ប្រជាពលរដ្ឋដែលជាអាជីវករផ្សារព្រែកព្នៅ ថា បានត្រៀមឯកសារគ្រប់គ្រាន់សម្រាប់ទៅបោះឆ្នោតថ្នាក់ជាតិ និងគូសឱ្យបានត្រឹមត្រូវ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ
(ភ្នំពេញ)៖ ប្រជាពលរដ្ឋដែលជាអាជីវករលក់ដូរនៅផ្សារព្រែកព្នៅ បានបញ្ជាក់ថា បានត្រៀមឯកសារគ្រប់គ្រាន់ សម្រាប់ទៅបោះឆ្នោតថ្នាក់ជាតិ និងគូសឱ្យបានត្រឹមត្រូវ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ។
បងស្រី សឹង ចរិយា ជាអាជីវករលក់ខោអាវ នៅផ្សារព្រែកព្នៅ បានឱ្យដឹងថា ក្នុងពេលឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ មិនប៉ះពាល់ដល់ការលក់ដូរបស់គាត់ទេ ហើយបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ មានរបៀបរៀបរយ និងសុវត្ថិភាពល្អ ។

បងប្រុស យូ វីរៈ អ្នកបើករថយន្តឈ្នួល បាននិយាយថា ជាធម្មតាការឃោសនាបោះឆ្នោត មានការប៉ះពាល់ ឬក៏កកស្ទះចរាចរណ៍តិចតួច ប៉ុន្តែឃើញមានកងកម្លាំង បានជួយសម្រួលសណ្ដាប់ធ្នាប់បានល្អ។ លោកបង្ហាញកាលបរិច្ឆេតបោះឆ្នោត គឺនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយបានត្រៀមអត្តសញ្ញាណប័ណសញ្ជាតិខ្មែររួចរាល់ហើយ ។

អាជីវករ ហៀង ស្រីណែត, បងស្រី ធារី, បងប្រុស ពេជ្រ នាង, លោកពូ គឹម ហៃ ជាងទងមាស បានឱ្យដឹងដែរថា ក្នុងពេលឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ មិនប៉ះពាល់ដល់ការប្រកបលក់ដូរបស់ពួកគាត់ទេ ។ ក្រុមអាជីវករ ក៏បានបង្ហាញការយល់ដឹងរបស់ពួកគាត់លើការគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ដើម្បីឱ្យក្លាយជាសន្លឹកឆ្នោតបានការផងដែរ ។ ក្រុមអាជីវករនៅក្នុងផ្សារព្រែកព្នៅ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា ដោយត្រូវមានអត្តសញ្ញាណប័ណសញ្ជាតិខ្មែរ ភ្ជាប់ទៅជាមួយ ព្រោះវាជាឯកសារដែលបម្រើឱ្យការបោះឆ្នោតបាន ។

លោក សាខុន ប៉ូរិន អគ្គលេខាធិការរង នៃសហព័ន្ធនិស្សិតបញ្ញាវ័ន្តប្រជាធិបតេយ្យកម្ពុជា កែវភ្នែកយុត្តិធម៌ បានលើកឡើងថា ក្នុងនាមជាអ្នកសង្កេតការណ៍ បានពិនិត្យឃើញពីស្ថានភាពចាប់តាំងពីថ្ងៃទី១ នៃយុទ្ធនាការឃោសនាបោះឆ្នោតរហូតដល់ថ្ងៃទី១៩ គឺគ្រប់គណបក្សទាំង១៨ បានចេញឃោសនារកសំឡេងឆ្នោត តាមការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយការឃោសនារបស់គណបក្សនយោបាយនីមួយៗមានភាពល្អប្រសើរជាងបណ្ដាឆ្នាំមុនៗ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៣, ២០២១៨ គឺឆ្នាំ២០២៣នេះ មានស្ថានភាពល្អខ្លាំង ដោយពួកគាត់មានភាពចាស់ទុំ និងរក្សាបាននូវស្ដាប់ធ្នាប់សន្តិសុខសង្គម ពិសេសគឺការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋមិនមានផលប៉ះពាល់ ឬផលរំខានទៅដល់ការធ្វើដំណើរតាមដងផ្លូវ ហើយតាមព័ត៌មានទទួលបានពី គ.ជ.ប គឺមិនមានភាពប្រក្រតីណាមួយកើតឡើង ចំពោះការឃោសនារបស់គណបក្សណាមួយនោះទេ ។

ជាមួយនេះ លោកក៏សង្កេតឃើញថា ប្រជាពលរដ្ឋនឹងទៅចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នេះច្រើន មូលហេតុដែលប្រជាពលរដ្ឋនឹងចេញទៅបោះឆ្នោតច្រើន ដោយសារពួកគាត់មើលឃើញកត្តាសន្តិភាព ជាកត្តាចម្បង និងគោលនយោបាយរបស់គណបក្ស ដែលពួកគាត់បានជ្រាបក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនីមួយៗ ។
ពាក់ព័ន្ធនឹងការគូសសន្លឹកឆ្នោត លោកបានប្រៀបធៀបទៅនឹងឆ្នាំ២០០៣ ដែលសហព័ន្ធនិស្សិត បានចូលរួមសង្កេតការបោះឆ្នោតដំបូង។ លោកបញ្ជាក់ថា ការគូសន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋបានត្រឹមត្រូវច្រើនពីមួយអាណត្តិទៅមួយអាណិត ។ លោកក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ គូសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ តាមសញ្ញានៅក្នុងប្រអប់លើគណបក្សនយោបាយដែលខ្លួនស្រឡាញ់ពេញចិត្ត តាមការណែនាំរបស់ គ.ជ.ប ។

ពាក់ព័ន្ធនឹងការគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវនេះដែរ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា បច្ចុប្បន្ន ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីការគូសសន្លឹកឆ្នោត គឺមានភាពល្អប្រសើរ ទោះបីជាមានការញុះញង់បែបនេះបែបនោះក្ដី ប៉ុន្តែឆន្ទៈរបស់ប្រជាពលរដ្ឋ នៅតែចូលរួមបោះឆ្នោតដោយសេចក្ដីថ្លៃថ្នូរ បានន័យថា សិទ្ធរបស់គាត់ត្រូវបានរក្សាដោយខ្លួនឯង ដោយគាត់មិនបោះបង់សិទ្ធិក្នុងការគូសសន្លឹកឆ្នោតគាំទ្រគណបក្សដែលខ្លួនស្រឡាញ់ពេញចិត្តនោះទេ ។

យោងតាមសេចក្តី ប្រកាស ព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ បានបញ្ជាក់ថា ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សនយោបាយក្នុងថ្ងៃទី១៨ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។
សូមជម្រាបថា យោងតាមតួលេខរបស់ គ.ជ.ប ប្រជាពលរដ្ឋចំនួន ៩លាន៧សែន១ម៉ឺន៦៥៥នាក់ ក្នុងនោះស្រី ៥ លាន១សែន៦ម៉ឺន ១ពាន់៩០៩នាក់ មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដែលមានសិទ្ធិទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាពេលខាងមុខនេះ ៕



អត្ថបទ៖ វណ្ណលុក,
រូបភាព៖ សួង ពិសិដ្ឋ