គណបក្សភឿថៃតែងតាំងលោក Srettha ជាបេក្ខភាពនាយករដ្ឋមន្រ្តី បើសិនលោក ភីថា ចាញ់ការបោះឆ្នោតជុំទី ២ ម្តងទៀត

បាងកក៖ គណបក្សភឿថៃមានគម្រោងតែងតាំងលោក ស្រេតថា ថាវីស៊ីន ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោតជុំទី ៣ ប្រសិនបើលោក ភីថា លីមចារើនរ៉ាត់ នៅតែបរាជ័យក្នុងការបោះឆ្នោតជុំទី ២ ដែលធ្វើឡើងនៅថ្ងៃទី១៩ ខែកក្កដានេះ។

បេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា បានគូសបញ្ជាក់ថា គណបក្សភឿថៃនឹងព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីគាំទ្រលោក ភីថា ក្នុងការបោះឆ្នោតនាយករដ្ឋមន្ត្រី ប៉ុន្តែប្រសិនបើលោក ភីថា បរាជ័យ នោះលោកស្រីនឹងស្នើឱ្យមានការប្រជុំក្រុមប្រឹក្សាបក្សភឿថៃ ដើម្បីតែងតាំងលោក ស្រេតថា ក្នុងការបោះឆ្នោតជុំទី ៣ បន្ទាប់ពីគណបក្សភឿថៃក្លាយជាមេដឹកនាំក្រុមចម្រុះ។

លោកស្រី ផែថងថាន បាននិយាយយ៉ាងដូច្នេះថា លោកស្រីគិតថា ការតែងតាំងលោក ស្រេតថា គឺជាជម្រើសដ៏សាកសមបំផុត… ព្រោះគាត់នឹងអាចដោះស្រាយបញ្ហាសេដ្ឋកិច្ច និងបញ្ហាផ្សេងៗទៀតបានក្នុងពេលមិនយូរនោះទេ ប្រសិនបើបក្សភឿថៃក្លាយជាមេដឹកនាំក្រុមចម្រុះ។ លោកស្រីក៏បានទទួលស្គាល់ដែរថា វាមិនងាយស្រួលទេក្នុងការដឹកនាំប្រទេសក្នុងស្ថានភាពបច្ចុប្បន្ននេះ។

សូមរម្លឹកថា នៅថ្ងៃចន្ទសប្តាហ៍នេះ ដៃគូសម្ព័ន្ធទាំងអស់បានបញ្ជាក់ជាថ្មីនូវជំហររបស់ពួកគេ ក្នុងការបោះឆ្នោតឱ្យលោក ភីថា នៅក្នុងជុំទី២ ខណៈដែលមេដឹកនាំក្រុមចម្រុះរូបនេះសន្យាថា នឹងចុះចេញ ហើយបើកឱកាសឱ្យគណបក្សភឿថៃដឹកនាំក្រុមសម្ព័ន្ធ បើសិនលោកបរាជ័យជាលើកទី ២ ក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសថៃ៕

ប្រភព៖ The Nation ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner