កម្ពុជាទទួលរងនូវព្យុះទី៤ ឈ្មោះ តាលីម ក្នុងសប្ដាហ៍ទៅមុខនេះ (Video Inside)
ភ្លៀងនឹងបន្តធ្លាក់ច្រើនរប៉ាត់រប៉ាយតាមតំបន់មួយចំនួនក្នុងប្រទេសកម្ពុជាក្នុងមួយសប្តាហ៍ទៅមុខទៀតនេះ ដោយសារតែឥទ្ធិពលពីជ្រលងព្យុះទី៤ ឈ្មោះ តាលីម (TALIM) កួបផ្សំនឹងខ្យល់មូសុងនិរតី។ ព្យុះតាលីម បានធ្វើដំណើរចូលមកដល់ផ្នែកខ្លះ នៃប្រទេសចិន និងប្រទេសវៀតណាមដោយបានបង្កឥទ្ធិខ្យល់បោកបក់ជាខ្លាំង។
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម រវាងថ្ងៃទី១៩ រហូតដល់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ឥទ្ធិពលព្យុះនេះ នឹងធ្វើឱ្យសីតុណ្ហភាពកម្តៅនៅតំបន់ទំនាបកណ្តាលកម្ពុជា បានថយចុះតិចតួចប្រមាណ៣អង្សាសេ បើប្រៀបធៀបនឹងសប្តាហ៍មុន។
យោងតាមការព្យាករណ៍, ក្នុងតំបន់ទំនាបកណ្ដាលដែលរួមមាន៖ រាជធានីភ្នំពេញ, ខេត្ដកណ្តាល, ខេត្ដស្វាយរៀង, ខេត្ដព្រៃវែង និងខេត្ដតាកែវ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម និងបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ចំណែកនៅ តំបន់ខ្ពង់រាបដែលរួមមាន៖ ខេត្តកំពង់ធំ, ខេត្តសៀមរាប, ខេត្តបាត់ដំបង, ខេត្តពោធិ៍សាត់, ខេត្តកំពង់ឆ្នាំង, ខេត្តបន្ទាយមានជ័យ, ខេត្ដឧត្ដរមានជ័យ, ខេត្ដប៉ៃលិន, ខេត្តកំពង់ស្ពឺ, ខេត្តកំពង់ចាម, ខេត្ដត្បូងឃ្មុំ, ខេត្តស្ទឹងត្រែង, ខេត្តរតនគិរី, ខេត្តមណ្ឌលគិរី, ខេត្តក្រចេះ និងខេត្តព្រះវិហារ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ដោយឡែកនៅតំបន់មាត់សមុទ្រនោះវិញ, តំបន់មាត់សមុទ្រដែលរួមមាន៖ ខេត្តព្រះសីហនុ, ខេត្តកំពត, ខេត្តកែប និងខេត្តកោះកុង អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន លាយ ឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ចំណែកនៅលើផ្ទៃសមុទ្រ នឹងមានខ្យល់បក់បោកខ្លាំង ព្រមទាំងរលកសមុទ្រមានកម្ពស់ខ្ពស់។
ក្រសួងធនធានទឹក និងឧតុនិយម នៅតែបន្ដដាសតឿនដល់ប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើន ការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ។