ក្រសួងមហាផ្ទៃព្រមានការធ្វើសកម្មភាព បំពានច្បាប់ នៃនយោបាយគណបក្សកែទម្រង់កម្ពុជា (Video Inside)
ក្រសួងមហាផ្ទៃ បានព្រមាននៅថ្ងៃនេះជុំវិញការធ្វើសកម្មភាពនយោបាយបំពានច្បាប់របស់គណបក្សកែទម្រង់កម្ពុជា។ គណបក្សកែទម្រង់កម្ពុជា ដែលគេរាយការណ៍មុននេះថាជារបស់អតីតអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងលោក អ៊ូ ច័ន្ទរ័ត្ន បានដាក់ពាក្យស្នើសុំ បង្កើតគណបក្សនយោបាយកាលពីខែមីនាឆ្នាំ២០២១ ប៉ុន្តែការរៀបចំឯកសារបែបបទដើម្បីឲ្យគណបក្សនោះ អាចបានទទួលការចុះឈ្មោះស្របច្បាប់តាមបែបបទនៃច្បាប់របស់កម្ពុជានោះ នៅមិនទាន់បានធ្វើត្រឹមត្រូវនៅឡើយទេ។
យោងតាមក្រសួងមហាផ្ទៃ ក្នុងពេលដែលគណបក្ស កែទម្រង់កម្ពុជានោះនៅទាន់មានភាពស្របច្បាប់របស់ខ្លួនផងនោះ គណបក្សនយោបាយនោះបែរជា ធ្វើសកម្មភាពនយោបាយនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន។ ក្រសួងមហាផ្ទៃក្នុងលិខិតមួយថ្ងៃនេះ បានសរសេរប្រាប់មកឈ្មោះស្ថាបនិកគណបក្សម្នាក់ឈ្មោះ ទិន សៃ សូមឲ្យបញ្ឈប់នូវរាល់សកម្មភាពនយោបាយទាំងនោះ។
ក្រសួងមហាផ្ទៃបញ្ជាក់ថាសកម្មភាពនយោបាយរបស់គណបក្សកែទម្រង់កម្ពុជា ដែលមិនទាន់ស្របច្បាប់ បានបំពាននឹងបញ្ញត្តិមាត្រា៩និងបញ្ញត្តិនៃមាត្រា១៩ថ្មីនៃច្បាប់ស្តីពីគណបក្ស នយោបាយ។ ក្រសួងមហាផ្ទៃ បានព្រមានការបញ្ឈប់នូវសកម្មភាពនយោបាយ រហូតដល់គណបក្សកំណែទម្រង់កម្ពុជានោះ បំពេញបែបបទត្រឹមត្រូវ និង ទទួលបានការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ជាមុន សិន។