ធនាគារជាតិកម្ពុជា បញ្ជាក់ជាថ្មីថា ការចុះ អនុស្សរណៈទូទាត់ប្រាក់រវាងកម្ពុជា និងចិន មិនមែនជាការចាយក្រដាសប្រាក់នៅប្រទេសទាំងពីរនោះទេ

ភ្នំពេញ៖ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា (NBC) លោកជំទាវ ជា សិរី បានធ្វើការបំភ្លឺជូនសាធារណជនជាថ្មីថា ការចុះអនុស្សរណ:យោគយល់គ្នារវាង ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន UnionPay របស់ប្រ ទេស ចិន មិនមែនជាការចាយក្រដាសប្រាក់យ៉ន់នៅកម្ពុជា ឬប្រាក់រៀលនៅប្រទេសចិននោះទេ ពោលគឺជាការទូទាត់សងប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ឬហៅថា QR-Code ប៉ុណ្ណោះ។

លោកជំទាវ ជា សិរី បានឡើងបែបនេះនៅលើបណ្តាញសង្គមហ្វេសប៊ុក ផ្លូវការរបស់ លោកស្រី នៅថ្ងៃទី ១៦ ខែកក្កដានេះ បន្ទាប់ពី មានការបកស្រាយខុសបច្ចេកទេស នៃគោលបំណងស្នូលនៃការចុះអនុស្សរណ:យោគយល់គ្នានេះ។

លោកជំទាវបញ្ជាក់ ថា ៖ «ប្រជាជនយើងមួយចំនួនមានការព្រួយបារម្ភខ្លាចលុយចិនមកចរាចរវាយលុកប្រ ទេ សកម្ពុជា។ យើងខ្ញុំសូមអរគុណចំពោះការព្រួយបារម្ភនេះ និងសូមលើកទឹកចិត្តបងប្អូនយើងឱ្យបន្តលើ កកម្ពស់ប្រាក់រៀល តាមរយៈការសន្សំ និងទូទាត់ជាប្រាក់រៀល។ ចំពោះគោលបំណងនៃអនុស្សរណៈ នោះ គឺយើងមិនបានឱ្យទេសចរចិនយកធនប័ត្រចិន ឬហៅសាមញ្ញ ក្រដាសលុយយ៉ន់ចិនមកចាយនៅកម្ពុជាទេ»។

កន្លងមកធនាគារជាតិនៃកម្ពុជាតែងតែជំរុញការប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយ ក៏ដូចជាជំរុញការប្រើប្រាស់ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ដូច្នេះ ក៏មិនធ្វើអ្វីឱ្យខុសពីគោលបំណងនេះដែរ។ នេះជាការ បន្ថែមពី លោកជំទាវជា សិរី។ លោកជំទាវបន្ត ថា អនុស្សរណៈនេះជំរុញឱ្យទេសចរចិនដែលមកលេងស្រុកខ្មែរទូទាត់តាមទូរស័ព្ទរបស់គាត់ដោយប្រើ mobile app របស់ធនាគារគាត់ស្កេនលើ KHQR អ្នកលក់នៅស្រុកខ្មែរ។

លោកជំទាវបញ្ជាក់ថា ៖ «តាមរយៈការ scan នេះគឺគាត់បញ្ជាឱ្យធនាគារគាត់នៅស្រុកចិនដកប្រាក់សន្សំរបស់គាត់ដែលសន្សំជាប្រាក់យ៉ន់ ឱ្យទូទាត់ឱ្យអ្នកលក់នៅស្រុកខ្មែរជាប្រាក់រៀល (សូមបញ្ជាក់ថាប្រជាជនចិន គេសន្សំ និងទូទាត់ជារូបិយវត្ថុជាតិគេ និងមិនប្រើដុល្លារអាមេរិកទូលំទូលាយដូចស្រុកយើងទេ)»។

ដូច្នេះ ធនាគារស្រុកចិនត្រូវធ្វើការប្តូរប្រាក់ពីលុយយ៉ន់ មកលុយរៀលសិនទើបផ្ញើមកគណនីអ្នកលក់នៅស្រុកខ្មែរ។ ប្រតិបត្តិការនេះធ្វើទៅបានលុះត្រាតែអ្នកលក់ស្រុកខ្មែរទទួលការទូទាត់ជាប្រាក់រៀលទើបធ្វើបាន។

