បាតុករគាំទ្រប្រជាធិបតេយ្យថៃទាមទារឱ្យសមាជិកព្រឹទ្ធសភាបោះឆ្នោតឱ្យលោក ភីថា

បាងកក៖ បាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យបាននាំគ្នាជិះម៉ូតូ និងរថយន្ត ដង្ហែក្បួនតវ៉ា ដើម្បីអំពាវនាវឱ្យសមាជិកព្រឹទ្ធសភាថៃ បោះឆ្នោតគាំទ្រមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ (MFP) លោក ភីថា។

បាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យបាននាំគ្នាជិះម៉ូតូ និងរថយន្ត ដង្ហែក្បួនតវ៉ានៅក្នុងទីក្រុងបាងកក ដើម្បីអំពាវនាវឱ្យសមាជិកព្រឹទ្ធសភាថៃបោះឆ្នោតឱ្យលោក ភីថា នៅក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីថ្មីនៅក្នុងសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែកក្កដានេះ។ អ្នកតវ៉ាម្នាក់បាននិយាយថា ទាក់ទងនឹងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីជាលើកទីពីរនាពេលខាងមុខ សមាជិកព្រឹទ្ធសភាដែលអវត្តមានក្នុងការបោះឆ្នោតជុំទី១ ត្រូវការការលើកទឹកចិត្តពីប្រជាពលរដ្ឋ។

ដូច្នេះបើសិនប្រជាជនបញ្ចេញសំឡេងឱ្យលឺ នោះខ្ញុំជឿថា សមាជិកព្រឹទ្ធសភានឹងផ្លាស់ប្តូរចិត្ត ហើយសម្រេចចិត្តបោះឆ្នោតឲ្យលោក ភីថា នៅជុំបន្ទាប់។ អ្នកតវ៉ាម្នាក់ទៀតបន្ថែមថា យើងមកទីនេះដើម្បីគាំទ្រលោក ភីថា… ពួកយើងមើលមិនឃើញការបង្កើតរដ្ឋាភិបាលដើរតាមដំណើរការប្រជាធិបតេយ្យនោះទេ ដូច្នេះពួកយើងមកទីនេះ ដើម្បីបង្ហាញពីជំហរថា យើងនឹងគាំទ្រលោក ភីថា គាំទ្រគណបក្សចលនាឆ្ពោះទៅមុខ និងគណបក្សភឿថៃ ក្នុងការបង្កើតរដ្ឋាភិបាល។

គួរបញ្ជាក់ថា តាមរយៈវីដេអូមួយដែលបានបង្ហោះនៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃសៅរិ៍សប្តាហ៍មុន លោក ភីថា លីមចារើនរ៉ាត់ បាននិយាយថា ប្រសិនបើដឹងច្បាស់ថា គណបក្សចលនាឆ្ពោះទៅមុខមិនអាចដឹកនាំការបង្កើតរដ្ឋាភិបាលបានទេនោះ លោកនឹងបើកចំហឱកាសឱ្យគណបក្សឈរលេខរៀងទី២ គឺគណបក្សភឿថៃដើម្បីដឹកនាំ។ លោកថា សមាជិកទាំងអស់នៃគណបក្សចលនាឆ្ពោះទៅមុខ បានត្រៀមខ្លួនជាស្រេច ដើម្បីគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃ។ ទោះជាយ៉ាងណា ឱកាសរបស់លោក ភីថា នៅតែមានសម្រាប់ការបោះឆ្នោតជុំទី២ និង ទី៣ ដែលគ្រោងនឹងធ្វើនៅថ្ងៃទី១៩ និងទី២០ ខែកក្កដានេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner