​ប៉ូលិស​ថៃ ​​ចាប់​​​ខ្លួន​ជន​ជាតិ​​អាល្លឺម៉ង់​​ពីរនាក់​ ​ពាក់​ព័ន្ធ​នឹង​ការ​សម្លាប់​មនុស្ស​ហើយ​ដាក់​សព​​​​ក្នុង​​ទូ​​ទឹកកក​​

ថៃ៖ ប៉ូលិស​ថៃ​បាន​ចាប់​ខ្លួន​ជន​ជាតិ​អាល្លឺម៉ង់​​ពីរ​នាក់​ ពាក់​ព័ន្ធ​នឹង​ការ​សម្លាប់​ជន​ជាតិ​អាល្លឺម៉ង់​​ម្នាក់​ទៀត ​ដោយ​កាត់​សាកសព​ជា​បំណែកៗ​ រួច​​ដាក់​​ក្លាសេ​ក្នុង​ទូទឹកកកដាក់​នៅ​ក្នុង​ផ្ទះ​មួយ​កន្លែង​ មុន​ពេល​ប៉ូលិស​តាម​ដាន​ឃើញ​។ ​ ​

​កាសែត​ក្នុង​ស្រុក​ថៃ​ Khaosod ​បាន​រាយការណ៍កាល​ពី​ថ្ងៃ​ពុធ​​ថា​ បុរស​ជន​ជាតិ​អាល្លឺម៉ង់​វ័យ​ ៥២ ឆ្នាំ​ ត្រូវ​បាន​ចាប់​ខ្លួន​​​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​នៅ​ទីក្រុង​បាងកក​ ហើយ​ស្ត្រី​ជន​ជាតិ​អាល្លឺម៉ង់​វ័យ​ ៤៧ ឆ្នាំ​ម្នាក់​ទៀត​ដែល​ជា​មិត្ត​ភក្តិ​ជិត​ស្និទ្ធិនឹង​​គ្នា​ បាន​​ចូល​ខ្លួនប្រគល់​​ទៅ​ប៉ូលិស​​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​។  ​

បើ​តាម​លោក​ Tawee Kudthalaeng ​អធិការ​នគរបាល​ក្រុង​ Nong Prue ​​​បានឱ្យដឹងថាជន​សង្ស័យ​​​ជន​ជាតិ​អាល្លឺម៉ង់​ទាំង​ពីរនាក់​ ត្រូវ​បាន​ចោទ​​ប្រកាន់​ពី​បទ​មនុស្ស​ឃាត​ ។ទន្ទឹមនេះ​ប៉ូលិសក៏​កំពុង​តាម​ចាប់​​ជន​សង្ស័យ​ទី​៣​ម្នាក់ទៀត​។ ប៉ុន្តែ​លោក​ Kudthalaeng ​មិន​​បាន​​ផ្តល់​​ព័ត៌មានលំអិតទាក់ទងនឹងជនសង្ស័យទី៣នេះទេ។

ការ​ចាប់​ខ្លួន​ជនជាតិអាល្លឺម៉ង់នេះធ្វើ​ឡើង​បន្ទាប់​ពី​ប៉ូលិស​ថៃ​ បាន​រក​ឃើញ​បំណែក​សាក​សពរបស់​​បុរស​ជន​ជាតិ​អាល្លឺម៉ង់​ម្នាក់​ ឈ្មោះ​ Hans-Peter Mack វ័យ​ ៦២ ឆ្នាំ ​​​ក្នុង​​ទូរ​ក្លាសេ​​​ក្នុង​​ផ្ទះ​​មួយកន្លែង​​​​នៅ​​​​​ក្រុង​ Nong Prue​ នៃ​ខេត្ត​ឈុន​បុរី​ កាល​ពី​យប់​ថ្ងៃ​ចន្ទ​។ ទូទឹក​កក​​​នោះ​​ ត្រូវ​បាន​បុរសជន​​​​ជាតិ​អាល្លឺម៉ង់​ ដែល​ជា​ជន​សង្ស័យ​ ​បញ្ជូន​យក​ទៅ​ដាក់​នៅ​កន្លែង​​នោះ​។

តាម​ការ​ចុះ​ផ្សាយ​​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ AP ​លោក​ ​Mack ដែល​ជា​ឈ្មួញ​កណ្តាល​ក្នុង​វិស័យ​អចលន​ទ្រព្យ​ជន​ជាតិ​អាល្លឺម៉ង់​ និង​ជា​អ្នក​រស់​នៅ​ប្រទេស​ថៃ​អស់រ​យៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​ ​មុន​ពេល​ប្រពន្ធ​ជន​ជាតិ​ថៃ​របស់​លោក​ រាយការណ៍​ថា​លោក​​បាត់​ខ្លួន​​​កាល​ពី​មួយ​សប្ដាហ៍​មុន​។

ក្រោយ​ការ​បាត់​ខ្លួន​ ​ប៉ូលិស​​​បាន​​ផ្តិត​​យក​​រូប​ភាព​​កាមេរ៉ា​​សុវត្ថិភាព​ ដើម្បី​​ស្វែង​រក​តម្រុយ​​​ពី​លោក​ ដោយ​សង្ឃឹម​ថា​លោក​នៅ​រស់​ មុន​ពេល​រក​ឃើញ​សាព​សព​របស់​លោក​ក្នុង​ទូរទឹក​កក​នោះ​។ ​ក្រុម​អ្នក​ស៊ើប​ង្កេត​បាន​​រក​ឃើញ​ថា​ លុយ​មួយ​ចំនួន​ធំ​​ត្រូវ​​បាន​ដក​​ចេញ​ពី​​គណនី​ធនាគារ​របស់​លោក Mack ​ ដែល​ធ្វើ​ឱ្យ​ប៉ូលិស​សន្និដ្ឋាន​ជា​បឋម​ថា​ ​ការ​សម្លាប់​លោក​អាច​ពាក់​ព័ន្ធ​នឹង​​ឧក្រិដ្ឋកម្ម​​​​ជំរិត​ទារ​ប្រាក់​ ហើយ​ប្រហែល​ជា​លោក​ត្រូវ​បាន​គេ​ធ្វើ​ទណ្ឌកម្ម​មុន​ពេល​សម្លាប់៕

ប្រែសម្រួលដោយ៖ ហួន ឌីណា ប្រភព​៖  Thailand arrests 2 Germans over body found in freezer  

ads banner