​អតីត​មេដឹកនាំ​ប្រទេស​​ប៉ាណាម៉ា​ រង​ការ​​​​កាត់​​ទោស​​ឱ្យ​​ជាប់​គុក​​​១០​​ឆ្នាំ​​ពី​​បទ​​លាង​​លុយ​​កខ្វក់​

ប៉ាណាម៉ា៖ អតីត​ប្រធានាធិបតី​ប៉ាណាម៉ា​ ​លោ​​ក​ រីខារដូ​ ម៉ាទីណេលី​ (Ricardo Martinelli) រង​ការ​កាត់​ទោស​​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​ ១០​ ឆ្នាំ​ពី​បទ​លាង​លុយ​កខ្វក់​​ ​ក្នុង​ព្រឹត្តិការណ៍នយោបាយ​​កក្រើក​ដែល​អាច​ជះ​ឥទ្ធិពល​ដល់​ដំណើរការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​ក្រោយ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​បណ្ដាញ​ព័ត៌មាន​ Al Jazeera។

លោក​ ម៉ាទីណេលី ដែល​គេ​រំពឹង​ថា​នឹង​​អ្នក​​នាំ​​មុខ​​គេ​​សម្រាប់​ការ​បោះ​ឆ្នោត​ដណ្ដើម​តំណែង​ប្រធានាធិបតី​ឆ្នាំ​ក្រោយ​ ​​ក៏​​រង​ការ​ពិន័យ​ជា​ប្រាក់​ ១៩​ លាន​ដុល្លារ​ផង​ដែរ​ ក្នុង​ការ​កាត់​ទោស​កាល​ពី​ថ្ងៃ​អង្គារ​។​ សំណុំ​រឿង​ប្រឆាំង​នឹង​អ្នក​នយោបាយវ័យ​ ៧១ ឆ្នាំ​​​រូប​នេះ​ ​​ផ្តោត​លើ​ការ​​ទិញ​​ក្រុម​​ហ៊ុន​​ប្រព័ន្ធ​​ផ្ស​ព្វ​​ផ្សាយ​មួយ​ ដែល​រដ្ឋ​អាជ្ញា​អះ​អាង​ថា​ ​បាន​ទិញ​ដោយ​យក​លុយ​ពី​មូលនិធិ ​ដែល​បាន​មក​ពី​កិច្ច​សន្យា​​​រដ្ឋ​​​តាម​រយៈ​ក្រុម​ហ៊ុនក្លែង​ក្លាយ​ជា​របាំង​មុខ (Front Company)​ ​ជា​​បន្ត​បន្ទាប់​។

 លោក​ ម៉ាទីណេលី​ បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ធ្វីតធឺរ​ កាល​ពី​ថ្ងៃ​ ១៣ ខែកក្កដា ដោយ​ច្រាន​ចោល​​ការ​ចោទ​ប្រកាន់​នេះ​​ថា​​​៖ «​នៅ​ពេល​ដែល​នយោបាយ​ចូល​តាម​ទ្វារ​ យុត្តិធម៌​នឹង​ចេញ​ពី​បង្អួច​»​។

ជុំ​វិញ​ការ​វិវត្ត​ចុង​ក្រោយ​​ លោក​បាន​ចាត់​ទុក​ការ​កាត់​ក្ដី​លោក​ ថា​ជា​​​ទម្រង់​មួយ​នៃ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ​ ហើយ​មេធាវី​របស់​​លោក​បាន​និយាយ​ថា​ លោក​នឹង​ប្តឹង​ឧទ្ធរណ៍​។

​​កាល​ពី​ខែ​មុន​ លោក​ ម៉ាទីណេលី​ ​​បាន​ក្លាយ​ជា​បេក្ខជន​ផ្លូវ​ការ​ដំបូង​គេ​ដែល​ឈរ​ឈ្មោះ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​ ២០២៤​ របស់​ប៉ាណាម៉ា ​បន្ទាប់​ពី​ត្រូវ​បាន​ជ្រើស​រើស​ឱ្យ​តំណាង​ឱ្យ​គណបក្ស​ Realizando Metas ដែល​លោក​បង្កើត​កាល​ពី​ពីរឆ្នាំ​មុន​។ អ្នក​នយោបាយ​រូប​នេះ​ ធ្លាប់​ដឹក​នាំ​​ប៉ាណាម៉ា​ ចន្លោះ​ពី​ឆ្នាំ​ ២០០៩​ ដល់ ​២០១៤​។​

បច្ចុប្បន្ន​ លោក​ ម៉ាទីណេលី ទទួល​ដីកា​មិន​ឱ្យ​ចាក​ចេញ​ពី​ប្រទេស​ប៉ាណាម៉ា​ ដោយ​សារ​ដំណើរ​ការ​ផ្លូវ​ច្បាប់​ខណៈ​​កូន​ប្រុស​​ពីរ​នាក់​របស់​លោក​ពី​មុន​ ត្រូវ​បាន​កាត់​ទោស​ដាក់​ពន្ធនាគារ​នៅ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​ជាប់​ពាក់​ព័ន្ធ​ក្នុង​គម្រោង​លាង​លុយ​។​អ្នក​ទាំង​ពីរ​នោះ​ក៏​ប្រឈម​មុខ​នឹង​ការ​កាត់​ទោស​នៅ​ប្រទេស​ប៉ាណាម៉ា​ផង​ដែរ​៕

ប្រែសម្រួល៖ហួន ឌីណា ប្រភព​៖ Panama’s ex-president sentenced to 10 years for money laundering  

ads banner