ឯកឧត្តម ព្រុំ សុខា ធ្វើបាឋកថា ស្តីពី«ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ» ជូនដល់នាយក នាយិកា វិទ្យាល័យ មកពីរាជធានី-ខេត្តទូទាំងប្រទេស
(ភ្នំពេញ)៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាប្រធានគណ:កម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ នៅវិទ្យាស្ថានជាតិអប់រំ បានអញ្ជើញផ្តល់បាឋកថាស្ដីពី «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យ ក្នុងរដ្ឋបាលសាធារណៈ» ជូនដល់លោក លោកស្រី ជានាយក នាយិកា វិទ្យាល័យមកពីរាជធានី- ខេត្តទូទាំងប្រទេសសរុបជាង ៦០០នាក់ ។

ឯកឧត្តម រដ្ឋមន្ត្រី បានលើកឡើងថា មនុស្សគ្រប់រូបទោះជាសិ្ថតនៅក្នុងតួនាទី ឋានៈ នៅក្នុងស្រទាប់សង្គមណាក៏ដោយ គឺសុទ្ធតែមិនអាចខ្វះភាពជាអ្នកដឹកនាំសម្រាប់ជីវិតរបស់ខ្លួនបានឡើយ។ ភាពជាអ្នកដឹកនាំនេះកាន់តែមានសារៈសំខាន់ថែមទៀត ចំពោះបុគ្គលិកសិក្សា នាយកសាលា លោកគ្រូ អ្នកគ្រូ ដែលជាអ្នកដើរតួចម្បងក្នុងការចែករំលែកចំណេះដឹង និងផ្សព្វផ្សាយព័ត៌មានពិតនិងសច្ចភាពទៅដល់សិស្សានុសិស្ស សម្រាប់ជំរុញការគិតនិងការសម្រេចចិត្តដើម្បីដឹកនាំជីវិតប្រកបដោយនវានុវត្តន៍សំដៅ ជម្នះរាល់ការលំបាក និងឧបសគ្គ ក្នុងការកសាងអនាគតរៀងៗខ្លួន។

ឯកឧត្តម បន្តទៀតថា ទោះបីនៅលើពិភពលោកយើងនេះមានករណីសិក្សាជាច្រើនយ៉ាងណាក្តី ប៉ុន្តែសម្រាប់កម្ពុជា ភាពជាអ្នកដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ពិតជាថ្លៃថ្លាអស្ចារ្យគ្មានពីរ គឺការដឹកនាំពោរពេញដោយពលិកម្មដ៏ធំធេងមហិមារបស់សម្តេច ក្នុងការបញ្ចប់សង្គ្រាម ដើម្បីនាំសង្គមជាតិកម្ពុជា មកកាន់សុខសន្តិភាព ឯកភាពជាតិ និងមានការអភិវឌ្ឍប្រកប ដោយវិបុលភាពដូចបច្ចុប្បន្ន និងឈានឆ្ពោះទៅកាន់អនាគតភ្លឺស្វាងរុងរឿងពោរពេញដោយក្តីសង្ឃឹម និងមោទនភាពជាតិ។
គួរបញ្ជាក់ថា មាតិកាសំខាន់ៗចំនួន ៥ នៃបាឋកថាដែលរៀបចំឡើងរយៈពេលពេញមួយថ្ងៃនេះ រួមមាន៖. ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍. គុណាធិបតេយ្យ .កំណែទម្រង់រដ្ឋបាលសាធារណៈ. តួនាទីរបស់ រដ្ឋាភិបាល និង សេចក្តីសន្និដ្ឋាន។ មកដល់ពេលនេះ ឯកឧត្តមរដ្ឋមន្រ្តី ព្រុំ សុខា បានផ្តល់បាឋកថាជូនដល់មន្រ្តីរា ជការសាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូ សិស្ស និស្សិត បានចំនួនជាង ១ម៉ឺន នាក់រួចមកហើយ ៕



ដោយ ង៉ាន់ ទិត្យ រូបភាព ងីម ឆៃហួត