ស្លាប់៤នាក់ ដោយសាររថយន្តក្រឡាប នៅបាត់ដំបង (Video Inside)
មនុស្ស៤នាក់ បានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ នារសៀលថ្ងៃទី៣០មីនា នៅក្នុងខេត្តបាត់ដំបង។ សេចក្តីរាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្នុងហេតុការណ៍កើតឡើងវេលាម៉ោង ជាង២រសៀលនោះ រថយន្តដឹកស្រូវម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខត្បូងឃ្មុំ 3A-0409 បានដាច់ហ្វ្រាំងក្នុង ពេលធ្វើដំណើរលើផ្លូវជាតិលេខ៥៩ ភូមិថ្នល់បត់, ឃុំអូររំដួលនៃស្រុកភ្នំព្រឹក ដោយបណ្តាលឲ្យរថយន្តក្រឡាប់ និងមនុស្សស្ថិតលើរថយនុ្តចំនួន៤នាក់បានបាត់បង់ជីវិត ។
មនុស្សដែលបានបាត់បង់ជីវិតទាំង៤នាក់នារសៀល ថ្ងៃនេះ នៅមិនទាន់ឃើញបានបូកបញ្ចូលក្នុងរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសនៅថ្ងៃទី៣០ មីនានេះឡើយ ។ សេចក្តីរាយការណ៍ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី៣០មីនានេះ បានរាយការណ៍ថា គ្រោះថ្នាក់ចរាចរណ៍ បានសម្លាប់មនុស្ស៣នាក់និងបង្កការរងរបួសចំនួន២នាក់ក្នុងហេតុ ការណ៍កើតឡើងចំនួន៤លើក។