ការស្ទង់មតិបង្ហាញថា អ្នកប្រើប្រាស់បណ្តាញសង្គមថៃភាគច្រើនចង់ឱ្យលោក ភីថា ធ្វើជានាយករដ្ឋមន្រ្តី
បាងកក៖ ការស្ទង់មតិមួយរកឃើញថា អ្នកលេងបណ្ដាញសង្គមថៃភាគច្រើនចង់ឃើញមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ (MFP) លោក ភីថា លីមចារើនរ៉ាត់ ជាប់ឆ្នោតជានាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេសថៃ។

ក្រុមហ៊ុន Dataxet Co Ltd ដែលជាក្រុមហ៊ុនផ្តល់ការត្រួតពិនិត្យប្រព័ន្ធផ្សព្វផ្សាយ និងការស្តាប់មតិក្នុងសង្គម បានបញ្ជាក់ថា មុនការបោះឆ្នោតសភា ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីទី ៣០ អ្នកប្រើប្រាស់បណ្តាញសង្គមថៃរហូតដល់ ៦៥.៧ភាគរយចង់ឃើញគណបក្សចម្រុះទាំង ៨ បង្កើតរដ្ឋាភិបាលថ្មីដោយជោគជ័យ ហើយចង់ឱ្យលោក ភីថា លីមចារើនរ៉ាត់ ធ្វើជានាយករដ្ឋមន្ត្រី។

មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ (MFP) លោក ភីថា លីមចារើនរ៉ាត់ បានថ្លែងអះអាងថា ខ្ញុំមានទំនុកចិត្តលើខ្លួនឯងថា ខ្ញុំនឹងធ្វើការដោយពេញសមត្ថភាពរបស់ខ្ញុំ ដើម្បីឆ្លើយតបទៅនឹងក្ដីសង្ឃឹមរបស់ប្រជាជន និងការគាំទ្រដែលប្រជាជនបានផ្ដល់ឱ្យខ្ញុំ។

ទោះបីជាយ៉ាងណា តបតាមអនុសាសន៍របស់គណៈកម្មការរៀបចំការបោះឆ្នោតថៃ តុលាការក្រុមប្រឹក្សាធម្មនុញ្ញថៃបានផ្អាកសមាជិកភាពសភារបស់លោក ភីថា ជាបណ្តោះអាសន្នសិន ជុំវិញការចោទប្រកាន់ថា រូបលោកបានបំពានគោលការណ៍ឃោសនាបោះឆ្នោត។ បញ្ហានេះបានកើតមានឡើងចំពេលដែលសភាថៃនឹងត្រូវរៀបចំការបោះឆ្នោត ដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី នៅថ្ងៃទី១៣ ខែកក្កដានេះ៕

ប្រភព៖ AFP និង The Nation ប្រែសម្រួលដោយ៖ ឈឹម ទីណា