ជើងឯកទាញព្រ័ត្រថ្នាក់ជាតិឆ្នាំ២០២៣ ជាការប្រកួតប្រចាំឆ្នាំចម្រាញ់ យកជើងខ្លាំង ត្រៀមចូលរួមស៊ីហ្គេមនៅថៃ

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ បានបើក ការ ប្រកួតផ្លូវការហើយ នាព្រឹកថ្ងៃទី១៣ ខែកក្តដា នៅរង្វង់មូល នាងមច្ឆា ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

លោក ចាប រតនា អគ្គលេខាធិកា សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ ដំណើរការប្រកួតរយៈពេល៤ថ្ងៃនេះ មានសមាគមន៍និងក្លិបរាជធានីខេត្តចូលរួមសរុប១២ ដោយធ្វើការប្រកួតលើ៤វិញ្ញាសា រួមមានវិញ្ញាសា ប្រកួត៨ទល់៨បុរស ប្រកួត៨ទល់៨នារី .វិញ្ញាសា ប្រកួត៤ទល់៤បុរស និងវិញ្ញាសាប្រកួត៤ទល់៤នារី។

អគ្គលេខាធិការខាងលើ បានគូសបញ្ជាក់ថា ការប្រកួតជើងឯកថ្នាក់ជាតិក្នុងឆ្នាំ២០២៣នេះ ការប្រកួតខុសប្លែកពីការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំកន្លងទៅៗ គឺ សហព័ន្ធជ្រើសរើសកីឡាករកីឡាការិនីដែលមានគុណភាពប៉ុណ្ណោះ។ មានន័យថា មុននិងចូលរួមបានសម្រាប់ការប្រកួតថ្នាក់ជាតិ សមាគមន៍ ក្លិបរាជធានីខេត្តទាំងអស់ត្រូវមានការចំរាញ់កីឡាករកីឡាការិនីប្រកួតជម្រុះនៅតាមក្លិបសមាគមន៍ជាមុនសិន ដោយជ្រើសរើសកីឡាករកីឡាការិនីឆ្នើមបញ្ជូនមកចូលរួមប្រកួតជើងឯកថ្នាក់ជាតិនៅរាជធានីភ្នំពេញ។

លោកថា មូលហេតុដែលសហព័ន្ធមានការពង្រឹងបែបនេះ ព្រោះតែសហព័ន្ធបានយកជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ ដែលជាការប្រកួតគាំ្រទ្រថវិកាដោយក្រសួងអប់រំយុវជននិងកីឡា ដើម្បីចំរាញ់យកកីឡាករកីឡាការិនីខ្លាំងៗដណ្តើមបានជ័យលាភីពីការប្រកួតយកមកហ្វឹកហាត់បំប៉នសមត្ថភាពត្រៀមចូលរួមស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ក្នុងឆ្នាំ២០២៥។ខណៈដែលប្រទេសថៃម្ចាស់ផ្ទះនឹងដាក់បញ្ចូលកីឡាទាញព្រ័ត្រទៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ។

ឯកឧត្តម បណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានថ្លែងលើកឡើងថា តាមរយៈជើងឯកថ្នាក់ជាតិឆ្នាំ២០២៣នេះ ក្នុងនាមប្រធានសហព័ន្ធសូមផ្ញើរសារអំពាវនាវឲ្យសមាគមន៍ក្លិបទាញព្រ័ត្រទាំងអស់ប្រឹងប្រែងរៀបចំបញ្ជូនកីឡាករកីឡាការិនីមកចូលរួមការប្រកួតជើងថ្នាក់ជាតិនៅឆ្នាំក្រោយឲ្យបានច្រើន ព្រោះថា ជើងឯកថ្នាក់ឆ្នាំ២០២៣នេះ ការចូលរួមមានត្រឹម៥០%ប៉ុណ្ណោះ ។ខណៈសមាគមន៍ក្លិបកីឡាទាញព្រ័ត្របច្ចុប្បន្នមានរហូតដល់២៨ ។

ឯកឧត្តម ប្រធាន សហព័ន្ធ អះអាងថា ប្រសិនបើមានការចូលរួមផុសផុលច្រើនក្រុមជាងឆ្នាំ២០២៣នេះ សហព័ន្ធ នឹងរៀបចំឲ្យមានការប្រកួតក្របខណ្ឌក១ និងក្របខណ្ឌក២ ដើម្បីជាការលើកទឹកចិត្តឲ្យវិស័យកីឡាទាញព្រ័ត្រនៅកម្ពុជាកាន់តែផុសផុល។

ឯកឧត្តម បានគូសបញ្ជាក់បន្ថែមថា សហព័ន្ធនឹងខិតខំជំរុញធ្វើឲ្យកីឡាទាញព្រ័ត្រក្លាយជាកីឡាទំនើបដែលអាចឈានជើងចូលរួមស៊ីហ្គេម អាស៊ីហ្គេម និងពិភពលោក។

ឯកឧត្តម ប្រធានសហព័ន្ធ បានស្នើសុំឲ្យកីឡាករកីឡាការិនី ដែលចូលរួមក្នុងការប្រកួតកីឡាទាញព្រ័ត្រ ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣នេះ ត្រូវយកចិត្តទុកដាក់ខិតខំអស់ពីលទ្ធភាពក្នុងការប្រកួតឈរលើគោលការណ៍លេងដោយយុត្តិធម៌ ឈរលើស្មារតីសាមគ្គី គោរពវិន័យ និងអនុវត្តន៍ឲ្យបានល្អប្រសើរនូវបទបញ្ជានៃការប្រកួត។

ក្នុងនាមប្រធានសហព័ន្ធ ឯកឧត្តម សូមថ្លែងអំណរគុណចំពោះការឧបត្ថម្ភរាល់បណ្តាក្រុមហ៊ុនដៃគូដែលបានផ្តល់នៅទីតាំងប្រកួតនិងថវិកាក្នុងការចូលរួមជំរុញឲ្យការប្រកួតដំណើរបាន ដើម្បីចំរាញ់ជ្រើសរើសបានកីឡាករកីឡាការិនីឆ្នើមៗសម្រាប់ការប្រកួតអន្តរជាតិនានា ពិសេស ព្រឹត្តិការណ៍កីឡាប្រកួតកីឡាស៊ីហ្គេម នៅប្រទេសថៃឆ្នាំ២០២៥ ៕

អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner