អូស្រ្តាលី ផ្ដល់រថពាសដែកជាច្រើនបន្ថែមទៀតទៅកាន់អ៊ុយក្រែន បន្ទាប់ពីកិច្ចប្រជុំណាតូបានបិទបញ្ចប់
លីទុយអានី៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក អាន់តូនី អាល់បេនីស (Anthony Albanese) បានចូលរួមក្នុងកិច្ចប្រជុំអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬហៅកាត់ថា អង្គការណាតូ ក្រោមការរៀបចំដោយប្រទេសលីទុយអានី។ ក្នុងឱកាសនោះដែរ លោកបានលើកឡើងថា អូស្រ្តាលីនឹងផ្ដល់រថពាសដែកបន្ថែមទៀតចំនួន ៣០ គ្រឿងទៅកាន់អ៊ុយក្រែន ក្រោយពីមានការស្នើរសុំនូវយានការពារដើម្បីដឹកទាហានជួរមុខនៅសមរភូមិប្រយុទ្ធ។
នៅថ្ងៃពុធ ទី១២ ខែកក្កដា លោក អាល់បេនីស បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) បន្ទាប់ពីលោកបានចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ ជាមួយដៃគូមកពីប្រទេសចំនួនបួនក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វ៊ិក។
លោក អាល់បានីស បានថ្លែងប្រាប់ទៅអ្នកសារព័ត៌មាននារដ្ឋធានីវីលនីញូស ប្រទេសលីទុយអានី ថា «នៅក្នុងពិភពលោកមួយដែលពោពេញទៅដោយទំនាក់ទំនងគ្នាយ៉ាងស្នុកស្មាញ អ៊ុយក្រែនមិនមែនគ្រាន់តែប្រយុទ្ធដើម្បីអធិបតេយ្យភាពជាតិរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែវាជាការតស៊ូដើម្បីការពារច្បាប់អន្តរជាតិ ហើយនេះគឺជាការតស៊ូដែលជះឥទ្ធិពលដល់ពិភពលោកទាំងមូល»។
គួរបញ្ជាក់ដែរថា ការផ្ដល់រថពាសដែកចំនួន ៣០គ្រឿងនេះ មានទំហំទឹកប្រាក់ប្រមាណ ៦៧ លានដុល្លារអាមេរិក។ ជំនួយបន្ថែមលើកនេះ បូករួមទាំងលើកមុនៗផងនោះ អូស្ត្រាលីបានផ្ដល់រថពាសដែកទៅកាន់អ៊ុយក្រែនសរុបទាំងអស់ចំនួន ១២០ គ្រឿងហើយ។ ជំនួយដ៏ច្រើននេះ បានធ្វើឱ្យប្រទេសអូស្រ្តាលី ក្លាយជាប្រទេសមិនមែនសមាជិកអង្គការណាតូទីមួយដែលបានផ្ដល់ជំនួយទៅកាន់អ៊ុយក្រែន។
គួរដឹងដែរថា មេដឹកនាំប្រទេសទាំង ៤ ដែលបានទៅចូលរួមកិច្ចប្រជុំរបស់អង្គការណាតូកាលពីថ្ងៃពុធ រួមមានប្រទេសអូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង និងនូវែលសេឡង់។ ប្រទេសទាំងបួននេះផងដែរ គឺជាដៃគូយ៉ាងជិតស្និទ្ធរបស់អង្គការណាតូ។
កន្លងមក ទីក្រុងប៉េកាំងតែងតែបានសម្តែងការប្រឆាំងចំពោះអង្គការណាតូ ដែលបានខិតខំពង្រីកឥទ្ធិពលរបស់ខ្លួនចូលទៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វ៊ិក ហើយបានរិះគន់សម្ព័ន្ធភាពនេះថា ដោយបដិសេធពាក់ព័ន្ធនឹងការចោទប្រកាន់ប្រទេសចិនថាបានប្រកួតប្រជែងផលប្រយោជន៍ និងសន្តិសុខនៅក្នុងតំបន់។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ អង្គការណាតូបានលើកឡើងថា «ប្រទេសចិនបាននឹងកំពុងចង់ប្រកួតប្រជែងយកផលប្រយោជន៍ សន្តិសុខ និងតម្លៃជាសកល ដោយប្រើប្រាស់មហិច្ឆតា និងគោលនយោបាយគំរាមកំហែងរបស់ខ្លួន។
លោក អាល់បេនីស បានសរសេរនៅក្នុងគណនី Twitter បន្ទាប់ពីលោកជួបជាមួយ លោក ហ្សេលេនស្គី ថា «អូស្ត្រាលីសូមធ្វើការប្ដេជ្ញាយ៉ាងមុតមាំថា យើងនឹងរុញច្រានប្រឆាំងនឹងរដ្ឋទាំងឡាយណាដែលចង់ផ្លាស់ប្តូរប្រព័ន្ធសណ្ដាប់ធ្នាប់អន្តរជាតិតាមរយៈកម្លាំងយោធា»។ ជាក់ស្ដែង កាលពីខែមេសា អូស្ត្រាលីបានអះអាងថា ប្រទេសចិនកំពុងធ្វើការពង្រីកវិស័យយោធារបស់ខ្លួនយ៉ាងគំហុកមិនធ្លាប់មានពីមុនចាប់តាំងពីសង្គ្រាមលោកលើកទី២មក៕
ប្រែសម្រួលដោយ៖ ធា សុណា
ប្រភពព័ត៌មាន៖ Reuters Australia gives more Bushmaster vehicles to Ukraine after NATO meet