សហរដ្ឋអាមេរិកចោទរុស្ស៊ីថា កំពុងប្រើប្រាស់ស្បៀងអាហារជាអាវុធ
អ.ស.ប៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានរៀបចំកិច្ចប្រជុំមួយដើម្បីពិភាក្សាគ្នា បន្ទាប់ពីវិមានក្រឹមឡាំងប្រកាសថា រុស្ស៊ីកំពុងចាកចេញពីកិច្ចព្រមព្រៀងដ៏សំខាន់មួយ ក្នុងការជួយសម្រួលដល់ការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី លីនដា ថូម៉ាស់ គ្រីនហ្វៀល បានគូសបញ្ជាក់ថា ការសម្រេចចិត្តរបស់រុស្ស៊ី ក្នុងការដកខ្លួនចេញពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ គឺជាអំពើឃោរឃៅមួយទៀត ហើយ បានធ្វើឱ្យវិបត្តិសន្តិសុខស្បៀងពិភពលោកកាន់តែធ្ងន់ធ្ងរ។
លោកស្រី លីនដា បាននិយាយយ៉ាងដូច្នេះថា ការសម្រេចចិត្តនៅថ្ងៃនេះរបស់រុស្ស៊ី នឹងគំរាមកំហែងដល់ប្រជាជនដែលត្រូវការជំនួយនៅគ្រប់ទីកន្លែង ហើយយើងអំពាវនាវឱ្យរុស្ស៊ីត្រឡប់ទៅកាន់តុចរចាវិញ ហើយយល់ព្រមបន្តគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅដោយគ្មានលក្ខខណ្ឌ ហើយអនុវត្តវាឱ្យបានពេញលេញ និងមិនបង្អង់យូរ។
ឆ្លើយតបនឹងការសម្រេចចិត្តរបស់រុស្ស៊ីខាងលើនេះដែរ សហភាពអឺរ៉ុបបាននិងកំពុងកែលម្អច្រករបៀងសាមគ្គីភាពរបស់ខ្លួន ដើម្បីអនុញ្ញាតឱ្យមានការនាំចេញគ្រាប់ធញ្ញជាតិជាង ៣៨លានតោន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា


