ខេត្តចំនួន៦ គ្រោងនឹងប្រកាសជាខេត្តអស់មីនក្នុងឆ្នាំ២០២៣ (Video Inside)

យ៉ាងហោចខេត្តចំនួន៦បន្ថែមទៀត គ្រោងនឹងត្រូវប្រកាសជាខេត្តអស់មីន នៅក្នុងឆ្នាំ២០២៣។ អនុប្រធានអាជ្ញាធរជាតិប្រឆាំងនឹងគ្រាប់មីន ទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងក្នុងសន្និសីទកាសែត នៅថ្ងៃទី១៨កក្កដានេះថាខេត្តចំនួន៦ ដែលគ្រោងនឹងប្រកាសនៅមុនដំណាច់ឆ្នាំ២០២៣ ជាខេត្តដែលគ្មានគ្រាប់មីនក្នុងដី គឺខេត្តកំពង់ស្ពឺ ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។

ទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងថា គ្រាប់មីននិងសំណល់គ្រាប់ជាតិផ្ទុះផ្សេងទៀត ដែលបានរកឃើញសរុបប្រមាណជាង៤លានគ្រាប់ ហើយត្រូវបានកម្ទេចចោលទាំងស្រុងលើទឹកដីកម្ពុជា។ ផ្ទៃដីដែលបានដោះគ្រាប់រួច ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋធ្វើស្រែចម្ការ ដែលមានទំហំជាង ២ពាន់៧៩៤គីឡូម៉ែត្រឡា ជាដីដែលមានសុវត្ថិភាពយូរអង្វែង។

លោកបានថ្លែងថាផែនការបោសសម្អាតមីនឆ្នាំ២០២៤-២០២៥ ដែលជាឆ្នាំចុងក្រោយនឹងមានលើផ្ទៃដី៣៥៨គីឡូម៉ែត្រការ៉េ ដែលត្រូវការថវិកា ៧៨លានដុល្លារ។ ផ្ទៃដីមានមីននេះ លោកបញ្ជាក់ថានៅមិនទាន់រាប់បញ្ចូលនូវចម្ការមីនថ្មីៗ ដែលប្រតិបត្តិករជាតិ អន្តរជាតិបន្តរកឃើញ ជាបន្តបន្ទាប់ ដោយកំពុងបញ្ជូនមកអាជ្ញាធរមីនដើម្បីត្រួតពិនិត្យ និងវាយតម្លៃ។

រហូតមកទល់នឹងពេលនេះ, ប្រតិបត្តិករដោះមីនចំនួន១៥៥នាក់ បានជួបគ្រោះថ្នាក់របស់ខ្លួនផងដែរ ក្នុងកិច្ចការដោះគ្រាប់មីន។ ក្នុងចំនួនទាំង១៥៥នាក់នោះ, ប្រតិបត្តិករដោះមីន ដែលបាត់បង់ជីវិតមានចំនួន៣១នាក់។

ads banner