គោលនយោបាយការបរទេសរបស់គណបក្សប្រជាជនកម្ពុជា៖ តម្កល់ប្រយោជន៍ជាតិ និងច្បាប់អន្តរជាតិជាធំក្នុងនយោបាយការបរទេសខ្លួន

អត្ថបទដោយ៖
CPA

គណបក្សប្រជាជនកម្ពុជាបាន​កំណត់គោលនយោបាយការបរទេសនៅអាណត្តិបន្ទាប់​ ដោយ​យកប្រយោ​ជន៍ជាតិជាធំ និងសន្តិភាពនិយម ហើយប្រើឥរិយាបថទន់ភ្លន់តែម៉ឺងម៉ាត់ដែលបត់​បែនក្នុងលំហទំនាក់ទំ​ន​ង​អន្តរជាតិ ដោយផ្អែកលើច្បាប់អន្តរជាតិ ធម្មនុញ្ញ អង្គការសហប្រជាជាតិ និងអាស៊ាន។

​លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាតំណាងគ​ណ​បក្សប្រជាជនកម្ពុជា ​ផ្សព្វផ្សាយគោលនយោបាយគណបក្សប្រជាជនកម្ពុជា លើប្រធានបទ «គោលនយោបាយការបរទេស» សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ កាលពី​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣។​

លោក គង់ ភោគ បាន​ថ្លែងថា ដោយមើលឃើញពីគ្រោះថ្នាក់នៃការប្រកួតប្រជែងឥទ្ធិពលរបស់មហាអំ​ណា​ច និងបម្រែបម្រួ​លភូមិសាស្រ្តនយោបាយពិបាកស្មាន សម្រាប់អាណត្តិទី៧ គណបក្សប្រជាជនកម្ពុជានឹងបន្តប្រកាន់យកប្រយោជន៍ស្នូលរបស់កម្ពុជា ដោយគោរពគោលការណ៍រដ្ឋធម្មនុញ្ញជាតិ អធិបតេយ្យភាព បូរណភាពទឹកដី និងឯករាជ្យជាតិ ដោយមានជំហរមិនចូលបក្សសម្ព័ន្ធ យកសន្តិភាពជាធំ។

លោកថា ៖ «កម្ពុជានឹងមិនយកអធិបតេយ្យភាពកម្ពុជាទៅដោះដូរនឹងប្រយោជន៍ពាណិជ្ជកម្ម ឬជំនួយណាមួយឡើយ»។​

សម្រាប់បញ្ហាបន្ទាត់ព្រំដែន កម្ពុជានឹងគោរពច្បាប់អន្តរជាតិ មានជំហរកែប្រែខ្សែបន្ទាត់ព្រំដែនជាមួយប្រ​ទេសជិតខាងជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។ សម្រាប់ទំនាក់ទំនងនឹងប្រទេសនានា កម្ពុជានឹងបន្តនយោបាយឯករាជ្យ ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងអាស៊ាន។ នេះបើតាមការលើកឡើងបន្ថែម​របស់​លោក គង់ ភោគ។

លោកមានប្រសាសន៍ថា ៖ «ម្ពុជានៅបន្តរក្សាគោលការណ៍ ៧មិន គឺ​ មិនគាំទ្រការប្រើប្រាស់កម្លាំង, មិនគាំទ្រការឈ្លានពានរដ្ឋឯករាជ្យ, មិនគាំទ្រដល់ចលនាបំបែករដ្ឋ, មិនគាំទ្រដល់ការកាត់យកដីពីរដ្ឋអធិបតេយ្យ, មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសដទៃ, មិនឱ្យ​មានមូលដ្ឋានយោធាបរទេសនៅកម្ពុជា និង​មិនចូលរួមជាមួយប្រទេសណាមូយ ឬក្រុមណាមួយប្រឆាំងប្រទេស ឬក្រុមណាមួយ»។​

លោក គង់ ភោគ សង្កត់ធ្ងន់ថា ៖ «ធ្វើការ​ពង្រឹងឡើងវិញនូវទំនាក់ទំនងជាប្រពៃណីជាមួយប្រទេសមិត្តចាស់ និ​ងកសាងមិត្តភាព សហប្រតិបត្តិការជាមួយមិត្តថ្មី និងថែទាំ ពង្រឹង និងពង្រីកទំនាក់ទំនងជាមួយមិត្តជិតខា​ងនិងក្នុងតំបន់»​។​​

