រាជរដ្ឋាភិបាល ពិចារណាការទទួលបរទេស ចាក់វ៉ាក់សាំងធ្វើទស្សនកិច្ចតំបន់ប្រាសាទអង្គរ (Video Inside)
រាជរដ្ឋាភិបាល កំពុងពិចារណាការទទួលយកទេសចរណ៍បរទេស ដែលបានចាក់វ៉ាក់សាំងរួចហើយ ក្នុងគោលដៅទេសចរណ៍សៀមរាបអង្គរ នាអំឡុងត្រីមាសទី៤ ឆ្នាំ២០២១។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី៧មេសាថា លោកបានស្នើទៅប្រមុខរាជរដ្ឋាភិបាល ក្នុងការពិចារណាបើក ទទួលភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩រួចហើយនោះ ដោយអាចមកទស្សនា គោលដៅទេសចរណ៍សៀមរាប-អង្គរ នៅត្រីមាសទី៤ នៃឆ្នាំ២០២១។
លោករដ្ឋមន្ត្រី ថោង ខុន បានថ្លែងថា ជាមួយនឹងការជម្រុញនោះ កម្ពុជានឹងជម្រុញការចាក់យ៉ាងលឿនជូនដល់អ្នកបម្រើការក្នុងឧស្សាហកម្មទេសចរណ៍ និង ផ្នែកឯកជនក្នុងវិស័យផ្សេងៗទៀតផងដែរ។ សំណើរបស់ក្រសួងទេសចរណ៍កម្ពុជា បានធ្វើឡើងទន្ទឹមនឹងសេច ក្តីរាយការណ៍ខ្លះពីក្រៅប្រទេសដែលបង្ហាញនូវគម្រោងត្រៀមរៀបចំទទួលយកទេសចរណ៍ ដែលបានចាក់វ៉ាក់ សាំងរួច ក្នុងនោះរួមមានទាំងប្រទេសថៃផងដែរ។
ក្នុងប្រទេសថៃនោះ គឺនៅកោះភូកេត សេចក្តីរាយការណ៍បាន បញ្ជាក់ថា កោះដែលជាទីរមណីយដ្ឋានជាប់មាត់សមុទ្ទនោះ នឹងចាប់ទទួលទេសចរណ៍បរទេសចាប់ពីថ្ងៃទី១ កក្កដាសាឡើងវិញ ចំពោះទេសចរណ៍ណាដែលបានចាក់វ៉ាក់សាំងរួច។ តាមគម្រោងនោះ ទេសចរណ៍បរទេស ដែលចាក់វ៉ាក់សាំងរួចហើយនោះ នឹងមិនតម្រូវការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនោះឡើយ។