៣ខែកម្ពុជាបាននាំស្រូវ និងអង្ករចេញក្រៅប្រទេសចំនួនជាង២លានតោន (Video Inside)
ការនាំអង្ករចេញរបស់កម្ពុជាក្នុងរយៈពេល៣ខែដើមឆ្នាំនេះមានការធ្លាក់ចុះប៉ុន្តែការនាំចេញស្រូវនោះវិញ មាន កំណើនច្រើន។ កម្ពុជាក្នុងរយៈពេលមួយត្រីមាសកន្លងមកនេះ បាននាំស្រូវនិងអង្ករចេញទៅក្រៅប្រទេស សារុបជាង២លានតោន។
យោងតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សុខុន នៅថ្ងៃទី១មេសានេះ ការនាំស្រូវ និងអង្ករចេញរបស់កម្ពុជាក្នុងរយៈ ពេល៣ខែដើមឆ្នាំ២០២១ មានចំនួន២លាន២ម៉ឺន៧ពាន់៤៦៧តោន។ ក្រសួងកសិកម្មបានបញ្ជាក់ថា ការនាំចេញស្រូវទៅកាន់ប្រទេសវៀតណាម និងប្រទេសថៃមានចំនួនសរុប ១លាន៨សែន៧ម៉ឺន៣ពាន់៧៧៩តោន ដែលកើនឡើងចំនួន៩សែន៩ម៉ឺន៨ពាន់២៩៧តោន ប្រៀបធៀបរយៈ ពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលមានតែចំនួន៨៧ម៉ឺន៥ពាន់៤៨២តោនតែប៉ុណ្ណោះ។
សេចក្តីរាយការណ៍ បន្តថាក្នុងចំណោមស្រូវទាំងជាង១លាន៨សែនតោននោះ ការនាំចេញផ្លូវការមានចំនួន៦៥ម៉ឺន៨ពាន់៣៥០តោន កើនឡើង៦៣ម៉ឺន២ពាន់២៥០តោន ដែលការនាំចេញស្រូវផ្លូវការឆ្នាំ២០២០ មានចំនួនតែ២ម៉ឺន៦ពាន់១០០តោន ប៉ុណ្ណោះ និងការនាំចេញស្រូវ ក្រៅផ្លូវការមានចំនួន១លាន២សែន១ម៉ឺន៥ពាន់៤២៩តោន ដែលកើនឡើង៣៦ ម៉ឺន៦ពាន់៤៧តោន បើធៀបនឹងរយៈពេលដូចគ្នាក្នុង ឆ្នាំ២០២០។
ចំណែកការនាំចេញអង្ករវិញ រយៈពេល៣ ខែឆ្នាំ២០២១ បរិមាណនាំចេញមានចំនួន១៥ម៉ឺន៣ពាន់៦៨៨តោន ដែលមានការថយចុះចំនួន៧ម៉ឺន៧ពាន់ ២៦០តោន តិចជាងបរិមាណនាំចេញក្នុងរយៈពេល៣ខែឆ្នាំ២០២០ ដែលមានចំនួន ២៣ម៉ឺន៩៤៨តោន។