លោក​បាន​បញ្ជាក់ដែរ​ថា រដ្ឋាភិបាលគណបក្សនេះ​នឹងស្វែងរកការពង្រឹងតួនាទីកម្ពុជាលើឆាក និងវេទិកាអន្តរជាតិ តាមរយៈពង្រឹងយន្តការពហុភាគីនិយម និងប្រើប្រាស់សមទ្ធិផលពីជោគជ័យជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ានឆ្នាំ២០២២ ការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមដើម្បីស្មើមុខស្មើមាត់នឹងប្រទេសនានាក្នុងសាកលលោក។​

សម្រាប់ការទូតសេដ្ឋកិច្ច កម្ពុជានឹងខិតខំជំរុញការទាក់ទាញវិនិយោគ ស្វែងរកទីផ្សារសម្រាប់ផលិតផល គាំទ្រឧស្សាហកម្មនាំចេញ ជាមួយការលើកស្ទួយវប្បធម៌ និងទេសចរណ៍ជាតិ។ កម្ពុជានឹងយកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគី និងពហុភាគីដើម្បីគាំទ្រកំណើនសេដ្ឋកិច្ចជាតិ។​

លោកបាន​លើកឡើងដែរថា សម្រាប់ធនធានមនុស្សផ្នែកការទូត គណបក្សប្រជាជនកម្ពុជាប្តេជ្ញាបណ្តុះនិងអភិវឌ្ឍសមត្ថភាពមន្ត្រីការទូតជាតិ ប្រកបដោយវិជ្ជាជីវៈ ស្នេហាជាតិ ​ដែលមានសក្តានុពល ព្រមទាំងធ្វើកំណែទម្រង់ស្ថាប័នផ្ទៃក្នុងផ្នែកការទូតដើម្បីទទួលបានកាលានុវត្តភាព ​ពិសេសពង្រីកដែនទំនាក់ទំនងការទូតតាមរយៈការបន្ថែមស្ថានអគ្គរាជទូតទៅតាមតំបន់សំខាន់ៗក្នុងលោក​។​

ជុំវិញនយោបាយការបរទេសរបស់​គណបក្សប្រជាជនកម្ពុជានេះ លោក​ គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំ​ន​ងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ការកំណត់នេះស្របតាមរដ្ឋធម្មនុញ្ញកម្ពុជានៅឆ្នាំ១៩៩៣ ត្រង់មាត្រា ៥៣ ពាក់ព័ន្ធនយោបាយការបរទេសដែលលើកឡើងថា កម្ពុជាជាប្រទេសអព្យាក្រឹត្យអ​ចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ និងរួមរស់ដោយសន្តិសហវិជ្ជមានជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិ​ភ​​ពលោក។​

លោកមានការចាប់អារម្មណ៍ត្រង់ការប្រើពាក្យពេចន៍ការបរទេសតួយ៉ាង នយោបាយការបរទេសឯករាជ្យផ្អែកលើច្បាប់ និងគោលការណ៍ «៧មិន» ដែលលោកយល់ថា ជាការឆ្លើយតបសមស្របដល់បរិបទប្រ​ណាំ​ងប្រជែងភូមិសាស្រ្តនយោបាយ ហើយមានការប្រែប្រួលរហ័សពិបាកប៉ាន់ស្មាន។​

លោក​ គិន ភា ថ្លែងថា ៖ «កម្ពុជាជាប្រទេសតូច យើងត្រូវតែផ្អែកលើច្បាប់ ហើយឈរលើគោលការណ៍ពហុភាគីនិយម ហើយត្រូវតែធានាបាននូវឯករាជ្យភាពរបស់កម្ពុជា។ កន្លងមកយើងឃើញហើយថា សម្តេចហ៊ុន សែន តែងលើកឡើងថា កម្ពុជាមិនលក់អធិបតេយ្យភាពខ្លួនជាថ្នូរនឹងប្រយោជន៍ពាណិជ្ជកម្មណាមួយទេ»។

លោកបន្ថែមថា កម្ពុជាក្នុងនាមជារដ្ឋតូច ត្រូវតែប្រកាន់ខ្ជាប់គោលការណ៍ពហុភាគីនិយមនៅចន្លោះការប្រ​ណាំងប្រជែងឥទ្ធិពលមហាអំណាច២ ហើយចូលរួមពង្រឹងតួនាទីរបស់អាស៊ាន ព្រោះអង្គការតំបន់នេះជាច្រកការទូតដ៏សំខាន់ និងច្រកសេដ្ឋកិច្ច-ពាណិជ្ជកម្មធំរបស់កម្ពុជាផងដែរ៕ ដោយ៖ សំបាន ច័ន្ទដារ៉ា

ads banner