ជនរងគ្រោះគ្រឿងញៀនមួយចំនួន កំពុងទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនៅមណ្ឌលបន្សាបគ្រឿងញៀន
ភ្នំពេញ៖ មន្រ្តី និងអ្នកជំនាញបានលើកឡើងថា ក្រោមកិច្ចសហការផ្តល់ការបង្រៀនដោយគ្រូមកពីក្រសួងស្ថាប័នជំនាញរបស់រាជរដ្ឋាភិបាល ជនរងគ្រោះដោយសារគ្រឿងញៀនមួយចំនួនកំពុងទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដើម្បីទុកជាទុនសម្រាប់ប្រកបរបរជីវិតនៅពេលពួកគេត្រឡប់ទៅរស់នៅសហគមន៍វិញ។
ការលើកឡើងនេះ បានធ្វើឡើងអំឡុងពេលលោក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើទស្សនកិច្ចនិងសំណេះសំណាលជាមួយជនរងគ្រោះកំពុងសម្រាកព្យាបាលស្តារនីតិសម្បទាផ្តាច់ភាពញៀននិងទទួលការបណ្តុះបណ្តាលចំណេះជំនាញ នៅមជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កែ ស៊ីនួន បាត់ដំបង ដែលមានទីតាំងនៅភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។ នេះបើតាមអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ក្នុងឱកាសនោះដែរ លោក កែ ស៊ីនួន ប្រធានមជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន មានប្រសាសន៍ថា ជនរងគ្រោះដោយសារធាតុញៀនទាំងអស់ទទួលបានការព្យាបាល ស្តារនីតិសម្បទាប្រកបដោយប្រសិទ្ធភាព និងទទួលបានការបណ្តុះបណ្តាលចំណេះជំនាញសម្រាប់បំណិនជីវិត។លោកបន្តថា ៖«ជំនាញទាំងនោះរួមមាន ជាងអគ្គិសនី ម៉ាស៊ីនត្រជាក់ ពេទ្យសត្វ សំណង់ស៊ីវិល កសិកម្មចិញ្ចឹមសត្វ និងកែឆ្នៃម្ហូបអាហារ ក្រោមកិច្ចសហការផ្តល់ការបង្រៀនពីគ្រូមកពីក្រសួងស្ថាប័នជំនាញរបស់រាជរដ្ឋាភិបាលដើម្បីពួកគេមានទុនអាចប្រកបរបរចិញ្ចឹមជិវិតបានពេលពួកគាត់ត្រឡប់ទៅរួមរស់ជាមួយក្រុមគ្រួសារនិងសហគមន៍វិញ»។
នាឱកាសនោះលោក លឹម តុងហួត បានកោតសសើរដល់ប្រធាន បុគ្គលិក ទាំងអស់ដែលបានរៀបចំមជ្ឈមណ្ឌលមានបរិស្ថានល្អ ឈរលើស្មារតីរួមតែមួយអត់ធ្មត់ជួយសង្រ្គោះជនរងគ្រោះដោយសារគ្រឿងញៀនប្រកបដោយការទទួលខុសត្រូវ។ បន្ថែមពីនេះលោកអរគុណដល់ថ្នាក់ដឹកនាំទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិដែលបានផ្តល់កិច្ចគាំទ្រសហការ ជួយពង្រឹងប្រសិទ្ធភាពគុណភាពការផ្តល់សេវាដល់ជនរងគ្រោះ។
ក្នុងឱកាសនោះដែរ លោកសំណូមពរដល់ជនរងគ្រោះទាំងអស់ឱ្យចេះស្រឡាញ់រាប់អានគ្នា ជួយគ្នា ថែរក្សាសុខភាព ខិតខំប្រឹងប្រែងរៀនសូត្រទទួលបានជំនាញពិតប្រាកដ កែប្រែខ្លួនឱ្យក្លាយជាពលរដ្ឋមានគុណភាពសម្រាប់ខ្លួនឯង គ្រួសារនិងសង្គមជាតិ។

ពាក់ព័ន្ធគ្រឿងញៀននេះដែរ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មី នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីថ្ងៃទី ១៣ ខែកក្កដា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្ដេចក្រឡាហោម ស ខេង បានថ្លែងថា អាជ្ញាធរកំពុងបើកការប្រយុទ្ធប្រឆាំងជាមួយនឹងបទល្មើសដែលកើតមាននៅមូលដ្ឋានដូចជា ចោរលួច ប្លន់ គ្រឿងញៀន និងការជួញដូរមនុស្ស ហើយក្នុងនោះបញ្ហាគ្រឿងញៀន និងការជួញដូរមនុស្សនៅតែជាបញ្ហាប្រឈម។ ជាមួយគ្នានេះលោក ជំរុញដល់អាជ្ញាធរយកចិត្តទុកដាក់លើចំណុចទាំងនេះ និងអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមដោយស្ម័គ្រចិត្តធ្វើជាប្រជាការពារ ដើម្បីសុវត្ថិភាពនៅតាមមូលដ្ឋាន។ លោកថា៖«សូមយកចិត្តទុកដាក់ចំណុចទាំងនេះ ពីព្រោះគ្រឿងញៀនជាបទឧក្រិដ្ឋហើយគ្រោះថ្នាក់ណាស់សម្រាប់ធនធានមនុស្សរបស់យើងសំខាន់យុវវ័យ ក្មួយៗ ចៅៗ បើកាលណាប៉ះគ្រឿងញៀនហើយ ពិបាកកែណាស់។ អ៊ីចឹងហើយបានជាយើងខិតខំជំរុញឱ្យមានសណ្តាប់ធ្នាប់ជាងមុននូវប្រជាការពារគឺប្រជាជនចូលរួមការពារដោយស្ម័គ្រចិត្ត ប៉ុន្តែមិនមែនជាមន្រ្តីក្របខ័ណ្ឌទេ»៕

ដោយ៖ សុខ រក្សា