លោកជំទាវជា សិរី បន្ថែមថា អ្នកលក់ដែលមិនចង់ទទួលការទូទាត់ជាប្រាក់រៀល មិនអាចទទួលផលប្រយោជន៍ពីយន្តការនេះបានទេ។ ក្នុងករណីនេះទេសចរចិន អាចសម្រេចចិត្តមិនទិញទំនិញរបស់ហាងនោះ ឬក៏អាចត្រូវទៅធនាគារដកប្រាក់ដុល្លារមកទូទាត់។ ការណ៍នេះនឹងជំរុញឱ្យអ្នកលក់ស្រុកខ្មែរទទួលការទូទាត់ជាប្រាក់រៀល បើគាត់ចង់ទាក់ទាញទេសចរចិនចូលហាងគាត់។ ចុងក្រោយក៏ជំរុញការចរាចរប្រាក់រៀលក្នុងសេដ្ឋកិច្ចកាន់តែច្រើន។

លោកជំទាវថា ៖ «ចំពោះទេសចរខ្មែរទៅស្រុកចិន យើងអាចចាយដូចទេសចរចិនមកចាយនៅស្រុកខ្មែរបាន ដោយប្រើ app Bakong ស្កេនលើ QR អ្នកលក់នៅស្រុកចិន។ ពេលនោះ ធនាគារខាងខ្មែរត្រូវប្តូរប្រាក់សន្សំជាប្រាក់រៀល ទៅជាប្រាក់យ៉ន់សិនមុនទូទាត់ឱ្យអ្នកលក់ស្រុកចិន»។

ចំពោះប្រជាជនខ្មែរដែលមិនមានគណនីជាប្រាក់រៀល ពួកគាត់មិនអាចទូទាត់របៀបអេឡិចត្រូនិកតាមទូរស័ព្ទបានទេ។ យ៉ាងណាគាត់នៅតែអាចចាយជាក្រដាសប្រាក់ ឬមធ្យោបាយផ្សេងៗដូចសព្វថ្ងៃបាន។ ការណ៍នេះក៏នឹងជំរុញប្រជាពលរដ្ឋខ្មែរដែលមិនមានប្រាក់សន្សំជាប្រាក់រៀលឱ្យទៅបើកប្រាក់សន្សំជាប្រាក់រៀលដើម្បីទទួលផលប្រយោជន៍នៃអនុស្សរណ:នេះ និងចុងក្រោយជំរុញចរាចរណ៍ប្រាក់រៀលក្នុងស្រុក។ នេះបើតាមការបញ្ជាក់របស់ លោកជំទាវ ជា សិរី។

លោកជំទាវបន្តថា ៖ «វិធានការ ទាំងនេះ គឺធ្វើឡើងដើម្បីលើកកម្ពស់ប្រាក់រៀល និងលើកកិត្យានុភាពប្រាក់រៀលនិងមុខមាត់ប្រទេសកម្ពុជាក្នុងវិស័យទូទាត់អេឡិចត្រូនិក លើឆាកអន្តរជាតិ»។

គួរជម្រាបថា ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុនUnionPay International កាលពីថ្ងៃទី១០ ខែកក្កដា នេះ បានចុះអនុស្សារណៈយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការទូទាត់សងប្រាក់ឆ្លងដែនតាមQR-Code» ដើម្បីជំរុញការប្រើ ប្រាស់ប្រាក់រៀលរបស់កម្ពុជា និ ងប្រាក់យ៉ន់របស់ ឱ្យមានលក្ខណៈទូលំទូលាយបន្ថែមទៀតនៅក្នុងប្រទេសទាំងពីរ។ តាមរយៈ អនុស្សរណៈនេះ កម្ពុជា និងចិន នឹងអាចទូទាត់ប្រាក់ឆ្លងដែនតាម QR-Code នៅចុងឆ្នាំនេះ៕
ដោយ: សុខ រក្សា

ads banner