កម្ពុជា និងថៃ កំពុងស្វែងយល់ពីសក្ដានុពល ដើម្បីជំរុញការវិនិយោគ និងទេសចរណ៍នៅខេត្តកោះកុង

កោះកុង៖ គណៈប្រតិភូសភាពាណិជ្ជកម្មខេត្តត្រាតនៃប្រទេសថៃ បានមកទស្សនកិច្ចស្វែងយល់ពីសក្ដានុពលផ្សេងៗនៅកំពង់ផែទេសចរណ៍ ខេត្តកោះកុង ដើម្បីពិភាក្សាក្នុងការជំរុញសេដ្ឋកិច្ច តាមរយៈការផ្សារភ្ជាប់ផ្លូវពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍រវាងខេត្តទាំងពីរ។

ប្រភពរដ្ឋបាលខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី១១ ខែកក្កដាថា គណៈប្រតិភូសភាពាណិជ្ជកម្មខេត្តត្រាត សហការជាមួយសភាពាណិជ្ជកម្មខេត្តកោះកុង បានអញ្ជើញមកទស្សនា និងធ្វើទស្សនកិច្ចស្វែងយល់ពីសក្ដានុពលផ្សេងៗ នៅកំពង់ផែទេសចរណ៍និងទំនិញរាយដងទង់ ស្ថិតនៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដើម្បីពិភាក្សាក្នុងការជំរុញសេដ្ឋកិច្ច តាមរយៈការផ្សារភ្ជាប់ផ្លូវពាណិជ្ជកម្ម ការវិនិយោគ និងវិស័យទេសចរណ៍រវាងខេត្តទាំងពីរ (កោះកុង-ត្រាត)។

ប្រភពដដែលឱ្យដឹងទៀតថា ក្រៅពីការពិភាក្សាក្នុងការជម្រុញផ្នែកសេដ្ឋកិច្ចហើយ ភាគីទាំងពីរក៏បានពិភាក្សាគ្នាដើម្បីផ្លាស់ប្ដូរបទពិសោធន៍ ក្នុងការប្រើប្រាស់ឱ្យបានជាប្រយោជន៍នូវកំពង់ផែខេត្តទាំងពីរ (កំពង់ផែទេសចរណ៍ និងទំនិញរាយដងទង់ ខេត្តកោះកុង-កំពង់ផែពហុបំណងខ្លងយ៉ៃ ខេត្តត្រាត) ក្នុងការធ្វើចរាចរណ៍ដឹកជញ្ជូនទំនិញ និងភ្ញៀវទេសចរណ៍ទៅវិញទៅមកផងដែរ។

លោក សុខ សុទ្ធី អភិបាល​រង​ខេត្ត​កោះកុង បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាពាណិជ្ជកម្មខេត្តត្រាតនាពេលនេះ គឺជាការចូលរួមមួយក្នុងការជំរុញសេដ្ឋកិច្ចក្នុងខេត្ត តាមរយៈការវិនិយោគ ការធ្វើពាណិជ្ជកម្ម និងលំហូរភ្ញៀវទេសចរណ៍មកកម្សាន្តរវាងខេត្តទាំងពីរផងដែរ។ បន្ថែមពីនេះ លោកបញ្ជាក់ថា ខេត្តកោះកុង គឺជាជាខេត្តមួយដែលមានកន្លែងកម្សាន្ត និងមានកោះធម្មជាតិដ៏ស្រស់ស្អាតៗជាច្រើន។

ក្រៅពីនេះទៀតលោកថា នៅពេលដែលខេត្តកោះកុងមានទំនាក់ទំនងល្អជាមួយខេត្តត្រាតនេះ វាក៏ជាការពង្រឹងទំនាក់ទំនងព្រំដែនរវាងខេត្តទាំងពីរ ជាពិសេសវាជួយពង្រឹងទំនាក់ទំនងល្អខាងផ្នែកនយោបាយ​​ថែមទៀតផង បើទោះបីជាកន្លងមកខេត្តទាំងពីរមានទំនាក់ទំនងល្អលើវិស័យទាំងនោះស្រាប់ក៏ដោយ។

លោក សុខ សុទ្ធី ថ្លែងថា៖ «យើងមានទំនាក់ទំនងល្អជាមួយគ្នាកន្លងមកហើយ ទាំងការវិនិយោគ ទាំងវិស័យទេសចរណ៍ ដូច្នេះបើសិនជាមានភាគីណាមួយចង់វិនិយោគនោះ គឺវានឹងជំរុញឱ្យមានការវិនិយោគបន្ថែមទៀតលើគ្នាទៅវិញទៅមក រកស៊ីជាមួយគ្នានិង ផ្លាស់ប្ដូរទំនិញគ្នាទៅវិញទៅមក។
ហើយឥលូវនេះយើងមានកំពង់ផែទៀត គឺវាកាន់តែមានទំនាក់ទំនងល្អជាមួយគ្នា និងធ្វើឱ្យសេដ្ឋកិច្ចកាន់តែរីកចម្រើនទៅមុខទៀត»។

គួរជម្រាបថា កំពង់ផែទេសចរណ៍ និងទំនិញរាយដងទង់ខាងលើនេះ ត្រូវបានដាក់សម្ពាធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ ២០២៣  ដែលកំពង់ផែនេះ គឺជាស្ថាបត្យកម្មថ្មីមួយដែលកើតចេញពីស្នាដៃកូនខ្មែរ ដោយមានរចនាបទបែបទំនើប សាងសង់ស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដែលធានានូវការប្រើប្រាស់យូរអង្វែង។

ថ្លែងនៅក្នុងពិធីនោះឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា កំពង់ផែថ្មី លើទឹកដីកោះកុង នឹងរួមចំណែកលើកកម្ពស់ការតភ្ជាប់ និងភាពសម្បូរបែប នៃការដឹកជញ្ជូនតាមផ្លូវសមុទ្រឱ្យកាន់តែខ្លាំងថែមទៀត។

ចំណែកអភិបាលខេត្តកោះកុង លោកជំទាវ មិថុនា ភូថង បានចាត់ទុកដែរថាកំពង់ផែថ្មីនេះ គឺជាចំណែកមួយក្នុងការតភ្ជាប់ និងភាពសម្បូរបែបនៃ ហេដ្ឋរចនាសម្ព័ន្ធផ្លូវសមុទ្រ នៅក្នុងខេត្តតំបន់ឆ្នេរទាំង៤ នៃកម្ពុជា ក៏ដូចជាលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន នៅក្នុងប្រទេសជាប់សមុទ្រទាំងបី នៃមហាអនុតំបន់មេគង្គ រួមមាន កម្ពុជា ថៃ និងវៀតណាមផងដែរ៕

ដោយ៖ ជា សុខនី

ads banner