ឥណ្ឌូនេស៊ី ៖ កោះបាលី បានអនុម័តយកពន្ធទេសចរណ៍ចំនួន ១០ដុល្លារ នៅឆ្នាំក្រោយ

ហ្សាការតា៖ មន្ត្រីឥណ្ឌូនេស៊ី បានថ្លែងកាលពីថ្ងៃទី១២ខែកក្កដាថា បាលីនឹងកំណត់យកពន្ធចំនួន ១៥០,០០០រូពី ឬស្មើនឹង(១០ ដុល្លារ) ទៅលើភ្ញៀវទេសចរដែលចូលទៅលេង «Island of Gods» ចាប់ពីឆ្នាំក្រោយតទៅ ដើម្បីថែរក្សាសម្បត្តិវប្បធម៌របស់ខ្លួន។

ប្រជុំកោះរបស់ប្រទេសឥណ្ឌូនេស៊ីកំពុងទាក់ទាញភ្ញៀវទេសចរបរទេសររាប់លាននាក់ជារៀងរាល់ឆ្នាំ ហើយបណ្ដាកោះដែលមានឆ្នេរស្អាតៗក៏កំពុងពង្រីកប្រជាប្រិយភាពរបស់ខ្លួន ដើម្បីស្រូបទាញយកចំណូល និងការពារតំបន់ត្រូពិកផងដែរ។

លោក I Wayan Koster បានប្រាប់ទៅមន្ត្រីក្នុងស្រុកថា៖«ការបង់ថ្លៃរបស់ភ្ញៀវទេសចរបរទេសនេះ គឺអនុវត្តតែម្តងប៉ុណ្ណោះកំលុងពេលដែលពួកគេទៅលេងកោះបាលី»។

លោក​បាន​បន្ត​ថា ថ្លៃ​សេវា​នេះ​នឹង​ត្រូវ​បង់​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក ហើយ​ពន្ធនេះ​អនុវត្ត​ចំពោះ​ភ្ញៀវ​ទេសចរ​បរទេសណា​ដែល​ចូល​មកលេង​កោះ​បាលី​ពី​ក្រៅប្រទេស ឬ​មកពីតំបន់​ផ្សេង​ទៀត​នៃ​ប្រទេស​ឥណ្ឌូនេស៊ី។ សម្រាប់ការយកពន្ធនេះនឹងមិនអនុវត្តចំពោះអ្នកទេសចរជាជនជាតិឥណ្ឌូនេស៊ីនោះទេ។

បើយោងតាមតួលេខផ្លូវការបានបញ្ជាក់ថា ភ្ញៀវទេសចរជាងពីរលាននាក់បានមកលេងកម្សាន្តនៅលើកោះបាលីកាលពីឆ្នាំមុន ខណៈដែលកោះនេះបានកំពុងងើបឡើងវិញពីវិបត្តិនៃជំងឺរាតត្បាតកូវីដ១៩ ដែលបានដាក់ចេញនូវគោលការណ៍មិនអត់ឱនចំពោះអ្នកបំពានច្បាប់នោះទេ។

នៅពេលដែលគេសួរអំពីការយកពន្ធថ្មីនេះ ដែលអាចនឹងរារាំងភ្ញៀវទេសចរឬទេនោះ លោក Koster បានឆ្លើយថា អាជ្ញាធរជឿជាក់ថាចំនួនភ្ញៀវទេសចរនឹងមិនធ្លាក់ចុះនោះទេ។

លោកបន្ថែមថា៖«វាមិនមែនជាបញ្ហាទេ យើង​នឹង​បន្តអភិវឌ្ឍទាំងផ្នែកបរិស្ថាន វប្បធម៌ ហើយ​យើង​នឹងព្យាយាម​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ឱ្យកាន់តែប្រសើរ ដើម្បីឱ្យការធ្វើដំណើរទៅកោះបាលីកាន់តែមានផាសុកភាព និងសុវត្ថិភាព»។

បន្ទាប់ពីព្រឹត្តិការណ៍ជាច្រើនពាក់ព័ន្ធនឹងការមើលងាយវប្បធម៌នៃកោះហិណ្ឌូនោះ ខាងអជ្ញាធរនឹងបង្រ្កាបអ្នកធ្វើដំណើរណាដែលមានអាកប្បកិរិយាមិនសមរម្យ។

តួយ៉ាងខាងអន្តោប្រវេសន៍របស់​កោះបាលីក៏​បាន​និរទេស​ស្ត្រី​ជនជាតិដាណឺម៉ាក​ម្នាក់​កាលពី​ខែ​មុន ​បន្ទាប់​ពី​នាង​ត្រូវ​បាន​គេ​ថត​ជា​សាធារណៈ​ខណៈ​កំពុង​ជិះ​ម៉ូតូ។

ចំណែកស្ត្រីជនជាតិរុស្សីម្នាក់ទៀតក៏ត្រូវបានគេបណ្តេញចេញពីកោះនេះផងដែរកាលពីខែមេសា ដោយសារតែនាងបានបង្ហោះរូបអាក្រាតកាយរបស់នាងនៅពីមុខដើមឈើមួយ។

ដោយឡែកកាលពីខែមិថុនា រដ្ឋាភិបាលក្នុងតំបន់បានដាក់ចេញនូវសៀវភៅណែនាំសម្រាប់អ្នកទេសចរដែលមានបំណងចង់ទៅលេងកោះបាលី បន្ទាប់ពីទទួលបានការអនុម័តពីការិយាល័យអន្តោប្រវេសន៍របស់កោះនេះផងដែរ៕

ប្រែសម្រួល៖ នី ស្រីពៅ

ប្រភព៖ Bangkok Post https://www.bangkokpost.com/world/2610451/bali-to-impose-10-tourist-tax

ads banner