រដ្ឋបាលរាជធានីភ្នំពេញ ស្វែងរកអ្នកឆ្លងកូវីដ១៩ ចំនួន៦នាក់ (Video Inside)
រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសរកអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៦នាក់ទៀតដែលមិនទាន់បង្ហាញខ្លួន និងបានព្រមាននូវចំណាត់ការតាមផ្លូវតុលាការ បើសិនជាមិនបង្ហាញវត្តមានទាន់ពេលវេលានោះទេ។ យោងតាម រដ្ឋបាលរាជធានី មនុស្សទាំង៦ដែលគេកំពុងស្វែងរក គឺរួមមាន៣នាក់នៅក្នុងខណ្ឌមានជ័យ, ២នាក់នៅក្នុងខណ្ឌ ៧មករា និងម្នាក់ទៀតនៅក្នុងខណ្ឌចំការមន។ មនុស្សទាំង១០ដែលគេបានបញ្ចេញអត្តសញ្ញាណ រួមមានឈ្មោះ សាំង សុភាព ភេទប្រុស អាយុ ២៧ឆ្នាំ, ឈ្មោះ ខែ ស្រីខន ភេទស្រី អាយុ ៣១ឆ្នាំ, ឈ្មោះ យិន សារិត ភេទប្រុស អាយុ ៣៣ឆ្នាំ, ឈ្មោះ ជឿត សុជា ភេទប្រុស អាយុ ២៨ឆ្នាំ, ឈ្មោះ ជុន ចាន់ដារ៉ា ភេទប្រុស អាយុ ១៦ឆ្នាំ និងឈ្មោះ ជន់ សុខាវតី ភេទស្រី អាយុ ១៧ឆ្នាំ។
រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់សាមីខ្លួន, សាច់ញាតិ ឬអ្នកដែលស្គាល់អ្នកឆ្លងជម្ងឺ ទាំង៦នាក់នេះ ត្រូវឲ្យពួកគេប្រញាប់បង្ហាញខ្លួនក្នុងរយៈពេល៣ថ្ងៃជាកំហិត គិតចាប់ពីថ្ងៃទី១៥ ខែមេសា។ រដ្ឋបាលរាជធានីភ្នំពេញ បានព្រមានថា ក្នុងករណីសាមីអ្នកជំងឺទាំង៦នាក់នេះ មិនបានមកបង្ហាញខ្លួនតាមការ កំណត់នោះទេ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់វិធានការតាមផ្លូវច្បាប់ដោយកសាងសំណុំរឿងបញ្ជូន ទៅស្ថាប័នអយ្យការ។ យោងតាមច្បាប់អំពើគេចវេះពីការតម្រូវឱ្យទទួលការព្យាបាល នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៥លានរៀល ទៅ ២០រៀល។ យោងតាមច្បាប់ដដែល ការផ្តន្ទាទោសដាក់គុក នឹង អាចកើនពី ៥ឆ្នាំ ទៅ ១០ឆ្នាំ កាលបើអំពើគេចវេះនោះ បង្កការចម្លងជំងឺរាតត្បាតដល់អ្នកដទៃ។