រដ្ឋមន្ត្រីការបរទេសថៃថា អ្នកស្រី អ៊ុងសាន ស៊ូជី ដែលកំពុងជាប់ឃុំឃាំង ចង់បានការចចារជាមួយយោធាមីយ៉ាន់ម៉ា
ណៃពិដោ៖ អំឡុងពេលចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងហ្សាកាតា រដ្ឋមន្ត្រីការបរទេសថៃ លោកដុន ប្រាមូីណៃ (Don Pramudwinai) បានលាតត្រដាងប្រាប់ក្រុមអ្នកសារព័ត៌មាន ថាលោកបានជួយជាមេដឹកនាំបក្សប្រឆាំងលោកស្រី អ៊ុងសាន ស៊ូជី និងថាលោកស្រីជំរុញឱ្យមានការចចារជាមួយរបបយោធា ដើម្បីដោះស្រាយវិបត្តិភូមា។
លោក Don Pramudwinai បន្តថា៖ «អ្នកស្រី អ៊ុង សានស៊ូជី មានសុខភាពល្អធម្មតាទេ។ កិច្ចសន្ទនារបស់ពួកយើង បានប្រព្រឹត្តិទៅយ៉ាងល្អ»។
ឥស្សរជន លទ្ធិប្រជាធិបតេយ្យដ៏មានប្រជាប្រិយអ្នកស្រី អ៊ុង សានស៊ូជី ប្រឈមនឹងការជាប់ពន្ធនាគារ ៣៣ ឆ្នាំក្រោមការផ្ដន្ទាទោសជាច្រើន។ បច្ចុប្បន្ន អ្នកស្រី ត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារមួយក្នុងរដ្ឋធានី Naypyitaw និងមិនអនុញ្ញាតឱ្យមានចូលសួរសុខទុក្ខ រួមទាំងពីសំណាក់ក្រុមអ្នកច្បាប់ផងដែរ។
យ៉ាងណាមិញប្រសិនបើ អ្វីដែលរដ្ឋមន្ត្រីការបរទេសថៃ លោក Don Pramudwinai បាននិយាយជាការពិតនោះ លោកគឺជាមន្ត្រីរការបរទេសជាន់ខ្ពស់ទី១ ដែលបានជួបផ្ទាល់ជាមួយអ្នកស្រី ស៊ូជី ចាប់តាំងពីឃុំខ្លួនអ្នកស្រី ជាង២ឆ្នាំមកនេះ។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសរបស់ប្រទេសថៃ លោក Kanchana Patarachoke បានបញ្ជាក់បន្ថែមប្រាប់អ្នកកាសែតថា កិច្ចប្រជុំសម្ងាត់នេះពិតជាបានកើតឡើង គឺនៅថ្ងៃអាទិត្យ ដោយមានរយៈពេលជាងមួយម៉ោង។
នៅទីក្រុង ហ្សាកាតា រដ្ឋមន្ត្រីថៃបានសង្កត់ធ្ងន់លើអាទិភាពរបស់អាស៊ានក្នុងការសម្របសម្រួលដំណើរការសន្តិភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលលោកបាននិយាយថា ត្រូវតែចាប់ផ្តើមពីភាគីពាក់ព័ន្ធចម្បងពីរនៅក្នុងជម្លោះ គឺរបបយោធា និងមេដឹកនាំស៊ីវិល។
ថៃមានទំនាក់ទំនងយោធាជិតស្និទ្ធជាមួយមីយ៉ាន់ម៉ា ហើយកាលពីខែមុន ទីក្រុងបាងកកបានរៀបចំកិច្ចប្រជុំក្រៅផ្លូវការមួយនៅក្រៅក្របខណ្ឌអាស៊ានដែលផ្តោតលើវិបត្តិនយោបាយរបស់មីយ៉ាន់ម៉ា និងថែមទាំងបានអញ្ជើញរដ្ឋមន្ត្រីការបរទេសដែលតែងតាំងដោយរបបយោធាលោក Than Swe មកចូលរួមថែមទៀតផង។
ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំនេះ វិបត្តិនយោបាយភូមានៅតែជារបៀបវារៈចម្បងដែលរួមអាស៊ានត្រូវរួមគ្នាគិតដើម្បីដោះស្រាយ។ អាស៊ានខ្លួនឯងផ្ទាល់ក៏កំពុងស្ថិតក្រោមសម្ពាធអន្តរជាតិក្នុងការដោះស្រាយវិបត្តិនេះ ដោយសារការហាមប្រាមមេទ័ពមីយ៉ាន់ម៉ាមិនឱ្យចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅទីក្រុងហ្សាកាតា។
គួររំឮកថា របបយោធាភូមា បានធ្វើរដ្ឋប្រហារកាលពីដើមឆ្នាំ ២០២១។ ចាប់តាំងពីពេលនោះមកប្រទេសមីយ៉ាន់ម៉ា ត្រូវស្ថិតក្រោយទណ្ឌកម្មអន្តរជាតិ និងត្រូវបានសមាជិកអាស៊ានផាត់ចេញ មិនអនុញ្ញាត្តឱ្យចូលរួមកិច្ចប្រជុំនានា ទាំងអន្តរជាតិ និងកិច្ចប្រជុំថ្នាក់តំបន់៕
ប្រែសម្រួលដោយ៖ ស្រ៊ុន សិរីវឌ្ឍនៈ
ប្រភព៖ https://www.reuters.com/world/asia-pacific/thai-foreign-minister-says-he-met-with-myanmars-jailed-leader-suu-kyi-2023-07-12/