ការចាក់វ៉ាក់សាំងលើតំបន់ក្រហម កើនដល់ជាង៩២ម៉ឺននាក់ (Video inside)
ការចាក់វ៉ាក់សាំងលើពលរដ្ឋក្នុងតំបន់ប្រឈមហានិភ័យខ្ពស់ក្នុងរាជធានី បានកើនដល់ជាង៩២ម៉ឺននាក់ ក្នុង រង្វង់អ្នកដែលបានចាក់សារុបជាង២លាននាក់រួចមកហើយនេះក្នុងរាជធានីភ្នំពេញ។ រាជធានីភ្នំពេញ បានបែង ចែកតំបន់ដែលមានការឆ្លងខ្លាំង, ការឆ្លងតិច និងតំបន់ដែលមានសុវត្ថិភាព, ចំណែកការចាក់វ៉ាក់សាំងត្រូវបានធ្វើ ក្នុងយុទ្ធសាស្ត្រផ្ការីក ដោយចាប់ផ្តើមចេញពីតំបន់ដែលប្រឈមនឹងហានិភ័យខ្ពស់នោះមក។
យោងតាមក្រសួងការពារជាតិ ក្នុងរយៈពេលពេញមួយខែឧសភាកន្លងមកនេះ ការចាក់ជូនប្រជាពលរដ្ឋ នៅ ក្នុងតំបន់ក្រហម ជាពិសេសក្នុងខណ្ឌចំនួន៦ គឺខណ្ឌដង្កោ, ខណ្ឌមានជ័យ, ខណ្ឌកំបូល, ខណ្ឌពោធិ៍សែនជ័យ, ខណ្ឌឫស្សីកែវនិងខណ្ឌទួលគោក បានចំនួន៩២ម៉ឺន៧ពាន់៣៣៩នាក់ ខណៈការចាក់លើកទី២ បានចំនួន ៦៧ម៉ឺន១ពាន់៦៨៦ នាក់។ នៅទន្ទឹមនឹងការចាក់ក្នុងតំបន់ក្រហម, ការចាក់វ៉ាក់សាំងលើពលរដ្ឋក្នុងតំបន់លឿង និងលឿងទុំ ត្រូវគេឃើញបានធ្វើផងដែរនាពេលនេះក្នុង ខណ្ឌបឹងកេងកង, ខណ្ឌសែនសុខ, ខណ្ឌចំការមន, ខណ្ឌច្បារអំពៅ និងខណ្ឌ៧មករា។ ក្នុងរាជធានីភ្នំពេញនេះ ខណ្ឌដែលនៅសេសសល់នឹងត្រៀមបំរុងចាក់ក្នុង ពេលខាងមុខ គឺមាន៣ខណ្ឌទៀតដែលរដ្ឋបាលរាជធានីគ្រោងនឹងសម្រុកចាក់ឲ្យបានរួចរាល់នៅក្នុងខែមិថុនា កំពុងឈានចូលមកដល់នេះ។ កម្ពុជាត្រៀមនឹងទទួលវ៉ាក់សាំងប្រមាណ៤លាន៥សែនដូសបន្ថែមទៀតក្នុងខែ មិថុនា ខណៈដែលវ៉ាក់សាំងបាននិងកំពុងប្រើប្រាស់ក្នុងដៃ មានចំនួន៦លាន ២ម៉ឺន៤ពាន់ដូសទៅហើយនេះ។
កម្ពុជាបើគិតសរុបនៅទូទាំងប្រទេស, ចាប់តាំងពីមានយុទ្ធនាការចាក់វ៉ាក់សាំងលើពលរដ្ឋតាំង ពីខែកុម្ភៈនោះ មក ចំនួនប្រជាពលរដ្ឋដែលបានចាក់ មានសរុប២លាន៦សែន២ម៉ឺន៥ពាន់៣៣៨នាក់ ដែលស្មើនឹង២៦,២៥% នៃចំនួនប្រជាជន ដែលគ្រោងចាក់ជាង១០លាននាក់ ក្នុងនោះអ្នកទទួលបានចាក់វ៉ាក់សាំងដូសទី២រួចរាល់មាន ចំនួន១លាន ៩សែន៨ម៉ឺន៨ពាន់២២៤នាក់។