​តំបន់ទំនាប​​គ្រោះ​ថ្នាក់ ​ទៅ​រក​ទីតាំង​សុវត្ថិភាព​ ក៏​ដូច​ជា​ជំរុំ​សុវត្ថិភាព​ដែល​អាជ្ញាធរ​ក្រុង​រៀបចំ​។ បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទស្សនាវដ្ដី​អនឡាញ India Today នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ប្រជាជន​ប្រមាណ​ ១៦ ៥០០ នាក់​ ត្រូវ​បាន​ជម្លៀស​ចេញ​ទៅ​កាន់​ទីទួល​សុវត្ថិភាព​។ ​

គួរ​បញ្ជាក់​ថា​ ភ្លៀង​ធ្លាក់​ខ្លាំង​បាន​និង​កំពុង​វាយ​ប្រហារ​ភាគ​ខាង​ជើង​នៃ​ប្រទេស​ឥណ្ឌា​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ​​។ ​នាយកដ្ឋាន​ឧតុ​និយម​ឥណ្ឌា ​(IMD) ​បាន​និយាយ​ថា​ រដ្ឋ​ក្បែរ​ខាង​នៃ​រដ្ឋ​ធានី​ញូវដែលី​ ​បាន​ទទួល​របប​ទឹក​ភ្លៀង​ក្នុង​កម្រិត​ខ្ពស់​​ជា​កំណត់​ត្រា​។ ​

រដ្ឋ​ Punjab និងរដ្ឋ​​ ​Himachal Pradesh ​ បាន​ទទួល​​​ទឹក​ភ្លៀង​ ១០០ ភាគរយ​ និង​​ ៧០ ភាគរយ​​​រៀង​គ្នា​ នៃ​​កម្រិតរបប​ទឹក​ភ្លៀង​​ជា​មធ្យម​ ដែល​រដ្ឋ​ទាំង​២​ទទួល​បាន​ប្រចាំ​ឆ្នាំ​​រួច​បាត់​ទៅ​ហើយ​។ ចំណែក​ឯកម្រិត​ទឹក​ភ្លៀង​នៅ​​ក្រុង​ញូវដេលី​វិញ​ ​បាន​ឡើង​ដល់​​ ១១២ ភាគរយ​ បើ​ប្រៀប​ធៀប​នឹង​របប​ទឹក​ភ្លៀង​ដែល​ក្រុង​នេះ​ទទួល​បាន​ជា​មធ្យម​ដូច​គ្នា​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្រៅ​តែ​ភាព​រង​គ្រោះ​នៅ​ក្រុង​ញូវដេលី​នាពេល​នេះ​ ទឹក​ភ្លៀង​ ទឹក​ជំនន់​ និង​ការ​រអិល​បាក់​ដី​ បាន​សម្លាប់​មនុស្ស​ ៨៨ នាក់​រួច​ទៅ​ហើយ​​នៅ​ក្នុង​រដ្ឋ​ ​Himachal Pradesh ចាប់​តាំង​ពី​​ថ្ងៃ​ទី​ ២៤ មិថុនា​ មក​៕

ប្រែសម្រួលដោយ៖ ហួន ឌីណា

ប្រភព​៖ Yamuna swells to record level, thousands evacuated as flood fears grip Delhi

New Delhi evacuates hundreds over risk of flooding after record rainfall

ads banner