អារ៉ាប៊ីសាអូឌីត ទិញយន្តហោះដ្រូនពីតួកគី
រីយ៉ាដ៖ ក្រុមហ៊ុនតួកគីនឹងផ្តល់យន្តហោះដ្រូនទៅឱ្យអារ៉ាប៊ីសាអូឌីត បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីតួកគី លោក តាយយីប អឹដូហ្កាន់ ដែលមានគោលបំណងទាក់ទាញវិនិយោគិនបរទេស។
ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អារ៉ាប៊ីសាអូឌីត (SPA) បានចុះផ្សាយថា កិច្ចសន្យាជាច្រើន រួមមានទាំងកិច្ចព្រមព្រៀងយន្តហោះដ្រូនជាមួយក្រុមហ៊ុនឯកជនតួកគី បេការ ត្រូវបានចុះហត្ថលេខា ក្នុងអំឡុងកិច្ចប្រជុំរវាងប្រធានាធិបតីតួកគី លោក តាយយីប អឹដូហ្កាន់ និងព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ម៉ូហាម៉េដ ប៊ីន សាល់ម៉ាន់ នៅឯកំពង់ផែសមុទ្រក្រហមនៃទីក្រុងជេដដា។
លោក ហាលូក បេរ៉ាក់តា ជានាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតយន្តហោះដ្រូនរបស់តួកគី ដែលគ្រប់គ្រងដោយកូនប្រសារម្នាក់របស់ប្រធានាធិបតីតួកគី បានបង្ហោះសារនៅលើបណ្តាញសង្គមធ្វីតធើ ដោយបានហៅកិច្ចព្រមព្រៀងនេះថា ជាកិច្ចសន្យានាំចេញផ្នែកការពារជាតិ និងអាកាសចរណ៍ដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្តប្រទេសតួកគី។ យ៉ាងណាមិញ តម្លៃនៃកិច្ចព្រមព្រៀងនេះមិនត្រូវបានបង្ហាញជាសាធារណៈទេ។
បន្ទាប់ពីបានចូលរួមវេទិកាធុរកិច្ចអារ៉ាប៊ីសាអូឌីត និងតួកគីនៅទីក្រុងជេដដា កាលពីថ្ងៃចន្ទសប្តាហ៍នេះ លោក អឺដូហ្កាន់ និងព្រះអង្គម្ចាស់ ម៉ូហាម៉េដ បានពិភាក្សាអំពីទស្សនវិស័យសម្រាប់កិច្ចសហប្រតិបត្តិការរួមគ្នា នៅក្នុងកិច្ចប្រជុំរបស់ពួកលោក។ បើតាមរបាយការណ៍ មេដឹកនាំទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងវិស័យថាមពល, ការវិនិយោគផ្ទាល់, ការពារជាតិ និងប្រព័ន្ធផ្សព្វផ្សាយ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា


