ខេត្តបាត់ដំបងប្រារព្ធនូវទិវាសប្ដាហ៍សហគ្រិនភាពសកលកម្ពុជា លើកទឹកចិត្តដល់សិស្សនិស្សិត និងអាជីវករ ដែលមានបំណងនិងចង់ប្រើប្រាស់បច្ចេកវិទ្យាផ្នែកទីផ្សារបច្ចេកវិទ្យានានា ឲ្យទាន់នៃយុគសម័យបច្ចេកវិទ្យារបស់សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា
ថ្លែងនៅក្នុងឱកាសបើកទិវាសប្តាហ៍សហគ្រិនភាពសកល-កម្ពុជា២០២០ ” ការប្រើប្រាស់បច្ចេករបស់សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា “នៅសណ្ឋាគារ ស្ទឹងសង្កែ ក្រុងបាត់ដំបង កាលពីព្រឹកថ្ងៃទី១៩ខែវិច្ឆិកានេះឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្ត និងជាតំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា៖ ការលើកកម្ពស់សហគ្រិនភាព ដែលមានលក្ខណៈជាយុទ្ធសាស្ត្រដើម្បីទ្រទ្រង់នូវកំណើនក៏ដូចធ្វើឲ្យកំណើននេះកាន់តែមានប្រសិទ្ធភាព ដើម្បីចូលរួមប្រកួតប្រជែងសេដ្ឋកិច្ចកម្ពុជាទាំងក្នុងតំបន់និងពិភពលោក ក៏ដូចជាការធ្វើពិពិធកម្មមូលដ្ឋាននៃកំណើនសេដ្ឋកិច្ចជាតិ ឲ្យបានកាន់តែរីកធំរឹងមាំ ទាំងផ្នែកទីផ្សារ បច្ចេកវិទ្យានានា និងដើម្បីឲ្យដើរទាន់ នៃយុគសម័យបច្ចេកវិទ្យា។
ឯកឧត្តម អភិបាលរងខេត្ត អ៊ុយ សុធាវី បានថ្លែងគូសបញ្ជាក់ទៀតថា៖ ទាំងប្រជាពលរដ្ឋ ទាំងនិស្សិត និងអាជីវករទាំងឡាយ ដែលជាសហគ្រិន គឺត្រូវតែលើកកម្ពស់ការយល់ដឹងបន្ថែម និងមានសមត្ថភាពខ្ពស់ទាំងផ្នែកទីផ្សារនិងផ្នែកបច្ចេកវិទ្យា។ ឯកឧត្តមបានចាត់ទុកថា៖យុគសម័យ បច្ចុប្បន្ននេះបច្ចេកវិទ្យាកាន់តែទំនើប ហើយការប្រកបនូវអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាទំនើបក៏កាន់តែមានការប្រកួតប្រជែងច្រើននៅលើទីផ្សារដែលទាមទារនិងតម្រូវឲ្យសហគ្រិនទាំងអស់ ត្រូវស្វែងយល់ច្បាស់លាស់ពីបច្ចេកវីទ្យាក្នុងការជ្រើសរើសនិងប្រើប្រាសនូវផ្នែកទាំងនេះ។
ឯកឧត្តម អ៊ុយ សុធាវី ក៏បានសង្កត់ធ្ងន់បន្ថែមថា៖ ក្រោមការដឹកនាំ និង ការដាក់ចេញនូវគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាង២០ឆ្នាំមកនេះ ប្រទេសកម្ពុជាយើង ទទួលបាននូវការអភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងលឿនដែលបានធ្វើឲ្យមានការប្រែប្រួលនូវរចនាសម្ព័ន្ធនិងជាគុណភាពនៃសេដ្ឋកិច្ចជាតិនិងសង្គមកម្ពុជាយើងទាំងមូល ក៏ដូចជាប្រជាជនយើងទូទៅផងដែរ។ជាមួយគ្នានេះឯកឧត្តម ក៏បានថ្លែងទៀតថា៖ស្របពេលដែលប្រទេសជាតិកំពុងតែបន្តការរីកចម្រើន ដូចនេះសហគ្រិនវ័យក្មេង ក៏ជា៖ ផ្នែកមួយនៃរចនាសម្ព័ន្ធស្នូលមួយ ផងដែរ ក្នុងការបណ្ដុះនូវកំណើនសេដ្ឋកិច្ចជាតិឲ្យកាន់តែរីកចម្រើនបន្តទៅមុខទៀត និងថែមទាំងបង្កើននូវប្រភពចំណូលនិងជីវភាពប្រជាជនឲ្យកាន់តែកើនឡើងល្អប្រសើរនិងកាត់បន្ថយបាននូវភាពក្រីក្រជាបន្តបន្ទាប់ ព្រមទាំងបង្កើននូវប្រភពចំណូល ដល់ប្រទេសជាតិ ទៀតផង។
លោក ខែម រស្មី ប្រធានសមាគមសហគ្រិនវ័យក្មេងនៅកម្ពុជា ប្រចាំខេត្តបាត់ដំបង ព្រមទាំងវាគ្មិន ដែលជាដៃគូសំខាន់ៗនៅក្នុងទិវាទិវាសប្ដាហ៍សហគ្រិនភាពសកល បានថ្លែងគូសបញ្ជាក់ថា៖គឺជាទិវាដែលត្រូវបានរៀបចំឡើងនៅលើសកលលោកទាំងមូលជារៀងរាល់ឆ្នាំនិងជាសប្ដាហ៍ជាមួយគ្នាដែលជាទូទៅគឺប្រារព្ធធ្វើឡើងក្នុងសប្ដហ៍ទី៣ នៃខែវិច្ឆិកាជារៀងរាល់ឆ្នាំ។ហើយគោលបំណងនៃការធ្វើទិវានេះឡើ គឺដើម្បីលើកទឹកចិត្តដល់បងប្អូនជានិស្សិតឬអាជីវករផ្សេងៗដែលមានបំណងចង់បង្កើតនូវអាជីវកម្ម ឬកំពុងតែដំណើរការអាជីវកម្មរបស់ខ្លួនឲ្យកាន់តែយល់ដឹងបន្ថែមទៀតលើផ្នែកទីផ្សារ បច្ចេកវិទ្យានានា និងដើម្បីដើរឲ្យទាន់នៃយុគសម័យបច្ចេកវិទ្យាទាំងនេះ និង អាចចេះប្រើប្រាស់បច្ចេកវិទ្យាដើម្បីប្រកបអាជីវកម្មបានច្បាស់លាស់ប្រកបដោយភាពត្រឹមត្រូវនិងស្មោះត្រង់។ហើយក៏ជាឱកាសផងដែរដើម្បីទទួលបាននូវបទពិសោធន៍ថ្មីជាមួយនិងជំនាញ ដែលជាវាគ្មិន និងមានបទពិសោធន៍រាប់ឆ្នាំ និងមានជំនាញច្បាស់លាស់ទៅលើទីផ្សារឌីជីថល នេះ។ លោកបានបន្តទៀតថា៖ ការលើកទឹកចិត្ត និងបង្កើនឲ្យមានសហគ្រិនវ័យក្មេងកាន់តែច្រើនដើម្បីឲ្យគាត់មានឱកាស បង្កើតនូវអាជីវកម្មរបស់ខ្លួននិងដើម្បីជាការចូលរួមក្នុងការបង្កើននូវកំណើនសេដ្ឋកិច្ចនៅកម្ពុជាឲ្យកាន់តែមានការរីកចម្រើន ក្នុងជីវភាពប្រជាពលរដ្ឋ ក៏កាន់តែមានការកើនឡើង បានមួយកម្រិតផងដែរ…។
ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបងក៏បានថ្លែងក្រើនរំលឹកនិងផ្តល់នូវទស្សនៈគន្លឹះបន្ថែមថា៖ ទាំងប្រជាពលរដ្ឋ និស្សិតនិងបងប្អូនដែលមានបំណងបង្កើតអាជីវកម្មនិងជាសហគ្រិនត្រូវតែមានសមត្ថភាពខ្ពស់ទាំងផ្នែកទីផ្សារ និង ផ្នែកបច្ចេកវិទ្យា ព្រោះបច្ចុប្បន្ន បច្ចេកវិទ្យាកាន់តែទំនើប ហើយការប្រកបអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាអេឡិចត្រូនិកឌីជីថលក៏កាន់តែមានច្រើនទាមទារឲ្យសហគ្រិនទាំងអស់ច្បាស់លាស់ផ្នែកទាំងនេះ ។
ឯកឧត្តមបានសង្កត់ធ្ងន់ទៀតថា៖ ក្នុងនាមរដ្ឋបាលខេត្ត និងជាតំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង សូមផ្តល់នូវការលើកទឹកចិត្តដល់សិស្ស-និស្សិត និងសហគ្រិននានា ឲ្យបន្តការយកចិត្តទុកដាក់ ដើម្បីធ្វើសហគ្រិនមុខរបរអាជីវកម្មរបស់ខ្លួនលើរបត់ នៃ បច្ចេកវីទ្យាថ្មីៗទាំងនេះ ឲ្យកាន់តែមានភាពជោគជ័យបន្ត ទៅទៀត ដើម្បីរក្សាបាននូវកំណើនសេដ្ឋកិច្ចប្រទេសជាតិឲ្យកាន់តែរឹងមាំបន្តទៅមុខទៀត។ ជាមួយគ្នានេះ ក៏ត្រូវខិតខំត្រងត្រាប់ស្ដាប់នូវបទពិសោធន៍របស់វាគ្មិនដែលបាធ្វើបទបង្ហាញដើម្បីយកទៅអនុវត្តន៍ឲ្យចំនូវគោលដៅអាជីវកម្មរបស់ខ្លួន និងដើម្បីចៀសវាងពីការធ្វើអាជីវកម្ម តាមយថាកម្ម តាមគ្នីគ្នាដោយមិនបានធ្វើការសិក្សានៅលើទីផ្សារឲ្យបានជាក់លាក់ជាមុនដែលអាចបណ្ដាលឲ្យអាជីវកម្មរបស់ខ្លួនទាំងនោះមិនទទួលបាននូវការរីកចម្រើន ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

























